សន្ទុះនៃការសុំប្រាក់គ្មានការងារធ្វើ មានការថយចុះបន្តិចនៅក្នុងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ក៏ប៉ុន្តែ មនុស្សប្រហែល៣.២លាននាក់ទៀត បានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើនៅពេលដែលការរាតត្បាតនៃមេរោគកូរ៉ូណា បន្តបំផ្លិចបំផ្លាញសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលធំជាងគេបង្អស់នៅក្នុងពិភពលោក។
ក្រសួងការងារសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា អ្នកធ្វើការងារទាំងអស់ចំនួន៣៣.៥លាននាក់ឥឡូវនេះបានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើចាប់តាំងពីការរាតត្បាតនៃមេរោគបានធ្វើឲ្យបិទផ្នែកនានានៃពាណិជ្ជកម្មរបស់អាមេរិកដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមិនាមក រួមទាំងរោងចក្រហាងលក់ដូរទំនិញភោជនីយដ្ឋានការិយាល័យនិងកន្លែងលេងកីឡា។
អ្នកធ្វើការងារសហរដ្ឋអាមេរិកម្នាក់ក្នុងចំណោម៥នាក់គ្មានការងារធ្វើ។
ពួកអ្នកធ្វើការងារដែលបានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើជាធម្មតាត្រូវបានទទួលប្រាក់ជាងពាក់កណ្តាលនៃប្រាក់ខែរបស់ខ្លួន។ ក៏ប៉ុន្តែ អ្នកទទួលបានប្រាក់ទាំងនោះ ឥឡូវនេះ ត្រូវបានប្រាក់បន្ថែមចំនួន៦០០ដុល្លារមួយសប្តាហ៍ក្នុងអំឡុងនៃការរាតត្បាតមេរោគកូរ៉ូណាមកពីរដ្ឋាភិបាលសហព័ន្ធសម្រាប់រយៈពេល៤ខែ។
ការដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើឡើងខ្លាំងបំផុតនៅចុងខែមិនា ដោយមានអ្នកធ្វើការជាង៦.៩លាននាក់ បានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើ។
សន្ទុះនៃការដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើ បានធ្លាក់ចុះជារៀងរាល់សប្តាហ៍ចាប់តាំងពីពេលនោះមក ក៏ប៉ុន្តែ នៅមានការសុំប្រាក់គ្មានការងារធ្វើរាប់លានទៀតដែលមិនធ្លាប់មានអស់ច្រើនទសវត្សរ៍មកហើយនៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចាប់តាំងពីការវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងទសវត្សរ៍១៩៣០មក។ ចំនួនការដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើ រហូតមកទល់ពេលនេះ មានចំនួនច្រើនជាងការមិនរីកចម្រើនសេដ្ឋកិច្ចនៅឆ្នាំ២០០៨ទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរាយការណ៍ពីអត្រាគ្មានការងារធ្វើកាលពីខែមេសា ដោយសេតវិមាន បានទស្សន៍ទាយថា ការគ្មានការងារធ្វើអាចឡើងទៅដល់២០ភាគរយ ដែលគេមិនធ្លាប់ឃើញក្នុងរយៈពេល៧២ឆ្នាំនេះ៕