សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈនៅក្នុងការបង្ហាញផែនការអំពីការរៀបចំឡើងវិញនូវបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលនេះនឹងក្លាយជាការធ្វើវិសិដ្ឋកម្មដ៏ធំបំផុតលើសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ប្រទេសចិនបានជំទាស់រួចហើយទៅនឹងផែនការនេះ ដោយបានបញ្ជាក់ថា ខ្លួនមិនចង់ធ្វើជាគោលដៅនៃផែនការផ្នែកការពារដែលសហរដ្ឋអាមេរិកនិងជប៉ុនគ្រោងនឹងប្រកាសនៅឯកិច្ចប្រជុំនៅខែមេសានេះនោះទេ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់តាមអ៊ីមែលផ្ញើមកកាន់ VOA កាលពីថ្ងៃទី ២៦ ខែមីនាថា៖ «ចិនតែងតែជឿថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសនិងប្រទេសគួរតែនាំឱ្យមានសន្តិភាពនិងស្ថិរភាព ជាជាងដៅគោលដៅលើភាគីទីបីណាមួយ ឬក៏ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានតបតទៅវិញនៅក្នុងអ៊ីមែលផ្ញើមកកាន់ VOA ផ្នែកភាសាកូរ៉េកាលពីថ្ងៃទី ២៧ ខែមីនាថា៖ «សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុនគឺជាមូលដ្ឋាននៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងនៅទូទាំងពិភពលោកអស់រយៈពេលជាង ៧ ទសវត្សរ៍មកហើយ ហើយឥឡូវនេះគឺខ្លាំងជាងពេលណាៗទាំងអស់»។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និងលោក Akiba Takeo ដែលជាសមភាគីជប៉ុនរបស់លោក បានជួបពិភាក្សាគ្នានៅសេតវិមានកាលពីថ្ងៃទី ២៦ ខែមីនាអំពី «ជំហានបន្ទាប់នៅក្នុងការសម្រេចចុងក្រោយលើអ្វីៗដែលអាចផ្ដល់ជូនបាន» ដែលប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងប្រកាសនៅពេលដែលលោកទាំងពីរជួបពិភាក្សាគ្នានៅថ្ងៃទី ១០ ខែមេសាខាងមុខនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃទី ២៥ ខែមីនានៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshimasa Hayashi បាននិយាយថា ជប៉ុនកំពុងពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកអំពីការពង្រឹងបញ្ជាការដ្ឋាននិងការគ្រប់គ្រងយោធារបស់ប្រទេសទាំងពីរដើម្បីធ្វើឱ្យការត្រៀមលក្ខណៈកាន់តែប្រសើរឡើង។
ការពិភាក្សានេះបានធ្វើឡើងនៅពេលដែលមេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោកនាយឧត្តមនាវី John Aquilino បានប្រាប់គណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភាអាមេរិកកាលពីថ្ងៃទី ២០ ខែមីនាថា យោធាចិនកំពុងត្រៀមលក្ខណៈដើម្បីឈ្លានពានតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៧ ខាងមុខ។
លោក Ralph Cossa ដែលជាប្រធានកិត្តិយសនិងជាប្រធាន WSD-Handa ផ្នែកសិក្សាសន្តិភាពនៅអង្គការ Pacific Forum បានប្រាប់ VOA តាមអ៊ីមែលកាលពីថ្ងៃទី ២៧ ខែមីនាថា៖ «វាហួសពេលយូរហើយនៅក្នុងការធ្វើវិសិដ្ឋកម្មលើរចនាសម្ព័ន្ធបញ្ជាការដ្ឋាននៅក្នុងប្រទេសជប៉ុនដើម្បីឱ្យយោធាអាមេរិកនិងយោធាជប៉ុនអាចធ្វើប្រតិបត្តិការជាមួយគ្នាដោយរលូន» នៅក្នុងតំបន់បាន។
ផែនការនៅក្នុងរៀបចំឡើងវិញនូវបញ្ជាការដ្ឋាននេះមានបំណង «ពង្រឹងការធ្វើផែនការប្រតិបត្តិការនិងការធ្វើសមយុទ្ធ» រវាងប្រទេសទាំងពីរ និងត្រូវបានគេមើលឃើញថាជា «វិធានការមួយនៅក្នុងការទប់ទល់នឹងចិន»។ នេះបើយោងតាមកាសែត Financial Times ដែលបានរាយការណ៍ដំបូងអំពីផែនការនេះកាលពីថ្ងៃទី ២៤ ខែមីនា។
លោក James Schoff ប្រធានជាន់ខ្ពស់នៃគម្រោងផ្ដួចផ្ដើមសម្ព័ន្ធភាពបន្ទាប់រវាងសហរដ្ឋអាមេរិកនិងជប៉ុននៅអង្គការ Sasakawa Peace Foundation USA បាននិយាយថា៖ «នេះប្រហែលជាជំហានសំខាន់បំផុតតែមួយគត់ដែលសម្ព័ន្ធមិត្តអាចអនុវត្តបានដើម្បីពង្រឹងវិធីកម្លារារាំងទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់និងឆ្លើយតបទៅនឹងវិបត្តិធំៗណាមួយ»។
លោកបានបញ្ជាក់តាមអ៊ីមែលផ្ញើមកកាន់ VOA កាលពីថ្ងៃទី ២៧ ខែមីនាថា៖ «នេះគឺជាការពិតជាពិសេសនៅពេលនេះដែលជប៉ុនត្រៀមលក្ខណៈក្នុងការចូលរួមក្នុងបញ្ជាការដ្ឋានប្រតិបត្តិការរួមដំបូងបង្អស់របស់ខ្លួននិងចាប់ផ្ដើមសមត្ថភាពវាយប្រហារតបតទៅវិញរយៈចម្ងាយឆ្ងាយ»។
ជប៉ុនមានផែនការនៅក្នុងការបង្កើតបញ្ជាការដ្ឋានប្រតិបត្តិការរួមមួយនៅត្រឹមខែមីនាឆ្នាំ ២០២៥ ខាងមុខដើម្បីលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមកងកម្លាំងការពារខ្លួនជើងអាកាស ជើងគោក និងម៉ារីនរបស់ខ្លួន។
រចនាសម្ព័ន្ធបញ្ជាការដ្ឋានដែលសម្រិតសម្រាំងជាថ្មីនៅក្នុងបញ្ជាការដ្ឋានកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅជប៉ុននេះត្រូវគេរំពឹងថានឹងបំពេញបន្ថែមទៅនឹងការបង្កើតឡើងនូវបញ្ជាការដ្ឋានប្រតិបត្តិការរួមរបស់ជប៉ុន។
លោក Ryo Hinata-Yamaguchi អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃគម្រោងផ្ដួចផ្ដើមសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិករបស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងសន្តិសុខ Scowcroft នៅអង្គការ Atlantic Council បាននិយាយថា៖ «ទោះបីជាសេចក្ដីលម្អិតនៅមិនទាន់កំណត់ក៏ដោយ ក៏ផែនការគឺថាដើម្បីបង្កើនសិទ្ធអំណាចរបស់កងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅជប៉ុននៅក្នុងរង្វង់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោកបានបញ្ជាក់បន្ថែមតាមអ៊ីមែលផ្ញើមកកាន់ VOA កាលពីថ្ងៃទី ២៦ ខែមីនាថា បញ្ជាការដ្ឋានយោធារបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យប្រសើរឡើងវិញនេះ «ក៏នឹងមានសមត្ថភាពប្រសើរជាងមុនផ្នែកស្ថាប័នដើម្បីទាក់ទងនិងសម្របសម្រួលជាមួយនឹងកងកម្លាំងការពារខ្លួនជើងអាកាស ជើងគោក និងម៉ារីនរបស់ប្រទេសជប៉ុនផងដែរ»។
នៅពេលបច្ចុប្បន្ននេះ កងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅជប៉ុនមានសិទ្ធិអំណាចមានកម្រិតនៅក្នុងការធ្វើប្រតិបត្តិការរួមជាមួយនឹងជប៉ុន។ មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅជប៉ុនចាំបាច់ត្រូវសម្របសម្រួលប្រតិបត្តិការរបស់ខ្លួនជាមួយនឹងបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានទីតាំងនៅកោះ Hawaii។
កាលពីថ្ងៃទី ២៦ ខែមីនា លោក Biden បានតែងតាំងលោកឧត្តមសេនីយ៍ទោ Stephen F. Jost នៃកងទ័ពជើងអាកាសសហរដ្ឋអាមេរិកជាមេបញ្ជាការថ្មីនៃកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅជប៉ុន និងបានដំឡើងឋានន្តរសក្ដិរបស់លោកទៅជាឧត្តមសេនីយ៍ឯក។
លោក Schoff បាននិយាយថា «សង្វាក់ស្របគ្នាដែលមានស្រាប់នៃបញ្ជាការដ្ឋាននេះគឺនៅដដែល» នៅក្នុងយោធាសហរដ្ឋអាមេរិកនិងយោធាជប៉ុនជាជាង «សង្វាក់រួមគ្នាតែមួយនៃបញ្ជាការដ្ឋាននេះសម្រាប់កងកម្លាំងនៃប្រទេសទាំងពីរ»។
នេះគឺខុសពីបញ្ជាការដ្ឋានកងកម្លាំងរួមរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដែលដឹកនាំដោយនាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកមួយរូបក្នុងអំឡុងពេលសង្គ្រាម។
លោក James Przystup ដែលជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Hudson និងជាប្រធានផ្នែកប្រទេសជប៉ុនឯកទេសខាងការគ្រប់គ្រងសម្ព័ន្ធភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយថា ការធ្វើវិសិដ្ឋកម្មបញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកនៅជប៉ុននេះ «នឹងពង្រឹងកិច្ចសហប្រតិបត្តិការនិងវិធីកម្លារារាំងផ្នែកការពាររវាងសហរដ្ឋអាមេរិកនិងជប៉ុននៅក្នុងតំបន់អាស៊ីឦសានទាក់ទិននឹងកូរ៉េខាងជើងនិងចិន»។
លោកបានបន្ថែមនៅក្នុងអ៊ីមែលផ្ញើមកកាន់ VOA កាលពីថ្ងៃទី ២៧ ខែមីនាថា៖ «សម្រាប់ការអនុវត្តជាក់ស្ដែង បញ្ជាការដ្ឋានកងកម្លាំងរួមរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងអាចជាគំរូមួយ ប៉ុន្តែមិនចាំបាច់ជាគំរូដែលនឹងវិវត្តទៅមុខនៅទីបំផុតនោះទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ