លោកស្រី Merkel មិន​សប្បាយ​ចិត្ត​នឹង​ផែនការ​របស់​លោក Trump ក្នុង​ការបោះបង់​ចោល​កិច្ចព្រមព្រៀង TPP

លោកស្រី​អធិការបតី Angela Merkel ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​ការ​មិន​សប្បាយ​ចិត្ត​នឹង​ផែនការ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ក្នុង​ការ​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​ដៃ​គូ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ​ហៅ​កាត់​ថា​កិច្ចព្រមព្រៀង TPP ដែល​បាន​គ្រោង​ទុក​នោះ។

ខណៈ​ដែល​លោក​ស្រី Merkel មិន​បាន​បញ្ចេញ​ឈ្មោះ​លោក​ Trump ឲ្យ​ចំ​នោះ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា លោកស្រី​មិន​សប្បាយ​ចិត្ត​ទេ​អំពី​ការដួល​រលំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​ក្លា​នេះ ហើយ​លោក​ស្រី​ក៏​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នា​ពេល​អនាគត​នឹង​មិន​ល្អ​ដូច្នេះ​ទេ។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ លោក Trump បាន​និយាយ​ថា​ នៅ​ក្នុង​ថ្ងៃ​ទី​មួយ​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ TPP ដែល​លោក​បាន​ហៅ​ថា​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ធេង​មួយ។ លោក Trump ក៏​បាន​និយាយ​ថា លោក​ចង់​ឲ្យ​មាន​ការចរចា​គ្នា​ឡើងវិញ​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ឬ​ហៅ​កាត់​ថា NAFTA ជាមួយ​នឹង​ប្រទេស​កាណាដា និង​ប្រទេស​ម៉ិកស៊ិក។​

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺ​ជា​អ្នក​ផ្តួចផ្តើម​ដ៏​សំខាន់​ម្នាក់​នៃ​កិច្ចព្រមព្រៀង ​TPP នេះ។

លោក អូបាម៉ា បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក​ឬ​ហៅ​កាត់​ថា APEC នៅ​ប្រទេស​ប៉េរូ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «ខ្ញុំ​គិត​ថា ការ​មិន​ដំណើរការ​ទៅ​មុខ​នឹង​ធ្វើ​ឲ្យ​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​ថមថយ​ចុះ»។
សំណើ​ចុង​ក្រោយ​បង្អស់​នៃ​កិច្ចព្រមព្រៀង TPP ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ទាំង​១២ ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​មួយ​ក្នុង​ប្រទេស​នូវែលសេឡង់ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​នឹង​មាន​សុពលភាព​នោះ​ទេ រហូត​ដល់យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន​៦​ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ស្មើ​នឹង​៨០​ភាគរយ​ផ្តល់​សច្ចានុមតិ​ទៅ​លើ​សំណើ​នេះ៕