នេះជាលើកដំបូងក្នុងពេលជាងពីរទសវត្សរ៍ដែលកាលពីឆ្នាំកន្លងទៅប្រទេសម៉ិកស៊ិកបានឈ្នះចិនជាប្រភពនាំមុខនៃទំនិញត្រូវដឹកជញ្ជូនចូលក្នុងសហរដ្ឋអាមេរិក។ ការប្រែប្រួលនេះឆ្លុះបញ្ចាំងឱ្យឃើញភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង និងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដឹកទំនិញចូលពីបណ្តាប្រទេសជិតស្និទ្ធនិងនៅជិតជាងចិន។
តួលេខចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបង្ហាញថា តម្លៃទំនិញដឹកជញ្ជូនពីប្រទេសម៉ិកស៊ិកចូលក្នុងអាមេរិកកើនឡើងជិត ៥% ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ កើនដល់ជាង ៤៧៥ ពាន់លានដុល្លារ។ នៅពេលជាមួយគ្នានេះ តម្លៃទំនិញនាំចូលពីប្រទេសចិនបានចុះថយ ២០% មកនៅត្រឹម ៤២៧ ពាន់លានដុល្លារ។
ពេលចុងក្រោយបំផុតដែលទំនិញម៉ិកស៊ិកដឹកចូលអាមេរិកមានតម្លៃលើសទំនិញចិនដឹកចូលអាមេរិកគឺឆ្នាំ ២០០២។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានចុះថមថយច្រើន នៅពេលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រយុទ្ធស្វិតស្វាញខាងពាណិជ្ជកម្មនិងបានគំរាមកំហែងខាងយោធានៅតំបន់ចុងបូព៌ា។
រដ្ឋបាលលោក Trump បានចាប់ផ្តើមដាក់កំហិតពន្ធដារលើទំនិញចិនដឹកចូលអាមេរិកក្នុងឆ្នាំ ២០១៨ ដោយនិយាយបង្ហាញហេតុផលថា ការធ្វើពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងរំលោភលើបទបញ្ញត្តិពាណិជ្ជកម្មសាកល។ លោកប្រធានាធិបតី Joe Biden បានរក្សាទុកពន្ធដារទាំងនេះនៅក្រោយលោកចូលកាន់តំណែងក្នុងឆ្នាំ ២០២១ ដោយបង្ហាញច្បាស់លាស់ថាបដិបក្ខភាពចំពោះចិនជាផ្នែកមួយដែលបណ្តាប្រទេសប្រកាន់ប្រជាធិបតេយ្យនិងសាធារណរដ្ឋមានមតិដូចគ្នា។
ជាជម្រើសមួយដើម្បីជំនួសការផលិតទំនិញនៅក្នុងប្រទេសចិន ដែលសាជីវកម្មអាមេរិកបានធ្វើយូរមកហើយនោះ រដ្ឋាបាលលោក Biden បានសុំដល់ក្រុមហ៊ុននានាឱ្យស្វះស្វែងរកការផ្គត់ផ្គង់ទំនិញនៅក្នុងពួកប្រទេសសម្ព័ន្ធមិត្ត ឬផលិតទំនិញទាំងនេះនៅក្នុងសហរដ្ឋអាមេរិកវិញ។ ការបង្អាក់សង្វាក់ផ្គត់ផ្គង់ទាក់ទិននឹងការរាតត្បាតជំងឺកូវីដ១៩ ក៏បាននាំឱ្យក្រុមហ៊ុនអាមេរិកស្វះស្វែងរកការផ្គត់ផ្គង់នៅជិតសហរដ្ឋអាមេរិកដែរ។
ប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមពួកប្រទេសទទួលផលចំណេញពីការងាកចេញពីការពឹងពាក់លើរោងចក្រចិន។ ប៉ុន្តែជាក់ស្តែងទៅ វាមានភាពសាំញ៉ាំជាងអ្វីៗដែលហាក់កើតមាន។ ក្រុមហ៊ុនចិនខ្លះបានបង្កើតរោងចក្រនៅម៉ិកស៊ិកដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមានរយៈពេលបីឆ្នាំមកហើយរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិកនិងកាណាដា ដែលអនុញ្ញាតឱ្យមានពាណិជ្ជកម្មមិនយកពន្ធដារក្នុងអាមេរិកខាងជើងសម្រាប់ផលិតកម្មជាច្រើនប្រភេទ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andrés Manuel López Obrador បាននិយាយកាលពីពេលថ្មីៗនេះថា ឋានៈពាណិជ្ជកម្មផ្តល់អានុភាពថ្មីឱ្យម៉ិកស៊ិក ដោយលោកបានថ្លែងថាវាជាការពិបាកឱ្យសហរដ្ឋអាមេរិកបិទព្រំដែនរវាងប្រទេសទាំងពីរដើម្បីកម្រិតការធ្វើអន្តោប្រវេសន៍ ដូចដែលមានស្នើនៅក្នុងកិច្ចចរចាអំពីសេចក្តីព្រាងច្បាប់អំពីព្រំដែននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «ការចរចាគ្នាស្នើឱ្យបិទព្រំដែន។ តើលោកអ្នកយល់ថាជនជាតិអាមេរិកឬជនជាតិម៉ិកស៊ិក ជាពិសេសពួកអាមេរិកាំងនឹងយល់ព្រមតាមការស្នើនេះឬទេ? ក្រុមអ្នកជំនួញមិនព្រមតាមសំណើនេះទេ ពួកគេប្រហែលព្រមនៅថ្ងៃណាមួយ តែមិនមែនក្នុងពេលមួយអាទិត្យទេ។
ឧស្សាហកម្មខ្លះ ជាពិសេសក្រុមហ៊ុនផលិតរថយន្ត បានកសាងរោងចក្រនៅលើផ្នែកទាំងពីរនៃព្រំដែនដែលពឹងពាក់គ្នាដើម្បីឱ្យមានការផ្គត់ផ្គង់គ្រឿងបន្លាស់ដោយគ្មានបង្អាក់។
លោក Derek Scissors ជាអ្នកជំនាញខាងកិច្ចការប្រទេសចិននៅវិទ្យាស្ថាន American Enterprise ដែលជាអង្គការអភិរក្សនិយម។ លោកបានកត់សម្គាល់ថា ការចុះថយច្រើនបំផុតនៃទំនិញចិនដឹកចូលអាមេរិកគឺកុំព្យូទ័រ គ្រឿងអេឡិចត្រូនិច សារធាតុគីមីនិងឱសថ-ដែលសុទ្ធតែជាប្រភេទទំនិញរសើបខាងនយោបាយ។
លោក Scissors ថា៖ «ខ្ញុំមិនឃើញថាសហរដ្ឋអាមេរិកស្រួលចិត្តជាមួយការមកវិញនៅក្នុងផ្នែកទាំងនេះក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ទេ »ដោយលោកទស្សន៍ទាយការប្រែក្រឡាស់របស់ចិននិងម៉ិកស៊ិកក្នុងការដឹកទំនិញចូលអាមេរិកទំនងជា «មិនមែនប្រែប្រួលតែមួយឆ្នាំទេ»។
លោក Scissors ថា ការថយចុះនៃការពឹងពាក់របស់សហរដ្ឋអាមេរិកលើទំនិញចិនឆ្លុះបញ្ចាំងដោយផ្នែកអំពីការប្រយ័ត្នប្រយែងនៃគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping។ វិធីរាំងខ្ទប់តឹងរ៉ឹងរបស់លោក Xi ដើម្បីកុំឱ្យជំងឺកូវីដ១៩រាលដាលនាំឱ្យមានផលមិនល្អច្រើនដែលធ្វើឱ្យសេដ្ឋកិច្ចចិនគាំងក្នុងឆ្នាំ ២០២២ ហើយពួកមន្ត្រីរបស់លោកបានឆ្មក់ចូលក្នុងក្រមហ៊ុនបរទេសដើម្បីធ្វើការស៊ើបអង្កេតទប់ទល់នឹងចារកម្ម។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថា ក្រុមហ៊ុនអាមេរិកាំងទាំងឡាយសម្រេចថាមិនគួរជឿទុកចិត្តលោក Xi ទេ»។
ជាសរុប ឱនភាពពាណិជ្ជកម្មទំនិញអាមេរិកជាមួយប្រទេសឯទៀតៗក្នុងពិភពលោក គឺគម្លាតរវាងតម្លៃទំនិញដែលអាមេរិកលក់និងតម្លៃទំនិញដែលខ្លួនទិញពីប្រទេសក្រៅ បានចុះថយ ១០% កាលពីឆ្នាំទៅមកនៅត្រឹម ១,០៦ លានលានដុល្លារ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ