ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​រថយន្ត​Tesla ​សម្ពោធ​លក់​រថយន្ត​អគ្គិសនី​​នៅ​ថៃ​ ខណៈ​មាន​ការ​ប្រកួត​ពី​រថយន្ត​ម៉ាក​ថោកៗ​​​​


រូប​ឯកសារ៖ តារា​ម្នាក់​ថត​ក្បែរ​គំរូ​រថយន្ត​​អគ្គិសនី​ម៉ាក Tesla Model Y នៅ​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ ២០២២។

ក្រុមហ៊ុន​ផលិត​រថយន្ត​ Tesla ​របស់​អាមេរិក​ បាន​បើក​សម្ពោធដាក់លក់រថយន្ត​ប្រើ​អគ្គិសនីពីរ​ប្រភេទ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​ ដែល​ជា​ការ​កត់​សម្គាល់​នូវ​ការ​បើក​លក់​រថយន្តរបស់ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បី​លើក​ដំបូងបង្អស់​របស់អាមេរិក​ នៅ​ក្នុង​ទីផ្សារ​រថយន្ត​ក្នុង​តំបន់មួយ​នេះ​ ដែលត្រូវ​បាន​គ្រប​ដណ្តប់​ដោយរថយន្ត​ជប៉ុន។​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។ ​

ការសម្ពោធ​បើក​លក់​រថយន្ត​ Telsa ​ទាំងពីរ​ប្រភេទក្នុង​រាជធានី​បាងកកកាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ កើត​មាន​ឡើង​ខណៈ​ពេល​ដែល​ប្រទេស​ថៃ​ កំពុង​ជំរុញ​ឱ្យ​មានការប្រើប្រាស់​រថយន្ត​អគ្គិសនី ​និង​ការផលិត​រថយន្ត​ប្រភេទ​នេះ​ ដោយបញ្ចុះ​តម្លៃ​ពន្ធ​និងការផ្តល់​ប្រាក់ឧបត្ថម្ភផង​ដែរ។​ ​ តម្លៃ​រថយន្ត​ដែល​ដើរ​ដោយ​ចរន្តអគ្គីសនីរបស់​ក្រុមហ៊ុន​Telsa ​មាន​តម្លៃ​ចាប់​ពី​ជិត​៥០.០០០​ដុល្លារ​ទៅ​ជាង​៧០.០០០​ដុល្លារ​អាមេរិក។​ ​

ក្រុមហ៊ុន​ផលិត​រថយន្ត​ Telsa ​អាមេរិក​មួយ​នេះ​ មាន​គម្រោងនឹង​ចាប់ផ្តើម​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួននៅ​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​ប្រព័ន្ធ​អនឡាញ ​ហើយ​ការដឹកជញ្ជូន​រថយន្តមាន​គម្រោង​នឹង​ចាប់​ផ្តើមនៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។​

បើ​ទោះ​បីជា​យ៉ាង​នេះ​ក្តី​ក៏ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ពី​រថយន្ត​ចិន​ ដូចជា​ម៉ាក BYD ​និង​ម៉ាក Great Wall Motors ​ជាដើម​ ដែល​បាន​បង្កើត​បន្ទប់​តាំង​រថយន្ត​បង្ហាញ​ភ្ញៀវ​ ក៏​ដូច​ជា​ការ​ដឹកជញ្ជូន​តាម​ក្រុមហ៊ុនដៃគូ​របស់ខ្លួន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដើម្បី​ឱ្យ​បាន​ទៅ​ដល់​ដៃ​អតិថិជន​របស់​ខ្លួន​ ហើយ​ក៏​បាន​ដាក់ចេញ​នូវតម្លៃរថយន្ត​ប្រើ​ចរន្តអគ្គីសនី​ ដែលមាន​តម្លៃ​ចាប់​ពី​ជាង​២៣.០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕​

XS
SM
MD
LG