លោកស្រី Michelle Obama ថ្លែងថាការកត់សម្គាល់របស់បេក្ខជនប្រធានាធិបតីម្នាក់អំពីស្ត្រី និងរាងកាយរបស់ពួកគេ ជារឿងឃោរឃៅ គួរឲ្យភ័យខ្លាច និងនាំឲ្យមានការឈឺចាប់។
លោកស្រី Michelle Obama មិនបាននិយាយឈ្មោះលោក Donald Trump ដោយចំៗទេ នៅពេលដែលលោកស្រីថ្លែងសុន្ទរកថាមួយដែលពោរពេញទៅដោយមនោសញ្ចេតនា គាំទ្រលោកស្រី Hillary Clinton កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋ New Hampshire។ ប៉ុន្តែលោកស្រីពិតជាបាននិយាយអំពីការចោទប្រកាន់ថ្មីៗពីសំណាក់ស្រ្តី៤រូបដែលនិយាយថាលោក Trump បានស្ទាបខ្លួនប្រាណរបស់ពួកគេ ហើយបានថើបពួកគេដោយបង្ខំ។
«នេះមិនមែនជារឿងធម្មតាទេ។ នេះមិនមែនជារឿងនយោបាយធម្មតាទេ» នេះជាសម្តីដើមរបស់លោកស្រី Michelle Obama។ «នេះជារឿងគួរឲ្យអាម៉ាសដែលមិនអាចអត់ឱនឲ្យបានទេ។ ហើយមិនថាអ្នកឯងស្ថិតក្នុងគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ ឬ គណបក្សឯករាជ្យ ក៏ដោយ ក៏គ្មានស្ត្រីណាម្នាក់គួរត្រូវគេធ្វើបែបនេះដាក់ឡើយ។ គ្មាននរណាម្នាក់គួរទទួលបាននូវការរំលោភបែបនេះឡើយ។ រឿងនេះចាំបាច់ត្រូវតែបញ្ឈប់ភ្លាមៗ»។
លោកស្រី Michelle Obama បានថ្លែងថាលោកស្រីមិនត្រឹមតែបារម្ភអំពីការប្រើប្រាស់សម្តីអាសអាភាសរបស់បុគ្គលដែលមានអំណាច ដែលប៉ះពាល់ដល់កុមារា និងកុមារី តែប៉ុណ្ណោះទេ។ លោកស្រីថ្លែងថា ពិភពលោកទាំងមូលចាត់ទុកសរអាជាគំរូមួយសម្រាប់សិទ្ធិស្ត្រី និង ការអប់រំ។ លោក Trump ថ្លែងថា រឿងរបស់ស្ត្រីទាំងនោះ ជារឿងកុហកទាំងស្រុង។ លោកបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រលោកនៅរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ថា «រឿងទាំងនោះជារឿងប្រឌិតទាំងអស់ ហើយជារឿងកុហកយ៉ាងច្បាស់ក្រឡែត»។ លោកថ្លែងថា រឿងទាំងអស់នោះមិនដែលកើតឡើងទាល់តែសោះ ហើយថាលោកមានភស្តុតាងយ៉ាងច្រើនដើម្បីបង្ហាញ ហើយថាលោកនឹងបង្ហាញភស្តុតាងទាំងនោះនៅពេលឆាប់ៗខាងមុខនេះ៕