ប្រទេសអូទ្រីសបានស្វាគមន៍ជនចំណាកស្រុក៣.០០០នាក់នៅទីកន្លែងចំនួនពីរនៅព្រឹកថ្ងៃសៅរ៍នេះ។
ជនចំណាកស្រុកប្រហែល១.៥០០នាក់បានឆ្លងកាត់ពីប្រទេសហុងគ្រីដោយធ្វើដំណើរដោយជើងចូលក្នុងទីក្រុង Nickelsdorf ព្រំដែននៃប្រទេសអូទ្រីស ដែលនៅទីនោះពួកគេបានជួបជាមួយប៉ូលិស និងបុគ្គលិកកាកបាទក្រហមដែលបាននាំពួកគេឲ្យជិះរថយន្តក្រុងឆ្ពោះទៅកាន់ទីក្រុងវីយ៉ែន។
នៅទីក្រុងព្រំដែនមួយទៀតនៃប្រទេសអូទ្រីស ជនចំណាកស្រុកប្រហែល១.៦០០នាក់នៅលើរថយន្តក្រុងដែលចេញពីប្រទេសហុងគ្រី បានទៅដល់ទីក្រុង Heiligenkreuz ដែលនៅទីនោះពួកគេបានជិះរថយន្តទៅកាន់ទីក្រុងវីយ៉ែន និងទីក្រុង Graz ដែលជាទីក្រុងធំទី២។
លោកManfred Tschankមន្រ្តីប៉ូលិសអូទ្រីសនិយាយថា «យើងមើលឃើញរូបភាពនេះ តើស្ថានភាពនៅព្រំដែននៅប្រទេសផ្សេងទៀត ជនចំណាកស្រុកត្រូវបានគេធ្វើបាបយ៉ាងដូចម្តេច។
យើងជាប៉ូលិសអូទ្រីស ដែលមានការជួយពីកងទ័ពអូទ្រីស មានវិធីដោះស្រាយផ្សេងពីគេ។ យើងព្យាយាមធ្វើឲ្យជនចំណាកស្រុកមានភាពស្ងប់ស្ងាត់ យើងខិតខំស្ថាបនាបរិយាកាសប្រកបដោយភាពកក់ក្តៅ ហើយយើងបានទទួលជោគជ័យរហូតមកទល់ពេលនេះ។ ជនចំណាកស្រុកមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងប្រទេសអូទ្រីសជាងប្រទេសណាៗទាំងអស់ នេះជាការមានប្រកបដោយភាពប្រសើររបស់យើង ប៉ុន្តែក៏មានភាពប្រសើរដល់ជនចំណាកស្រុកទាំងនោះដែរ។
ប្រទេសក្រូអាតបានបញ្ជូនជនចំណាកស្រុកយ៉ាងហោចណាស់១.០០០នាក់ទៅកាន់ប្រទេសហុងគ្រីតាមរថភ្លើង និងរថយន្តក្រុងកាលពីថ្ងៃសុក្រ បន្ទាប់ពីនិយាយថា ក្រូអាតលែងចុះឈ្មោះ ឬទទួលយកអ្នកមកដល់ថ្មីទៀតហើយ៕