កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូកន្លងទៅ រដ្ឋាភិបាលថ្មីនៃប្រទេសអាហ្សង់ទីនបានទូទាត់បំណុលដែលដល់កាលកំណត់ទៅឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយប្រើប្រាស់ប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន និងតំបន់កោះការ៉ាអ៊ីប Caribbean (CAF)។ ក្នុងការធ្វើដូច្នេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្សង់ទីនថ្មី លោក Javier Milei (ហាវីយែរ មីឡេ) បានបញ្ចៀសការដោះដូររូបិយប័ណ្ណ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានត្រៀមរៀបចំ ដោយមានភ្ជាប់ជាមួយលក្ខខណ្ឌ។
ចាប់តាំងពីលោក Milei បានជាប់ឆ្នោតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងចូលកាន់តំណែងកាលពីថ្ងៃទី១០ ខែធ្នូកន្លងមក ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៊ុយណូស៊ែ និងរដ្ឋាភិបាលក្រុងប៉េកាំងហាក់មមាញឹកខ្លាំង ដែលភាគច្រើនមិនត្រូវបានគេចាប់អារម្មណ៍។
ក្នុងចំណោមឥស្សរជនដែលចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក Milei មានបេសកជនពិសេសរបស់មេដឹកនាំកុម្មុយនីស្តចិន លោក Xi Jinping។ លោក Milei បានទទួលបេសកជនរបស់លោក Xi គឺលោក Wu Weihua អមដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្សង់ទីន គឺលោក Wang Wei កាលពីថ្ងៃទី១១ ខែធ្នូ។
កិច្ចប្រជុំមានភាពរួសរាយរាក់ទាក់គ្រប់រូបភាពទាំងអស់ និងបានជំរុញឱ្យលោក Milei ផ្ញើលិខិតទៅលោក Xi នៅថ្ងៃបន្ទាប់។
ខណៈពេលដែលខ្លឹមសារលិខិតរបស់លោក Milei មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានបង្ហាញថា លិខិតនោះរួមមានខ្លឹមសារអំពីការដោះដូររូបិយប័ណ្ណរវាងប្រទេសទាំង ២ ដែលដាក់ឱ្យអនុវត្តដោយមេដឹកនាំមុនលោក Milei។
ការដោះដូររូបិយប័ណ្ណ RMB របស់ចិន ឬរូបិយប័ណ្ណយ៉ន់ និងប្រាក់ប៉េសូអាហ្សង់ទីនជាការរៀបចំមួយដែលប្រទេសទាំង ២ បង្កើតចំនួនរូបិយប័ណ្ណជាក់លាក់ណាមួយសម្រាប់ភាគីម្ខាងទៀត ហើយបង្កើតបានជា «ប្រភេទឥណទានមិនស្វ័យប្រវត្តិ» មួយផ្តល់ឱ្យដោយអាជ្ញាធរចិនទៅកាន់រដ្ឋាភិបាលអាហ្សង់ទីន។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន។
មុនកិច្ចប្រជុំរបស់លោក Milei ជាមួយលោក Wu Weihua អ្នកតំណាងរបស់ចិនបានប្រាប់ក្រុមការងាររបស់លោក Milei ថា ដើម្បីអនុវត្តប្រភេទឥណទាននោះបាន រួមទាំងការទូទាត់បំណុលទៅឱ្យ IMF នៅថ្ងៃទី២១ ខែធ្នូ លោក Xi ត្រូវការដឹងពីគោលជំហររបស់លោក Milei។
បើយោងតាមសារព័ត៌មាន Infobae ដែលជាសារព័ត៌មានដ៏មានឥទ្ធិពលនៅអាហ្សង់ទីនដែលបានតាមដានយ៉ាងដិតដល់លើការវិវត្តនៃទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៊ុយណូស៊ែ និងរដ្ឋាភិបាលក្រុងប៉េកាំង អ្នកដែលត្រូវបានលោក Milei តែងតាំង ឱ្យធ្វើជាប្រធានធនាគារកណ្តាលរបស់ប្រទេសបានបើកកិច្ចប្រជុំបិទទ្វារជាមួយឯកអគ្គរដ្ឋទូតចិនលោក Wang Wei និងបានពិភាក្សាអំពីការដោះដូររូបិយប័ណ្ណ ពោលគឺប្រភេទឥណទានដែលធ្លាប់មាន ប៉ុន្តែត្រូវការការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំងជាមុនសិន មុនពេលរដ្ឋាភិបាលរបស់លោក Milei អាចយកទៅប្រើប្រាស់បាន។
អ្នកការទូតចិនបានស្តាប់មន្ត្រីអាហ្សង់ទីនមុននឹងផ្តល់ចម្លើយសាមញ្ញមួយថា អាហ្សង់ទីនត្រូវតែបញ្ជាក់ពីអ្វីដែលខ្លួននឹងធ្វើជាមួយធនាគារកណ្តាលរបស់ខ្លួន ពីព្រោះប្រាក់យ៉ន់នឹងត្រូវផ្ទេរទៅទីនោះ ហើយរដ្ឋាភិបាលក្រុងប៉េកាំងត្រូវយល់ពីអ្វីជារបៀបវារៈការទូតរបស់លោក Milei និងរដ្ឋមន្ត្រីការបរទេសរបស់លោកគឺអ្នកស្រី Diana Mondino។
នៅក្នុងយុទ្ធនាការបោះឆ្នោត ទាំងលោក Milei និងគណបក្សនយោបាយដែលលោកបានបង្កើត បាននិយាយយ៉ាងម៉ឺងម៉ាត់ថា ពួកគេមិនចាប់អារម្មណ៍ក្នុងការជំរុញរបៀបវារៈរបស់ប្រទេសកុម្មុយនីស្ត[ចិន]នោះទេ។ លោក Milei ក៏បានប្តេជ្ញាទទួលយកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណផ្លូវការរបស់ប្រទេស និងបិទធនាគារកណ្តាលរបស់ខ្លួន ដែលលោកបានកំណត់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិធីសាស្ត្រមិនម៉ឺងម៉ាត់ចំពោះគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដែលបណ្តាលឱ្យមានអតិផរណាមិនស្ថិតស្ថេរនៅក្នុងប្រទេស។
ក្រោយពេលមានការរាយការណ៍ពីលោក Santiago Bausili ប្រធានធនាគារកណ្តាលអាហ្សង់ទីន លោក Milei មិនបានរំពឹងថា អ្នកតំណាងរបស់លោក Xi នឹងនិយាយចំៗនិងម៉ឺងម៉ាត់ជាមួយនឹងលក្ខខណ្ឌរបស់ពួកគេ។
នៅត្រឹមពេលដែលលោក Milei ទទួលបេសកជនរបស់លោក Xi នៅវិមាន Casa Rosada ដែលជា វិមានប្រធានាធិបតីអាហ្សង់ទីន នៅថ្ងៃទី១១ ខែធ្នូ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក Milei គឺលោក Luis Caputo ក៏កំពុងមមាញឹកចរចាជាមួយធនាគារ CAF ផងដែរ។
នៅថ្ងៃទី១៤ ខែធ្នូ សារព័ត៌មាន Reuters និង Infobae បានរាយការណ៍ថា អ្នកតំណាងរបស់លោក Milei បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ CAF សម្រាប់ប្រាក់កម្ចីបណ្តោះអាសន្នចំនួន ៩៦០ លានដុល្លារដើម្បីជួយរដ្ឋាភិបាលអាហ្សង់ទីនថ្មីធ្វើការទូទាត់បំណុលរបស់ IMF នៅថ្ងៃទី២១ ខែធ្នូ។ នៅថ្ងៃទី១៥ ខែធ្នូ ធនាគារ CAF បានប្រកាសពីកិច្ចព្រមព្រៀងនេះជាសាធារណៈតាមរយៈការបង្ហោះនៅលើបណ្តាញ X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter។
ការិយាល័យរបស់ Milei បានប្រកាសកិច្ចព្រមព្រៀងជាមួយធនាគារ CAF ថា ជា «ជ័យជម្នះដ៏សំខាន់លើកដំបូង» របស់រដ្ឋាភិបាលថ្មី។
លោក Christopher Ecclestone ដែលជាអ្នកយុទ្ធសាស្ត្រ និងជាអ្នកសង្កេតការណ៍យូរមកហើយលើសេដ្ឋកិច្ចនយោបាយអាហ្សង់ទីន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានប្រាប់ VOA ថា៖ «មើលទៅទំនងជា ប្រទេសចិនបានដាក់លក្ខខណ្ឌជ្រុល»។
កាលពីថ្ងៃទី១៩ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កកការដោះដូររូបិយប័ណ្ណដែលខ្លួនបានផ្តល់ជូនដល់ប្រទេសអាហ្សង់ទីនក្នុងអំឡុងកិច្ចប្រជុំខែតុលានៅទីក្រុងប៉េកាំងរវាងលោក Xi និងលោក Alberto Fernandez អ្នកកាន់តំណែងមុនលោក Milei។ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានរាយការណ៍ថា មួយថ្ងៃមុននោះ រដ្ឋាភិបាលប៉េកាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងប៊ុយណូស៊ែឱ្យត្រឡប់ទៅរដ្ឋធានីរបស់ខ្លួនវិញ។ គេមិនច្បាស់ទេថា តើការវិលត្រឡប់របស់អ្នកការទូត លោក Wang Wei ទៅកាន់ប្រទេសចិនជាកាយវិការមិនពេញចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះរដ្ឋាភិបាលក្រុងប៊ុយណូស៊ែ ឬជាឱកាសសម្រាប់អាជ្ញាធរនៅទីក្រុងប៉េកាំងដើម្បីស្តាប់អ្នកតំណាងក្រៅប្រទេសរបស់ខ្លួនមុនពេលចាត់វិធានការបន្ទាប់។
ដូចដែលលោក Ecclestone បានមើលឃើញ «ប្រទេសចិនត្រូវការមិត្តទាំងអស់ដែលខ្លួនរាប់អានបាន និងសូម្បីតែអ្នកមិនមែនជាមិត្តក៏ដោយ» ដោយសារតែភាពមិនពេញនិយមរបស់ចិននាពេលបច្ចុប្បន្ននៅក្នុងនយោបាយអន្តរជាតិ។
លោក Ecclestone បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងឡុងដ៍ថា៖ «ប្រសិនបើលោក Milei មិនមានអរិភាពទេ លោកជាមិត្តម្នាក់នៅក្នុងបរិបទគម្រោងរបស់រដ្ឋាភិបាលក្រុងប៉េកាំង»។ លោកបានបន្ថែមថា អ្វីដែលល្អបំផុតដែលចិនអាចសង្ឃឹមបាន គឺប្រទេសដែលមិនមានអរិភាព។ តាមគំនិតរបស់អ្នកវិភាគ ការមានត្រឹមប្រទេសមិនអរិភាព ក៏ជាការសម្រេចបានមួយជំហានសម្រាប់ទាំងលោក Xi និងអ្នកការទូតរបស់លោក។
លោកបានបន្ថែមថា៖ «លោក Milei និយាយបែបអរិភាព [ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់លោក] ឥឡូវនេះលោកមិនមែនជាអរិភាពទេ។ អ៊ីចឹង [នោះ] ត្រូវតែជារឿងឈ្នះសម្រាប់លោក Xi»។
នៅក្នុងសញ្ញាមួយដែលថា រដ្ឋាភិបាលអាហ្សង់ទីនថ្មីប្តេជ្ញាបន្តទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ឯកអគ្គរដ្ឋទូតអាហ្សង់ទីនថ្មីប្រចាំនៅប្រទេសចិនត្រូវបានតែងតាំងក្នុងរយៈពេលថ្មីៗនេះ។ មុននោះ គេបានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានសម្តែងការបារម្ភចំពោះការដែលឯកអគ្គរដ្ឋទូតអាហ្សង់ទីនដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលមុន ត្រូវបានហៅត្រឡប់ទៅវិញ ដោយទុកឱ្យស្ថានទូតមានតំណាងការទូតកម្រិតទាបប៉ុណ្ណោះ៕