គ្រោះរាំងស្ងួតរយៈពេលមួយទសវត្សរ៍ក្នុងប្រទេសសូម៉ាលី បន្តប៉ះពាល់ដល់លទ្ធភាពរបស់ប្រជាជនក្នុងការដោះស្រាយគ្រោះមហន្តរាយដែលហាក់ដូចជាមិនចេះចប់នេះ។ ស្ថានភាពអាក្រក់បំផុត មិនទាន់កើតឡើងនៅឡើយទេ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ស្ថានភាពមុនគ្រោះរាំងស្ងួតត្រូវបានគេមើលឃើញនៅផ្នែកជាច្រើននៃរដ្ឋ Somaliland រដ្ឋ Puntland រដ្ឋ Hirshabelle រដ្ឋ Galmudug និងរដ្ឋ Jubaland។
លោក Jens Laerke អ្នកនាំពាក្យនៃការិយាល័យ OCHA បាននិយាយថា ប្រជាជននៅក្នុងតំបន់ទាំងនេះដែលមិនទាន់រួចផុតពីការមានទឹកភ្លៀងតិចតួចកាលពីឆ្នាំមុនផង កំពុងប្រឈមនឹងស្ថានភាពគួរឱ្យព្រួយបារម្ភស្រដៀងគ្នានេះម្តងទៀតនៅឆ្នាំនេះ។
លោក Jens Laerke បាននិយាយក្នុងន័យដើមថា៖
«មនុស្សរាប់ម៉ឺននាក់នៅសូម៉ាលី ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីខែវិច្ឆិកា ដោយសារតែកង្វះខាតទឹកធ្ងន់ធ្ងរ ហើយការព្យាករណ៍នៅពេលនេះបង្ហាញថា រដូវវស្សានាពេលបច្ចុប្បន្នដែលមានរយៈពេលចាប់ពីខែមីនា ដល់ខែមិថុនា នឹងផ្តល់ទឹកភ្លៀងក្រោមកម្រិតមធ្យមតែប៉ុណ្ណោះ»។
ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះបានរាយការណ៍ថា ការមិនមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងរដូវវស្សាជាប់គ្នាពីរឆ្នាំ នឹងធ្វើឱ្យមានដំណាំមិនគ្រប់គ្រាន់ ការចិញ្ចឹមសត្វធ្លាក់ចុះ និងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ។ លោក Laerke បាននិយាយថា វិបត្តិអត់ឃ្លាននៅក្នុងប្រទេសសូម៉ាលី នឹងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតនៅចន្លោះខែមេសា និងខែមិថុនា។ លោកបាននិយាយថា ក្នុងចំណោមប្រជាជនសូម៉ាលីប្រមាណ២,៧លាននាក់ដែលរងផលប៉ះពាល់ មានក្មេងៗអាយុក្រោម៥ឆ្នាំចំនួន៨៤០.០០០នាក់។
លោក Jens Laerke បាននិយាយក្នុងន័យដើមថា៖
«នេះជាចំនួនកើនឡើងជាង៦៥% បើប្រៀបធៀបទៅនឹងកម្រិតនាពេលបច្ចុប្បន្ន។ កង្វះខាតទឹកក៏នឹងធ្វើឱ្យហានិភ័យនៃការផ្ទុះជំងឺកើនឡើង។ ការបាត់បង់វាលស្មៅដែលមានជាតិទឹកសន្សើមកំពុងគំរាមកំហែងដល់ជីវិតសត្វចិញ្ចឹម ដែលជាមូលដ្ឋាននៃជីវភាពរបស់ប្រជាជនសូម៉ាលីជាច្រើន។ មនុស្សដែលរត់ភៀសខ្លួនបានប្រាប់ការិយាល័យ OCHA ថា ពួកគេកំពុងផ្លាស់ទីដើម្បីស្វែងរកទឹក និងវាលស្មៅឱ្យសត្វរបស់ពួកគេ»។
អង្គការសហប្រជាជាតិបានអំពាវនាវស្វែងរកទឹកប្រាក់ចំនួន១ពាន់លានដុល្លារដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតនៅឆ្នាំនេះ ទៅឱ្យប្រជាជន៤លាននាក់នៅក្នុងប្រទេសសូម៉ាលីដែលរងផលប៉ះពាល់ដោយជម្លោះ បញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ១៩។ លោក Laerke បាននិយាយថា គេទទួលបានទឹកប្រាក់ចំនួនតែ២,៥%ប៉ុណ្ណោះ ដែលចំនួននេះ ទាបជាងចំនួនដែលត្រូវការដើម្បីប្រទេសសូម៉ាលីដោះស្រាយភាពអាសន្ននេះ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា