ប្រធានាធិបតី​ម៉ិកស៊ិក​ថា រឿង​អន្តោប្រវេសន៍​អាច​បណ្ដាល​ឲ្យ​បង្កើន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador​​ ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​​អំឡុង​​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃរៀង​រាល់​ម៉ោង​៧​ព្រឹក​នៅ​វិមាន​ជាតិ​ក្នុង​ទីក្រុង​ម៉ិកស៊ិក កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​ស្នើ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ប្រទេស​របស់​លោក​អាច​បង្ក្រាប​បញ្ហា​អន្តោប្រវេសន៍ ហើយ​លោក​គិត​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ហើយ ​ដើម្បី​ពិភាក្សា​អំពី​ការការ​ដំឡើង​ពន្ធ​គយ​ដើម្បី​ជា​មធ្យោបាយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ទ្វីប​អាមេរិក​កណ្ដាល។

លោក Obrador បាន​និយាយ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​ទីក្រុង Mexico City ថា៖ «មន្ត្រី​សហរដ្ឋ​អាមេរិក​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង្កើត​ការ​ចរចា និង​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង និង​ការ​សម្របសម្រួល​នានា‍»។

ការ​លើក​ឡើង​របស់​លោក​នេះ​បាន​ធ្វើ​ឡើង​ នៅ​មុន​ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ ហើយ​លោក Obrador បាន​និយាយ​ថា លោក​រំពឹង​ថា ការ​ពិភាក្សា​នេះ​នឹង​ទទួល​បាន «លទ្ធផល​ល្អ‍»។ លោក​បាន​បន្ថែម​ថា ប្រទេស​ម៉ិកស៊ិក​មាន​ឆន្ទៈ​នៅ​ក្នុង​ការ «ពង្រឹង​វិធានការ» ដែល​មាន​ស្រាប់ «ដោយ​មិន​រំលោភ​លើ​សិទ្ធិ​មនុស្ស‍»។

រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​បាន​ចាប់ផ្ដើម​ចរចា​ជាមួយ​នឹង​មន្ត្រី​អាមេរិកាំង បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​គំរាម​ដាក់​គំនាប​ពន្ធ​គយ​លើ​ទំនិញ​របស់​ប្រទេស​ម៉ិកស៊ិក ពាក់ព័ន្ធ​នឹង​បញ្ហា​កើន​ឡើង​នៃ​ជន​ចំណាក​ស្រុក​នៅ​តាម​ព្រំដែន។

លោក Ebrard បាន​បញ្ជាក់​នៅ​លើ Twitter ថា លោក​បាន​និយាយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo តាម​ទូរស័ព្ទ ហើយថា ការ​ពិភាក្សា​ទល់​មុខ​គ្នារវាង​អ្នក​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕