ប្រធានាធិបតីប្រទេសម៉ិកស៊ិកបានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានធ្វើឲ្យភាពប្រេះឆារវាងប្រទេសទាំងពីរកាន់តែចាក់ជ្រៅជាងមុន ទាក់ទិននឹងការប្រកាសរបស់លោក Trump ក្នុងការសាងសង់ជញ្ជាំងនៅតាមព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិក។
លោកប្រធានាធិបតី Enrique Pena Nieto បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅសេតវិមាននោះទេ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Trump បានស្នើឲ្យលុបចោលកិច្ចប្រជុំនេះ ប្រសិនបើលោកប្រធានាធិបតី Pena Nieto នៅតែបន្តបដិសេធមិនបង់ថ្លៃសង់ជញ្ជាំងនៅតាមព្រំដែន។
បញ្ហាចម្រូងចម្រាសទាក់ទិននឹងជញ្ជាំងនៅតាមព្រំដែនបានដើរតួយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងរវាងលោក Trump និងប្រទេសម៉ិកស៊ិក ចាប់តាំងពីពេលដែលលោកបានប្រកាសឈរឈ្មោះធ្វើជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០១៥ ដោយលោកមានគម្រោងសាងសង់ជញ្ជាំងនៅតាមព្រំដែនហើយបង្ខំឲ្យប្រទេសម៉ិកស៊ិកបង់ថ្លៃសាងសង់ជញ្ជាំងនោះ។
លោក Trump និងលោក Pena Nieto បានជួបគ្នាកាលពីខែសីហា នៅក្នុងទីក្រុង Mexico City ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ ការសាងសង់ជញ្ជាំងនៅតាមព្រំដែន និងបញ្ហាដទៃផ្សេងទៀត។ លោក Trump បានថ្លែងថា លោកនិងលោក Pena Nieto មិនបានពិភាក្សាគ្នាថាតើអ្នកណាជាអ្នកចេញថ្លៃសាងសង់ជញ្ជាំងនោះទេ។ ប៉ុន្តែ ក្រោយមកលោក Pena Nieto បានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកនឹងបើកការសន្ទនាជាមួយលោក Trump ហើយប្រាប់លោក Trump ថា ប្រទេសម៉ិកស៊ិកនឹងមិនចេញថ្លៃសង់ជញ្ជាំងនេះនោះទេ៕