សេចក្តីសន្និដ្ឋានរបស់ក្រុមស៊ើបអង្កេតរួមមួយ បានបង្ហាញច្បាស់ថា៖ យន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលសម្រាប់បាញ់យន្តហោះអាកាសមួយដែលបានបាញ់ពីទឹកដីកាន់កាប់ដោយក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី។ ទីតាំងបាញ់ត្រូវបានគេធ្វើការសន្និដ្ឋានយ៉ាងជាក់ច្បាស់ គឺនៅខាងក្រៅភូមិរបស់ទីក្រុង Pervomaiskyi។
ក្រុមគ្រួសាររបស់ជនរងគ្រោះជាច្រើន បានរង់ចាំរយៈពេលជាងពីរឆ្នាំ ពីការស៊ើបអង្កេតដឹកនាំដោយជនជាតិហូឡង់ បានបញ្ចប់។
កូនស្រីរបស់លោក Hans De Borst ឈ្មោះ Elsemiek អាយុ១៧ឆ្នាំ គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ២៩៨នាក់ ដែលបានស្លាប់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ លោកបាននិយាយបន្ទាប់ពីការសន្និដ្ឋានត្រូវបានផ្សាយជាសាធារណៈថា «រហូតមកទល់ពេលនេះ មានការប៉ាន់ស្មានជាច្រើន ប៉ុន្តែ ខ្ញុំយល់ឃើញថាការសន្និដ្ឋានមួយនេះជាការធូរស្បើយដ៏ធំមួយ»។
ប្រទេសរុស្ស៊ីបានបដិសេធការពាក់ព័ន្ធ និងបានអះអាងថាជើងហោះហើរនេះត្រូវបានទម្លាក់ដោយយន្តហោះចម្បាំងអ៊ុយក្រែន ឬត្រូវបានបាញ់ទម្លាក់ពីដែនដីដែលកាន់កាប់ដោយអ៊ុយក្រែន។ ប៉ុន្តែ បើតាមអ្នកវិភាគវិទ្យាសាស្រ្តយោធាលោក Justin Bronk នៃវិទ្យាស្ថាន Royal United Services ក្នុងទីក្រុងឡុងដ៏និយាយ ភស្តុតាងប្រឆាំងនឹងការបដិសេធនេះ មានច្រើនលើសលប់។
លោកបាននិយាយថា «ក្រុមឧទ្ទាមបានបាញ់មីស៊ីលទៅលើយន្តហោះចម្បាំងរបស់អ៊ុយក្រែនជាទៀងទាត់ អស់ជាច្រើនខែមកហើយ។ ពួកគេគ្មានទំនាក់ទំនងផ្លូវការណាមួយជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនោះទេ។ ដូច្នេះ ជាគោល ពួកគេបានទទួលនាំចូលគ្រាប់មីស៊ីលដែលមានថាមពលខ្លាំងជាងអ្វីដែលពួកគេធ្លាប់ប្រើ ហើយបានបាញ់អ្វីក៏ដោយឲ្យតែពួកគេអាចមើលឃើញ។ ហើយជាអកុសល ពួកគេក៏បាញ់ចំយន្តហោះមួយ»។
ក្រុមអ្នកស៊ើបអង្កេតបានប្រើបច្ចេកទេសកោសល្យវិច្ច័យមួយ ដើម្បីតាមដានឧបករណ៏បាញ់ SA-11 BUK ដែលពួកគេនិយាយថាត្រូវបានប្រើសម្រាប់បាញ់យន្តហោះ MH17 រួមទាំងរូបភាពផ្កាយរណបរបស់ស្នាមផ្សែងខ្មៅនៅទីតាំងបាញ់មីស៊ីល និងបណ្ដុំខ្សែវីដេអូដែលភ្ជាប់នឹងទីតាំងភូមិសាស្រ្តជាច្រើន ពីការនាំយកឧបករណ៏បាញ់ទៅកាន់ប្រទេសរុស្ស៊ីវិញ។
លោក Justin Bronk បាននិយាយបន្តថា «ច្បាស់ណាស់ ឧបករណ៏បាញ់នោះត្រូវបានបន្លំយកទៅព្រំដែនរុស្ស៊ីវិញនៅល្ងាចថ្ងៃនោះ បន្ទាប់ពីមានការបាញ់មីស៊ីល ហើយកាមេរ៉ាចរាចរណ៍បានបង្ហាញរូបភាពជាច្រើនពីការដឹកជញ្ជូនវាត្រឡប់ទៅវិញ ដែលមានគ្រាប់មីស៊ីលបីបួនគ្រាប់បានបាត់។ ដូច្នេះនេះជាភស្តុតាងដ៏ខ្លាំងក្លាមួយ ដែលបង្ហាញថាវាត្រូវបានជញ្ជូនឆ្លងកាត់ព្រំដែន ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់ គឺទីក្រុងមូស្គូ»។
ការស៊ើបអង្កេតនេះបានរកឃើញអត្តសញ្ញាណមនុស្សជាង១០០នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនគ្រាប់មីស៊ីល និងការធ្លាក់យន្តហោះ ប៉ុន្តែ រដ្ឋអាជ្ញាមិនទាន់រកឃើញថាអ្នកណានឹងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះទេ។
លោក Bronk បាននិយាយថា «បញ្ហានោះគឺការកាត់ទោសព្រហ្មទណ្ឌណាមួយ នឹងត្រូវផ្អែកលើក្រុមដែលបានបាញ់មីស៊ីល និងបានបាត់ខ្លួនជាយូរមកហើយ ឬក៏ប្រហែលជាបាត់បង់ជីវិតទៅហើយ»។
មេធាវីសម្រាប់ជនរងគ្រោះអាល្លឺម៉ង់ នៅក្នុងការធ្លាក់យន្តហោះនេះ លោក Elmar Giemulla បាននិយាយថា ការកាត់ទោសណាមួយក៏ដោយ ត្រូវតែស៊ើបអង្កេតឡើងទៅដល់ខ្សែបទបញ្ជាពីថ្នាក់លើទៀត។
លោក Giemulla បាននិយាយថា «ប្រសិនបើមីស៊ីលមួយត្រូវបានដឹកបញ្ជូនពីរុស្ស៊ីមកអ៊ុយក្រែន ត្រឹមតែមួយថ្ងៃ នោះប្រាកដជាមានការសម្រេចចិត្តមួយ ហើយច្បាស់ណាស់ គឺថាទាហានម្នាក់ មិនអាចធ្វើការសម្រេចចិត្តនេះបានទេ»។
ជាមួយនឹងការដាក់បន្ទុកកំហុសទៅទីក្រុងមូស្គូ អ្នកវិភាគបាននិយាយថាទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៊ី អាចនឹងកាន់តែយ៉ាប់យឺនទៅទៀត៕
ប្រែសម្រួលដោយ ទុំ ម្លិះ