អង្គការទេសន្តប្រវេសន៍អន្តរជាតិ ឬ IOM ប្រាប់ឲ្យដឹងថា ជនចំណាកស្រុកជាង៣ម៉ឺន២ពាន់នាក់ទូទាំងពិភពលោក បានស្លាប់ ឬបាត់ខ្លួនរវាងឆ្នាំ២០១៤ និង២០១៨ដោយភាគច្រើនបានស្លាប់ដែលកើតមានឡើងនៅពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេមកពីតំបន់អាហ្វ្រិកខាងជើងទៅកាន់តំបន់អឺរ៉ុប។
ទីភ្នាក់ងារទេសន្តប្រវេសន៍អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា តួលេខទូទាំងសាកលលោករបស់ខ្លួន អាចប៉ាន់ស្មានខុសពីលក្ខណៈពិតប្រាកដ និងទំហំនៃបញ្ហានេះនៅពេលដែលការស្លាប់របស់ជនចំណាកស្រុកជាច្រើន មិនដែលត្រូវបានគេរាយការណ៍ហើយសាកសពជាច្រើនមិនដែលត្រូវបានគេរកឃើញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ និយាយថា ស្ថិតិនេះពណ៌នាពីរូបភាពមិនល្អនៃភាពគ្រោះថ្នាក់ដែលកំពុងរង់ចាំជនភៀសខ្លួន និងជនចំណាកស្រុករាប់សែននាក់ដែលប្រថុយប្រថានអាយុជីវិតរបស់ខ្លួននៅក្នុងការស្វែងរកការការពារ ឬជីវភាពប្រសើរឡើង។
របាយការណ៍នោះ បង្ហាញថា មនុស្សជិត១ម៉ឺន៨ពាន់នាក់ បានស្លាប់ ឬបានបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេនៅចន្លោះឆ្នាំ២០១៤ និង២០១៨។ របាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា សាកសពជិត២ភាគ៣នៃជនរងគ្រោះទាំងអស់មិនត្រូវបានគេរកឃើញទេ។
លោក Joel Millman អ្នកនាំពាក្យអង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមមកពីប្រទេសមីយ៉ាន់ម៉ាមានចំនួនច្រើនគេដែលមានដល់២ពាន់២រយនាក់ដែលត្រូវបានគេកត់ត្រានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជិត២៨៨នាក់ជាជនចំណាកស្រុកអាហ្វហ្គានីស្ថាននៅក្នុងតំបន់អាស៊ីខាងត្បូងចាប់តាំងពីឆ្នាំ២០១៤មក៕