ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andres Manuel Lopez Obrador និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បាននិយាយគ្នាកាលពីថ្ងៃច័ន្ទអំពីបញ្ហាចំណាកស្រុកជំងឺកូវីដ១៩និងភាពចាំបាច់ដើម្បីពង្រឹងសេដ្ឋកិច្ចតំបន់អាមេរិកកណ្តាល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយតាម Twitter លោក Lopez Obrador បានបញ្ជាក់ថា នោះជាការសន្ទនាយ៉ាងល្អហើយថាលោកនឹងផ្តល់សេចក្តីលម្អិតនៅថ្ងៃអង្គារ។
សេតវិមានបានបញ្ជាក់ថាមេដឹកនាំទាំង២បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលបន្តមានឡើងដើម្បីដោះស្រាយ«ភាពមិនប្រក្រតីនៃការធ្វើចំណាកស្រុក»នៅតាមបណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកហើយបានព្រមព្រៀងគ្នាផ្តោតលើការលើកស្ទួយសេដ្ឋកិច្ចតំបន់អាមេរិកកណ្តាលតាមរយៈការវិនិយោគទុនក្នុងវិស័យកសិកម្មនិងបញ្ហាអាកាសធាតុ។
អ្នកស្រី Harris បានប្រាប់លោក Lopez Obrador អំពីការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិករួមមានយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចេញនៅថ្ងៃទី២៩ខែកក្កដាដើម្បីដោះស្រាយបុព្វហេតុនៃការធ្វើចំណាកស្រុកនៅអាមេរិកកណ្តាល។
សេតវិមានបានបញ្ជាក់ថាអ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានប្រាប់លោក Lopez Obrador ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានតាំងចិត្តបញ្ជូនវ៉ាក់សាំងកូវីដ១៩បន្ថែមទៅឲ្យប្រទេសម៉ិកស៊ិកបន្ថែមពីលើវ៉ាក់សាំង៤លានដូសដែលបានផ្តល់ឱ្យរួចហើយ។
ថ្លែងមុនការសន្ទនាតាមទូរសព្ទនោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាវ៉ាក់សាំងទាំងនេះអាចមកពីក្រុមហ៊ុនជាច្រើនរួមមានវ៉ាក់សាំង Moderna និង AstraZeneca។
ថ្លែងនៅឯសន្និសីទកាសែតលោកប្រធានាធិបតីម៉ិកស៊ិកបាននិយាយថាការចាក់វ៉ាក់សាំងនៅតាមបណ្តោយព្រំដែនម៉ិកស៊ិកជាមួយសហរដ្ឋអាមេរិកបានបន្ថយចំនួនមនុស្សចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់ពេលមានកំណើនការឆ្លងនៅប្រទេសទាំង២៕