កម្មករ​ចំណាក​ស្រុក​ដែល​ជួយ​កសាង​ចិន​សម័យ​ទំនើប​នៅតែ​មិន​អាច​ចូល​និវត្តន៍

លោក​ Duan Shuangzhu អាយុ​៦៨ឆ្នាំ ជា​អ្នកប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុងប៉េកាំង។

អ្នកស្រី Guan Junling អាយុ ៥៣ ឆ្នាំ មិន​អាច​ទទួល​បាន​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​បាន​ទៀត​ទេ ដោយសារតែ​អ្នកស្រី​មាន​វ័យ​ចំណាស់។ ប៉ុន្តែ​សម្រាប់​កម្មករ​ចំណាកស្រុក​ដូច​អ្នកស្រី ពួកគេ​ចង់​បាន​ការងារ​ធ្វើ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ កម្មករ​ចំណាកស្រុក​ទាំងនេះ​បាន​ចាកចេញ​ពី​ភូមិ​កសិកម្ម​របស់​ពួកគេ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ទីក្រុង។ ពួកគេ​ធ្វើការ​យ៉ាង​ហត់នឿយ​ស្ទើរតែ​គ្មាន​ពេល​សម្រាក​នៅ​តាម​រោងចក្រ​ចង្អៀត​ណែនណាន់​តាន់តាប់ និង​នៅតាម​ការដ្ឋាន​សំណង់​នានា។ ពួកគេ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ប្រែក្លាយ​ប្រទេស​ចិន​ឱ្យ​ទៅជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន។

ប៉ុន្តែ​នៅពេលដែល​កម្មករ​ចំណាកស្រុក​ជំនាន់​ទីមួយ​នេះ​មាន​វ័យ​កាន់តែ​ចាស់ ពួកគេ​កំពុង​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ប្រទេស​មាន​ភាព​យឺតយ៉ាវ។ ពួកគេ​ភាគច្រើន​ជាប់ផុង​នៅ​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​ពួកគេ​ត្រូវតែ​បន្ត​ស្វែងរក​ការងារ​ធ្វើ​តទៅទៀត។

អ្នកស្រី Guan បាន​និយាយ​ថា៖ «គ្មាន​ពាក្យ​ថា «ចូល​និវត្តន៍» ឬ «ប្រាក់​សោធននិវត្តន៍» ទេ​សម្រាប់​មនុស្ស​នៅ​តាម​តំបន់​ដាច់​ស្រយាល។ យើង​ត្រូវតែ​ពឹងលើ​ខ្លួនឯង​និង​ការ​ធ្វើការ។ តើ​យើង​អាច​ឈប់​ធ្វើការ​ពេល​ណា​បាន? យើង​មិន​អាច​ឈប់​បានទេ​រហូត​ទាល់តែ​ដល់​ពេល​ដេក​លើ​គ្រែ​ដើរ​លែង​រួច»។

បច្ចុប្បន្ន​នេះ អ្នកស្រី​ពឹង​លើ​ការងារ​សម្អាត​ផ្ទះ​ដែល​មិន​ទៀងទាត់ ដែល​អ្នកស្រី​ត្រូវ​ចំណាយ​ពេល​យ៉ាងច្រើន​ដើម្បី​សន្សំ​បាន​ប្រាក់​បន្តិចបន្តួច​ទុក​សម្រាប់​គ្រាអាសន្ន​ផ្នែក​សុខភាព។ កម្មករ​ចំណាកស្រុក​អាច​ទទួល​បាន​បដិភាគ​សម្រាប់​ការ​ថែទាំ​សុខភាព​នៅ​ឯស្រុក​កំណើត​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​អាច​ទទួល​បាន​សេវា​សុខភាព​បែបនេះ​ឬ​ក៏​ទទួល​បាន​តិចតួច​តែ​ប៉ុណ្ណោះ​នៅ​កន្លែង​ផ្សេង​ទៀត។ ប្រសិនបើ​អ្នកស្រី Guan ត្រូវទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកាំង អ្នកស្រី​ត្រូវតែ​ចេញ​ប្រាក់​ពី​ហោប៉ៅ​ខ្លួនឯង។

ខណៈ​ដែល​ពលរដ្ឋ​ចិន​វ័យ​ចំណាស់​មាន​ចំនួន​កាន់តែ​ច្រើន កម្មករ​ចំណាកស្រុក​ក៏មាន​វ័យ​កាន់តែ​ចាស់​ដូចគ្នា​ដែរ។ ពលរដ្ឋ​ចិន​ប្រមាណ ៨៥ លាន​នាក់​មាន​អាយុ​លើស ៥០ ឆ្នាំ​នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​ស្មើ​នឹង​ចំនួន ២៩% នៃ​កម្មករ​ចំណាកស្រុក​ទាំងអស់ និង​កើន​ពី​ចំនួន ១៥% កាលពី ១០ ឆ្នាំ​មុន។ ដោយសារតែ​ពួកគេ​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​និង​ការ​ធានា​រ៉ាប់រង​សុខភាព​តិចតួច​ឬ​ក៏​មិន​ទទួល​បាន​តែម្ដង ពួកគេ​ត្រូវតែ​បន្ត​ធ្វើការ​មិន​ឈប់។

ពលរដ្ឋ​ប្រហែល ៧៥% ក្នុង​ចំណោម​នោះ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ​លើ​កម្មករ​ចំណាកស្រុក​ជំនាន់​ទីមួយ​ចំនួន ២.៥០០ នាក់​នៅ​រវាង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០២២ ថា ពួកគេ​នឹង​ធ្វើការ​រហូត​ដល់​អាយុ​ជាង ៦០ ឆ្នាំ។ នេះ​បើ​យោង​តាម​អ្នកស្រី Qiu Fengxian អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គមវិទ្យា​ជនបទ ដែល​បាន​រៀបរាប់​អំពី​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកស្រី​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​កាលពី​ឆ្នាំ​មុន។ កម្មករ​ជំនាន់​ទីមួយ​សំដៅ​លើ​អ្នក​ដែល​កើត​នៅ​ក្នុង​ទសវត្សរ៍ ១៩៧០ ឬ​មុន​នេះ។

កម្មករ​ដែល​មាន​វ័យ​ចំណាស់​មាន​បញ្ហា​លំបាក​ទ្វេ​ដង។ ការងារ​គឺ​កាន់តែ​តិចទៅ​នៅ​តាម​ការដ្ឋាន​សំណង់​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​អចលនទ្រព្យ និង​នៅតាម​រោងចក្រ​ដោយសារតែ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​និង​សេដ្ឋកិច្ច​យឺតយ៉ាវ។ ការ​រើសអើង​ដោយសារ​កត្តា​អាយុ​គឺ​មាន​ជា​ទូទៅ ដូច្នេះ​ការងារ​ភាគច្រើន​គឺ​តែងតែ​បាន​លើ​មនុស្ស​វ័យក្មេង។

លោក Zhang Chenggang ដែល​ដឹកនាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ទម្រង់​ការងារ​ថ្មី​នៃ​សាកលវិទ្យាល័យ Capital University of Economics and Business នៅ​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា៖ «សម្រាប់​មនុស្ស​វ័យក្មេង ពិតណាស់​ពួកគេ​នៅតែ​អាច​រក​ការងារ​ធ្វើ​បាន ទោះបីជា​ប្រាក់ខែ​មិន​ច្រើន​គ្រប់គ្រាន់​ក៏ដោយ»។

លោក Zhang ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​លើ​ទីផ្សារ​ការងារ​ចំនួន ៤ នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន បាន​និយាយ​ថា៖ «សម្រាប់​កម្មករ​ចំណាកស្រុក​ដែល​មាន​វ័យ​ចំណាស់ គេ​មិន​ឃើញ​មាន​ការងារ​សម្រាប់​ពួកគេ​នោះទេ។ ឥឡូវនេះ បញ្ហា​គឺ​ថា មិនថា​ការងារ​មាន​ប្រាក់ខែ​ទាប​ប៉ុណ្ណា​នោះឡើយ ប្រសិនបើ​មាន​ការងារ​នោះ ពួកគេ​ត្រូវតែ​ទទួល​យក»។

ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​មួយចំនួន​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​បញ្ជាក់​ថា កម្មករ​វ័យ​ចំណាស់​ធ្វើការ​មិន​បាន​ល្អ​ឬ​មាន​ជំងឺ​ប្រចាំកាយ។

កម្មករ​ជាច្រើន​បាន​ត្រឡប់​ទៅ​ធ្វើការ​បណ្ដោះអាសន្ន ដូចជា​ករណី​លោក Zhang Zixing ជាដើម។ លោក​បាន​ចាប់ផ្ដើម​ស្វែងរក​ការងារ​ក្រៅ​ផ្លូវការ​នៅ​អំឡុង​រដូវរងា​កាលពី​ចុង​ឆ្នាំ​មុន​នៅ​ជាយ​រដ្ឋធានី​ប៉េកាំង។

លោក​បាន​និយាយ​ថា លោក​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ការងារ​ផ្នែក​ដឹកជញ្ជូន​កញ្ចប់​ទំនិញ​កាលពី ៣ ឆ្នាំ​មុន នៅពេល​ដែល​លោក​ឈាន​ដល់​អាយុ ៥៥ ឆ្នាំ។ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន លោក​រក​ប្រាក់​បាន​ប្រហែល ៣៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដោយ​ការ​ដំឡើង​ខ្សែភ្លើង​នៅ​តាម​ការដ្ឋាន​សំណង់។

លោក Zhang Quanshou ដែល​ជា​មន្ត្រី​ថ្នាក់​ភូមិ​ម្នាក់​នៅ​ខេត្ត Henan និង​ជា​ប្រតិភូ​ម្នាក់​នៃ​សភា​ចិន បាន​និយាយ​ថា កម្មករ​វ័យ​ចំណាស់​មួយ​ចំនួន​តែង​ស្វែងរក​ការងារ​ធ្វើ​នៅ​ជិត​ស្រុក​កំណើត​របស់​ពួកគេ រីឯ​មួយ​ចំនួន​ទៀត​ធ្វើដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅតាម​ទីក្រុង​ធំៗ។

អ្នកស្រី Guan ដែល​ចាកចេញ​ពី​តំបន់​ធ្វើស្រែ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ធ្លាប់​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​រហូត​ដល់​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ពេល​អ្នកស្រី​មាន​អាយុ ៤០ ឆ្នាំ​ប្លាយ។ បន្ទាប់មក អ្នកស្រី​បាន​ធ្វើ​ការងារ​ផ្សេងៗ​នៅ​តាម​ទីក្រុង​នានា និង​ចុងក្រោយ​បំផុត​នៅ​ទីក្រុង​ប៉េកាំង​នៅ​ឆ្នាំ ២០១៨។

អ្នកស្រី​ធ្វើការ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​មួយ​ផ្នែក​គឺ​ដោយសារតែ​អ្នកស្រី​ព្រួយ​បារម្ភ​ថា កន្លែង​ការងារ​នឹង​មិន​ហៅ​អ្នកស្រី​ឱ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ ប្រសិនបើ​អ្នកស្រី​មិន​ទទួល​យក​ជម្រើស​ដែល​គេ​ផ្ដល់​ឱ្យ​នោះ។

កាលពី​រដូវ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ចិន​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដែល​នៅ​ពេល​នោះ​កម្មករ​ចំណាកស្រុក​តែងតែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ពួកគេ អ្នកស្រី Guan មិន​បាន​ទៅ​ដូច​គេ​ទេ​ដោយ​បន្ត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ធ្វើ​ជា​អ្នក​មើលថែ​ស្ត្រី​ចំណាស់​ម្នាក់ ដោយសារតែ​ស្ត្រី​ចំណាស់​នោះ​ត្រូវការ​ជំនួយ ហើយ​អ្នកស្រី Guan ខ្លួនឯង​ក៏ត្រូវការ​ប្រាក់​ផងដែរ។

អ្នកស្រី Guan បារម្ភ​ថា ការ​រក​ការងារ​ធ្វើ​នឹង​ពិបាក​កាន់តែ​ខ្លាំង​នៅ​ពេល​អ្នកស្រី​ឈាន​ចូល​ដល់​អាយុ ៥៥ ឆ្នាំ។ អាយុ​ចូល​និវត្តន៍​នៅ​ប្រទេស​ចិន​សម្រាប់​ស្ត្រី​គឺ ៥០ ឬ ៥៥ ឆ្នាំ អាស្រ័យ​ទៅលើ​ក្រុមហ៊ុន​និង ប្រភេទ​នៃ​ការងារ។ សម្រាប់​បុរស​វិញ អាយុ​ចូល​និវត្តន៍​គឺ ៦០ ឆ្នាំ។

លោក Lu Guoquan ដែល​ជា​មន្ត្រី​សហជីព​ការងារ បាន​ស្នើ​កុំឱ្យ​មាន​ភាព​តឹងរ៉ឹង​លើ​ការ​កំណត់​អាយុ​សម្រាប់​ការងារ និង​បាន​ជំរុញ​ឱ្យ​វាយតម្លៃ​លើ​កម្មករ​តាមរយៈ​ស្ថានភាព​កម្លាំងកាយ​របស់​ពួកគេ​ ជាជាង​ផ្ដោត​ទៅលើ​អាយុ។ លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ជួយ​សម្រួល​ឱ្យ​មនុស្ស​វ័យ​ចំណាស់​អាច​ងាយស្រួល​រក​ការងារ​ធ្វើ​តាមរយៈ​ទីផ្សារ​ការងារ​និង​វេទិកា​ការងារ​តាម​អនឡាញ​ផងដែរ។

លោក Lu ដែល​ជា​ប្រធាន​ការិយាល័យ​ទូទៅ​នៃ​សហព័ន្ធ​សហជីព​ការងារ All-China Federation of Trade Unions បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Duan Shuangzhu បាន​ចំណាយ​ពេល ២៥ ឆ្នាំ​ដើម្បី​ប្រមូល​សំរាម​នៅ​ក្នុង​តំបន់​រស់នៅ​មួយ​នៃ​រដ្ឋធានី​ប៉េកាំង បន្ទាប់ពី​លោក​បាន​លះបង់​ចោល​ជីវិត​ជាអ្នក​ចិញ្ចឹម​ចៀម​និង​គោ​នៅ​ក្នុង​ខេត្ត Shanxi នៅ​ភាគ​ខាងជើង​ប្រទេស​ចិន នៅ​ពេល​លោក​មាន​អាយុ ៤០ ឆ្នាំ​ប្លាយ។ លោក​តែង​ក្រោក​នៅ​ម៉ោង ៣ កន្លះ​ព្រឹក​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទៅ​ធ្វើការ​តាម​វេន​របស់​លោក។ លោក​ទទួល​បាន​ប្រាក់ខែ​ប្រមាណ ៤៦០ ដុល្លារ។

ប្រពន្ធ​របស់​លោក Duan នៅបន្ត​ធ្វើការ​នៅ​ឯ​កសិដ្ឋាន​ដើម្បី​មើលថែ​ចៅៗ។ លោក Duan មាន​លទ្ធភាព​អាច​សន្សំ​ប្រាក់​សម្រាប់​ខ្លួន​លោក​ផ្ទាល់ កូនៗ និង​ចៅ​របស់​លោក ប៉ុន្តែ​លោក​មិន​ដែល​បាន​ដាក់​ប្រាក់​ក្នុង​ប្រព័ន្ធ​ប្រាក់​សោធននិវត្តន៍​ទេ ដោយ​លោក​ផ្ញើ​ប្រាក់​ដែល​រក​បាន​បន្ដិចបន្ដួច​ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក។

ករណី​នេះ​គឺ​ដូចទៅ​នឹង​ការ​រកឃើញ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រី Qiu Fengxian ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​សៀវភៅ​មួយ​កាលពី​ឆ្នាំ​មុន។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រី​បាន​រកឃើញ​ថា កម្មករ​ចំណាកស្រុក​វ័យ​ចំណាស់​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​តាម​ទីក្រុង​នានា​ដើម្បី​ធ្វើឱ្យ​ជីវភាព​របស់​កូនៗ​និង​សាច់ញាតិ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង គឺ​មិនមែន​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​នោះទេ។

ពួកគេ​ភាគច្រើន​នៅសល់​ប្រាក់​សន្សំ​បន្តិចបន្ដួច​ឬ​គ្មាន​សល់​តែម្ដង ហើយ​មាន​កម្មករ​ចំណាកស្រុក​វ័យ​ចំណាស់​តិចតួចណាស់​ដែល​អាច​មាន​ជីវភាព​គ្រាន់បើ​ដោយសារ​ការងារ​ដែល​ពួកគេ​ធ្វើ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង