ម៉ិកស៊ិក​បញ្ជូន​មេ​ឈ្មួញ​គ្រឿងញៀន​ «El Chapo» ត្រលប់​ទៅ​ពន្ធនាគារ​វិញ

ជន​ល្មើស​ឈ្មោះ​ Joaquin “El Chapo” Guzman (ខាងលើ) ដែល​ជា​មេឈ្មួញ​គ្រឿង​ញៀន​​ដែល​បាន​រត់គេច​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ពន្ធនាគារ​វិញ។

ក្រុម​មន្ត្រីប្រទេស​ម៉ិកស៊ិក​បាន​បញ្ជូន​ជន​ល្មើសឈ្មោះ​ Joaquin “El Chapo” Guzman ដែល​ជា​មេឈ្មួញ​គ្រឿង​ញៀនដែល​បាន​រត់គេច​ខ្លួន ​ទៅ​កាន់ពន្ធនាគារ​វិញ​ បន្ទាប់​ពី​ជន​នោះ​ត្រូវ​បាន​ចាប់ខ្លួនកាល​ពី​ថ្ងៃ​សុក្រក្នុង​រយៈពេល​៧​ខែ​ក្រោយ​ពី​បាន​រត់គេច​ខ្លួន​ពី​ពន្ធនាគារ។

លោក​ប្រធានាធិបតី​ Enrique Pena Nieto នៃ​ប្រទេស​ម៉ិកស៊ិក​បាន​ប្រកាស​អំពី​ការ​ចាប់ខ្លួន​មេ​ឈ្មួញ​គ្រឿងញៀន Guzman កាល​ពី​ពេល​មុន​នេះ​នៅ​ថ្ងៃ​សុក្រ​ជាមួយ​នឹង​សារ​ខ្លី​មួយ​តាម​គេហទំព័រ Twitter ដោយ​លោក​បាននិយាយ​ថា​«បេសកកម្ម​បាន​ត្រូវ​បំពេញ​រួច​រាល់​។ យើង​ចាប់​ជន​ល្មើស​រូប​នោះ​បាន​ហើយ»។

នៅ​ពេល​បន្ទាប់​មក Guzman ​ត្រូវ​បាន​បង្ហាញ​ខ្លួន​ដល់​ក្រុមអ្នកកាសែត ដោយ​ពាក់​អាវ​ពណ៌ខៀវ​ និង​ស្លៀក​ខោ​សម្រាប់​រត់​ហាត់​ប្រាណ។ ​Guzman ត្រូវ​បាន​ផ្ទេរ​ពី​រថយន្ត​ប្រដាប់​ដោយ​សព្វាវុធ​មួយ​គ្រឿង​ទៅ​កាន់ឧទ្ធម្ភាគចក្រ​មួយ​ ដែល​ដឹក​ខ្លួន​ជន​នេះ ​និង​អ្នកឃុបឃិត​យ៉ាង​តិច​ណាស់​មួយ​រូប​ទៅ​កាន់​ពន្ធនាគារ​វិញ។​

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស​ម៉ិកស៊ិក​លោក​ Arely Gomez Gonzalez បាន​និយាយ​ទៅ​កាន់​ក្រុមអ្នកសារព័ត៌មាន​កាល​ពី​យប់ថ្ងៃ​សុក្រ​ ដោយ​លោក​បាន​ថ្លែង​ថា​ ការ​ចាប់ខ្លួន​ឈ្មោះ​ Guzman ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ឃ្លាំ​មើល​ធំ​មួយ​ដែល​មាន​ទាក់ទិន​នឹង​ពួក​អ្នកថត​ខ្សែ​កុន​មួយ​ ដែលបាន​ធ្វើការ​ងារ​អំពី​ជីវប្រវត្តិ​នៃ​មេឈ្មួញ​គ្រឿងញៀននេះ។​

Guzman បាន​រត់គេច​ខ្លួន​ពី​ពន្ធនាគារ​តាម​រូង​ក្រោមដី​សម្ងាត់​មួយ​កាល​ពី​៧ខែ​កន្លង​ទៅ​នេះ។​

ពួក​ទាហាន​ម៉ារីនប្រទេស​ម៉ិចស៊ិក​បាន​ចាត់វិធានការ​តាមរយៈ​ការ​ប្រាប់​តម្រុយ​មួយ​ ដោយ​បាន​ធ្វើ​ការឆ្មក់​វាយ​ប្រហារ​លើ​ផ្ទះ​មួយ​ខ្នង​នៅ​មុន​ពេល​ថ្ងៃ​រះ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង Los Mochis នៅ​ក្នុងរដ្ឋ​ Sinaloa ដែល​ជា​រដ្ឋ​កំណើត​របស់​ ជន​ល្មើស Guzman។​ ពួក​ទាហាន​ ដែល​បានធ្វើ​ការ​វាយឆ្មក់​នោះ ក៏​បាន​រង​ការ​បាញ់​ពី​ខាង​ក្នុង​ផ្ទះ​នោះ។​

ក្រុម​មន្ត្រី​ម៉ិចស៊ិក​បាននិយាយ​ថា ​ជន​ជាប់សង្ស័យ​៥នាក់ត្រូវបាន​សម្លាប់​ ហើយ​៦នាក់​ទៀត​បាន​ត្រូវ​ចាប់ខ្លួន។ ​ទាហាន​ម៉ារីនម្នាក់​ក៏​បាន​ត្រូវ​រងរបួស​ស្រាល​ផងដែរ៕