ពួកមន្ត្រីវៀតណាមបាននិយាយថាឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបំពេញបេសកកម្មហ្វឹកហ្វឺនលោតឆត្របានធ្លាក់នៅជិតទីក្រុងហាណូយដែលបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៦នាក់បានស្លាប់។
មានមនុស្ស៥នាក់ទៀតដែលជិះក្នុងនោះក៏បានត្រូវរបួសដែរក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនេះកាលពីព្រឹកថ្ងៃចន្ទនេះ។ បើតាមសេចក្ដីរាយការណ៍ ជនរងគ្រោះទាំងអស់ជាយោធា។
ពួកមន្ត្រីនិយាយថាឧទ្ធម្ភាគចក្រធុន MI-171 ផលិតក្នុងប្រទេសរុស្សីបានធ្លាក់តែប្រមាណ១៥នាទីក្រោយពីបានហោះទ្បើង ហើយបានឆេះសន្ធោសន្ធៅនៅខាងលិចក្រុងហាណូយ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតអំពីបុព្វហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះហើយ។
លោកឧត្ដមសេនីយ៍ឯក Vo Van Tuan បាននិយាយថាបញ្ហាបច្ចេកទេសទំនងជានាំឱ្យមានគ្រោះថ្នាក់នេះហើយបញ្ជាក់ថាគ្មានសកម្មភាពវិច្ឆេទកម្មនោះទេ។