ក្រុមនិយ័តករអឺរ៉ុបកាលពីថ្ងៃពុធបានផាកពិន័យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនធំរបស់បណ្តាញសង្គម Facebook ជាប្រាក់រាប់រយលានដុល្លារ ចំពោះការរំលោភឯកជនភាព ហើយបានហាមឃាត់ក្រុមហ៊ុននេះមិនឱ្យបង្ខំពួកអ្នកប្រើប្រាស់នៅក្នុងប្លុក ដែលមានប្រទេសចំនួន ២៧ យល់ព្រមតាមការឃោសនាពាណិជ្ជកម្មជាលក្ខណៈឯកជន ដែលផ្អែកលើសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់បានពិន័យជាប្រាក់ទាំងអស់ចំនួន ៣៩០ លានអឺរ៉ូស្មើនឹង ៤១៤ លានដុល្លារអាមេរិកនៅក្នុងការសម្រេចរបស់ខ្លួនចំនួនពីរករណី ដែលអាចធ្វើឱ្យប៉ះពាល់របៀបធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន Meta ដែលដៅលើពួកអ្នកប្រើប្រាស់ដោយមានការឃោសនាពាណិជ្ជកម្មដែលផ្អែកលើអ្វីដែលពួកគេប្រើប្រាស់តាមអនឡាញ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួននឹងប្តឹងឧទ្ធរណ៍។
ការសម្រេចនៅក្នុងរឿងក្តីទី ៣ ទាក់ទិននឹងសេវាកម្មបញ្ជូនសារតាម WhatsApp របស់ក្រុមហ៊ុន Meta ត្រូវគេរំពឹងថានឹងធ្វើនៅចុងខែនេះ។
ក្រុមហ៊ុន Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងៗទៀតបានស្ថិតនៅក្រោមសម្ពាធច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប ដែលច្បាប់ខ្លះនៃច្បាប់ទាំងនោះមានការតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ ក្រុមនិយ័តករអៀរឡង់បានរិះគន់ក្រុមហ៊ុន Meta រួចហើយ ដោយការផាកពិន័យបួនទៀត ចំពោះការរំលោភទិន្នន័យឯកជន ចាប់តាំងពីឆ្នាំ ២០២១ មកដែលមានជាង ៩០០ លានអឺរ៉ូ ហើយបានបើកការស៊ើបអង្កេតរឿងក្តីផ្សេងទៀតប្រឆាំងនឹងក្រុមហ៊ុនមួយចំនួននៅតំបន់ Silicon Valley។
ក្រុមហ៊ុន Meta ក៏បានប្រឈមការឈឺក្បាលដែលទាក់ទិននឹងបញ្ហាច្បាប់មកពីក្រុមមន្ត្រីប្រឆាំងការទុកចិត្តសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រុចសែល ដែលបានបញ្ចេញសាច់ដុំរបស់ខ្លួនប្រឆាំងនឹងមហាក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដោយពួកគេបានចោទប្រកាន់ក្រុមហ៊ុននោះកាលពីខែមុនពីការប្រកួតប្រជែងមិនត្រឹមត្រូវនៅក្នុងការឃោសនាពាណិជ្ជកម្មខ្លីៗ។
អង្គការឃ្លាំមើលអៀរឡង់ដែលជានិយ័តករទិន្នន័យឯកជនភាពអឺរ៉ុបពីព្រោះតែទីស្នាក់ការប្រចាំតំបន់របស់ខ្លួនស្ថិតនៅក្នុងរដ្ឋធានី Dublin បានផាកពិន័យក្រុមហ៊ុននោះចំនួន ២១០ លានអឺរ៉ូចំពោះការរំលោភច្បាប់ទិន្នន័យឯកជនភាពរបស់សហភាពអឺរ៉ុប ដែលទាក់ទិននឹងបណ្តាញសង្គម Facebook និងផាកពិន័យបន្ថែមទៀតចំនួន ១៨០ លានអឺរ៉ូចំពោះការរំលោភដែលទាក់ទិននឹងបណ្តាញសង្គម Instagram។
ការសម្រេចនេះកើតចេញពីពាក្យបណ្តឹងកាលពីខែឧសភា ឆ្នាំ ២០១៨ នៅពេលដែលច្បាប់ឯកជនភាពរបស់ប្លុកដែលមានប្រទេសចំនួន ២៧ ដែលគេហៅថាច្បាប់ការពារទិន្នន័យទូទៅឬ GDPR បានចូលជាធរមាន។
នៅពេលដែលច្បាប់ GDPR បានចូលជាធរមាន ក្រុមហ៊ុននោះបានផ្លាស់ប្តូរមូលដ្ឋានផ្លូវច្បាប់ ដែលខ្លួនបានដំណើការទិន្នន័យអ្នកប្រើប្រាស់ដោយការបន្ថែមមាត្រាទៅលើលក្ខខណ្ឌនៃសេវាកម្មសម្រាប់ការឃោសនាពាណិជ្ជកម្ម ដែលមានលក្ខណៈបង្ខំអ្នកប្រើប្រាស់ឲ្យយល់ព្រមតាមថា ទិន្នន័យរបស់ពួកគេអាចត្រូវបានយកទៅប្រើប្រាស់។ ប្រការនេះរំលោភច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប។
អង្គការឃ្លាំមើលអៀរឡង់កាលពីដំបូងបានស្ថិតនៅខាងក្រុមហ៊ុន Meta ក៏ប៉ុន្តែបានផ្លាស់ប្តូរគោលជំហររបស់ខ្លួន បន្ទាប់ពីការសម្រេចព្រាងរបស់ខ្លួនបានត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សានិយ័តករការពារទិន្នន័យរបស់សហភាពអឺរ៉ុប ដែលភាគច្រើននៃអ្នកទាំងនោះបានជំទាស់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន