រដ្ឋាភិបាលប្រទេសម៉ិកស៊ិកបាននិយាយថា ខ្លួននឹងមិនចេញប្រាក់សម្រាប់ការសាងរបងព្រំដែនដ៏អាក្រក់ ដែលស្នើឡើងដោយលោក Donald Trump បេក្ខជនប្រធានាធិបតី ខាងគណបក្សសាធារណរដ្ឋនោះទេ។
នៅក្នុងបទសម្ភាសន៍ផ្សាយតាមទូរទស្សន៍មួយ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Luis Videgaray បានផ្តល់ចម្លើយជាផ្លូវការផ្ទាល់ ជាលើកទីមួយ ចំពោះសំណើសង់របងនៅតាមបណ្តោយព្រំដែនសរអានិងប្រទេសម៉ិកស៊ិក ដើម្បីកាត់បន្ថយជនអន្តោប្រវេសន៍ខុសច្បាប់ ហើយឲ្យប្រទេសម៉ិកស៊ិកចេញលុយនោះ។
«គ្មានកាលៈទេសៈណាដែលប្រទេសម៉ិកស៊ិកនឹងចេញលុយដើម្បីសង់របងដែលលោក Trump បានស្នើឡើងនោះទេ»។ នេះជាសម្តី របស់លោក Videgaray កាលពីយប់ថ្ងៃពុធ។ លោកបានថ្លែងថា គំនិតនេះផ្អែកទៅលើភាពល្ងង់ខ្លៅ ហើយថាមិនបានសម្អាងទៅលើភាពជាក់ស្តែង នៃការបង្រួបបង្រួមទ្វីបអាមេរិកខាងជើងទាល់តែសោះ»។
អាត្ថាធិប្បាយរបស់បេក្ខជននាំមុខគេខាងគណបក្សសាធារណរដ្ឋ អំពីរឿងជនអន្តោប្រវេសន៍ក្នុងប្រទេសម៉ិកស៊ិក និងអំពីរបងព្រំដែនបាននាំឲ្យមានរឿងចម្រូងចម្រាស់មួយចំនួន៕