ការថប់អារម្មណ៍ ភាពអត់ការងារធ្វើ ភាពឯកោ និងភាពមិនប្រាកដប្រជា នាំឲ្យមានជំងឺធ្លាក់ទឹកចិត្ត និងការធ្វើបាបខ្លួនឯង ដែលអាចជាសញ្ញានៃការចាប់ផ្តើមមានវិបត្តិសុខភាពផ្លូវចិត្តដ៏យូរអង្វែងមួយ។
នៅពេលដែលវីរុសកូរ៉ូណានៅតែបន្តរាតត្បាតយ៉ាងខ្លាំងក្លានោះ បញ្ហាដែលមើលមិនឃើញមួយ កំពុងលេចឡើងសម្រាប់មនុស្សជាច្រើននៅឯផ្ទះ។ បញ្ហានេះ គឺបណ្តាលមកពីការថប់អារម្មណ៍ ភាពគ្មានការងារធ្វើ ការស្លាប់ ភាពឯកោ និងភាពមិនច្បាស់លាស់ ដែលទាំងអស់នេះ កើតឡើងក្នុងពេលជាមួយនឹងការរាតត្បាតនៃវីរុសកូរ៉ូណានេះ។
ខែឧសភានេះ គឺជាខែយល់ដឹងអំពីសុខភាពផ្លូវចិត្ត ហើយក្នុងពេលបច្ចុប្បុន្ននេះ ប្រធានបទទាក់ទងនឹងសុខភាពផ្លូវចិត្តនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងជាងពេលណាៗទាំងអស់។ ទីភ្នាក់ងារសហព័ន្ធនានា និងអ្នកជំនាញ កំពុងរាយការណ៍អំពីការកើនឡើងនូវអត្រានៃមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត ហើយបានព្យាករណ៍ថា នេះគ្រាន់តែជាការចាប់ផ្តើមនៃវិបត្តិសុខភាពផ្លូវចិត្តដ៏យូរអង្វែងមួយប៉ុណ្ណោះ។
មនុស្សចំនួនជិតពាក់កណ្តាលនៅសហរដ្ឋអាមេរិកនិយាយថា ការរាតត្បាតដោយជំងឺកូវីដ១៩នេះ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ នេះ បើតាមការស្ទង់មតិរបស់មូលនិធិ Kaiser Family Foundation។ ការស្ទង់មតិតាមដាន ដែលបានសាកសួរពលរដ្ឋអាមេរិកាំងចំនួន ១,២២៦ នាក់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមីនា ដែលអាចខុសចំនួន៣ភាគរយនោះ គឺមនុស្សពេញវ័យចំនួន ៤៥ ភាគរយ និយាយថា វិបត្តិនេះ ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេ ហើយ ១៩ ភាគរយ និយាយថា «វាប៉ះពាល់យ៉ាងខ្លាំង»។
លោក Paul Gionfriddo ជាប្រធាន និងជានាយកប្រតិបត្តិនៃអង្គការមិនគិតប្រាក់កម្រៃដែលធ្វើការផ្តោតទៅលើការជួយអ្នកមានបញ្ហាសុខភាពផ្លូវចិត្តឈ្មោះ Mental Health America ឬ ហៅកាត់ថា MHA។ លោក Gionfriddo បាននិយាយក្នុងសម្តីដើមថា៖
«ចំនួនខាងលើនេះ គឺគ្រាន់តែជាផ្នែកដ៏តូចមួយនៃបញ្ហាដ៏ធំ។ មនុស្សរាប់ម៉ឺននាក់ បានឆ្លងកាត់បញ្ហាសុខភាពផ្លូវចិត្តដ៏ធ្ងន់ធ្ងរនេះរួចទៅហើយ ដោយសារតែការរាតត្បាតដោយជំងឺកូវីដ១៩ ហើយក្នុងចំណោមអ្នកទាំងនោះជាច្រើន គឺជាមនុស្សវ័យក្មេង»។
លោក Gionfriddo បាននិយាយថា ចំនួនមនុស្សដែលត្រូវបានពិនិត្យដោយអង្គការ MHA សម្រាប់ការថប់អារម្មណ៍ បានកើនឡើងជាង ៧០ភាគរយ ពីខែមករាដល់ខែមេសា ហើយចំនួនអ្នកដែលបានពិនិត្យសម្រាប់ជំងឺធ្លាក់ទឹកចិត្តបានកើនឡើង ៦៤ភាគរយ។
មនុស្សចំនួន ៧.១៤០ នាក់ ក្នុងចំណោមមនុស្សដែលទាក់ទងទៅអង្គការ MHA បានរាយការណ៍ថា ពួកគេមានគំនិតចង់ធ្វើអត្តឃាត ឬ ធ្វើបាបខ្លួនឯង។ ចំនួនខាងលើនេះ គឺមានចំនួន ៤២ភាគរយ ខ្ពស់ជាងចំនួនដែលលោក Gionfriddo បានរំពឹងទុកដែលផ្អែកលើបទពិសោធន៍មុនពេលមានរោគរាតត្បាតនេះ។
អង្គការសម្ព័ន្ធភាពជាតិស្តីពីជំងឺផ្លូវចិត្ត ហៅកាត់ថា NAMI បានរាយការណ៍ថា ក្នុងរយៈពេល ៣ ខែ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតដោយជំងឺកូវីដ១៩នេះ តម្រូវការសម្រាប់ធនធានផ្នែកសុខភាពផ្លូវចិត្ត បានកើនឡើងយ៉ាងខ្លាំង ហើយចំនួនអ្នកហៅទូរស័ព្ទបន្ទាន់ និងអ្នកដែលសរសេរតាមសារអេឡិចត្រូនិក ឬ អ៊ីម៉ែល មកកាន់អង្គការនេះ ក្នុងចន្លោះពេលពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២៣ ខែមេសាកន្លងទៅនេះ បានកើន៤១ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៩។
អ្នកស្រី Dawn Brown នាយិកាផ្នែកទំនាក់ទំនងសហគមន៍នៅអង្គការ NAMI បាននិយាយក្នុងសម្តីដើមថា៖
«អ្នកហៅទូរស័ព្ទមកខ្សែ HelpLine ដែលជាខ្សែទូរស័ព្ទខាងផ្តល់ជំនួយបាននិយាយថា ជំងឺកូវីដ១៩ គឺជាប្រភពដែលធ្វើឲ្យពួកគេមានការថប់អារម្មណ៍យ៉ាងខ្លាំងជាញឹកញាប់ ពីព្រោះវា ធ្វើឲ្យពួកគេបារម្ភអំពីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេ។ អ្នកហៅទូរស័ព្ទមួយចំនួន មានបញ្ហាភ័យស្លន់ស្លោរខ្លាំងភ្លាមៗ នៅពេលដែលពួកគេទូរស័ព្ទមកពួកយើង ហើយអ្នកស្ម័គ្រចិត្តរបស់យើងជួយពួកគេឲ្យឆ្លងកាត់ភាពភ័យស្លន់ស្លោនេះ រហូតដល់ពួកគេ អាចនិយាយអំពីបញ្ហារបស់ពួកគេបាន»។
អ្នកស្រី Brown បាននិយាយទៀតថា ៧៥ ភាគរយនៃអ្នកហៅទូរស័ព្ទមកអង្គការអ្នកស្រី ត្រូវការការគាំទ្រ និងការធានាឲ្យពួកគេមានទំនុកចិត្ត នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩នេះ។ ជំងឺធ្លាក់ទឹកចិត្ត គឺជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវបានគេរាយការណ៍ច្រើនបំផុតទីពីរ ហើយការកើនឡើងនេះ ត្រូវបានគេសន្មតថា ដោយសារតែភាពឯកោ និងការអស់សង្ឃឹម។
នេះមិនមែនជាលើកទីមួយទេ ដែលវិបត្តិសុខភាពផ្លូវចិត្តបានកើតឡើង ក្រោយពីមានសោកនាដកម្ម ឬភាពអាសន្នថ្នាក់ជាតិនោះ។
ក្រោយពីមានវិបត្តិហិរញ្ញវត្ថុទូទាំងពិភពលោកក្នុងឆ្នាំ ២០០៧ និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលកើតឡើងបន្ទាប់ពីនោះមក សហរដ្ឋអាមេរិក មានអត្រាអ្នកជំងឺធ្លាក់ទឹកចិត្ត អ្នកមានបញ្ហាថប់អារម្មណ៍ និងអ្នកញៀនគ្រឿងស្រវឹង កើនឡើងខ្ពស់ ហើយចំនួនអ្នកធ្វើអត្តឃាត បានកើនឡើង ១៣ ភាគរយ។ ក្នុងឆ្នាំ ២០០៨ មនុស្សជាង ៤៦.០០០ នាក់ បានធ្វើអត្តឃាតដោយសារភាពអត់ការងារធ្វើ និងវិសមភាពប្រាក់ចំណូល។
នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែមីនា ដែលបានសាកសួរពលរដ្ឋអាមេរិកាំងចំនួន ១,០៦២ នាក់ ដោយក្រុមហ៊ុន McKinsey & Company ដែលអាចខុស៣ភាគរយនោះ គឺមនុស្សចំនួន ៣៥ ភាគរយ នៃអ្នកឆ្លើយសំណួរទាំងអស់ បាននិយាយថា ពួកគេមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងមានអារម្មណ៍មិនស្ងប់ ខណៈដែល ៤២ ភាគរយនៃអ្នកដែលត្រូវបានកាត់បន្ថយការងារ ឬ បាត់បង់ការងារ បាននិយាយថា ពួកគេ មានការធ្លាក់ទឹកចិត្ត និងមានអារម្មណ៍មិនស្ងប់។ ម្នាក់ក្នុងចំណោម ៤ នាក់ នៃអ្នកដែលត្រូវបានសាកសួររាយការណ៍ថា ពួកគេ«ផឹកគ្រឿងស្រវឹងជាប់ជាប្រចាំ» ម្នាក់ក្នុងចំណោម ៥ នាក់ បានរាយការណ៍ថា បានប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាទាំងខ្លួនគ្មានជំងឺ ហើយម្នាក់ក្នុងចំណោម ៧ នាក់បានរាយការណ៍ថា បានប្រើប្រាស់ថ្នាំញៀនខុសច្បាប់។
នៅពេលដែលអត្រាគ្មានការងារធ្វើឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច ដែលខ្ពស់ជាងអត្រាដែលត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០០៨ នោះ ក្រុមអ្នកជំនាញ កំពុងចាប់ផ្តើមព្រួយបារម្ភថា សហរដ្ឋអាមេរិកមិនបានត្រៀមខ្លួន ដើម្បីដោះស្រាយការកើនឡើងនៃអ្នកអត់មានការងារធ្វើនេះទេ។ គំរូដែលបានមកពីការប្រើទិន្នន័យពីភាពអាសន្នថ្នាក់ជាតិក្នុងពេលកន្លងមកបង្ហាញថា ក្នុងពេលខាងមុខទំនងជានឹងមានការកើនឡើងនៃអ្នកធ្វើអត្តឃាត ការស្លាប់ដោយសេពគ្រឿងញៀនហួសកម្រិត និងការប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹង។
លោក Paul Gionfriddo នៃអង្គការ MHAបាននិយាយបន្តក្នុងសម្តីដើមថា៖ «យើងផ្តល់ជូនការធ្វើតេស្ត ដើម្បីការពារមនុស្សពីវីរុសកូរ៉ូណានេះ។ យើងផ្តល់ថវិកាដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេ។ យើងត្រូវផ្តល់ជូននូវការពិនិត្យសុខភាពផ្លូវចិត្ត និងសេវាកម្មនានា ដើម្បីការពារអាយុជីវិតរបស់ពួកគេ»។
ខណៈពេលដែលកញ្ចប់ថវិកាលើកស្ទួយសេដ្ឋកិច្ចបានជួយសម្រួលដល់ផ្នែកធនធានសុខភាពផ្លូវចិត្តនោះ ចំនួនថវិកានោះ គ្រាន់តែជាភាគរយតិចតួចនៃកញ្ចប់ថវិកាដែលមានទឹកប្រាក់រាប់លានលានដុល្លារសម្រាប់ជួយទប់ស្កាត់ជាបន្ទាន់នៃការរាតត្បាតដោយជំងឺកូវីដ១៩ ប៉ុណ្ណោះ។
ធនធានផ្នែកសុខភាពផ្លូវចិត្ត
ដោយសារតែមិនដឹងថាតើការរាតត្បាតនៃជំងឺកូវីដ១៩នេះ នឹងចប់ទៅនៅពេលណានោះ អ្នកចិត្តសាស្រ្ត ជាច្រើនកំពុងផ្លាស់ប្តូរទៅប្រើប្រាស់វិធីពិគ្រោះយោបល់ជាមួយអ្នកជំងឺពីផ្ទះដោយប្រើបច្ចេកវិទ្យាដូចជាទូរស័ព្ទ ឬ វីដេអូ វិញ។
អ្នកចិត្តវិទ្យា Lynne Gots ដែលជំនាញខាងសុខភាពផ្លូវចិត្តមួយរូប ស្ថិតក្នុងចំណោមអ្នកជំនាញខាងសុខភាពផ្លូវចិត្តរាប់ពាន់នាក់ ដែលកំពុងផ្តល់ការពិគ្រោះយោបល់ដល់អ្នកជំងឺពីផ្ទះដោយប្រើបច្ចេកវិទ្យាក្នុងការទាក់ទងគ្នាដូចជាទូរស័ព្ទ ឬ វីដេអូ ។ អ្នកស្រីបាននិយាយថា ការផ្តល់ការពិគ្រោះយោបល់ដល់អ្នកជំងឺពីផ្ទះបែបនេះ មានភាពប្រសើរឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ អ្នកស្រី Gots បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំប្រាកដជានឹងប្រើវិធីពិគ្រោះយោបល់ដល់អ្នកជំងឺពីផ្ទះដោយប្រើបច្ចេកវិទ្យាក្នុងការទាក់ទងគ្នានេះជាបន្តទៀត ក្រោយពីវិបត្តិជំងឺកូវីដ១៩នេះ បានបញ្ចប់ទៅ។ មានមនុស្សជាច្រើន បានប្រាប់ខ្ញុំថា ពួកគេពិតជាចូលចិត្តវិធីនេះណាស់»។
អ្នកស្រី Gots បានគូសបញ្ជាក់អំពីវិធីដែលមនុស្សអាចការពារសុខភាពផ្លូវចិត្តរបស់ខ្លួនបានក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩ នៅក្នុងអត្ថបទមួយដែលអ្នកស្រីបានសរសេរសម្រាប់អង្គការ NAMI។ អ្នកស្រីបាននិយាយថា ការរក្សាទម្លាប់ ការប្រកាន់ខ្ជាប់នូវផែនការព្យាបាលផ្នែកសុខភាពផ្លូវចិត្ត ហាត់សមាធិ តិចនិចក្នុងការព្រមទទួលយកនូវអ្វីដែលកំពុងកើតឡើងក្នុងសង្គម គឺជាវិធីមួយចំនួនដែលមនុស្សម្នាអាចអនុវត្ត ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩ និងអាចជួយឲ្យពួកគេមានសុខភាពល្អ។
អ្នកស្រី Gots ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រុងប្រយ័ត្នដែលសមហេតុផលផងដែរ ក៏ប៉ុន្តែ មិនត្រូវគិតគូរហួសហេតុពេក ឬ មិនត្រូវអនុញ្ញាតឲ្យការថប់អារម្មណ៍មានអំណាចលើការប្រព្រឹត្តរបស់យើងនោះទេ។
ការបណ្តុះចិត្តឲ្យចេះអាណិតអាសូរខ្លួនឯង គឺជាវិធីមួយផ្សេងទៀតដែលអ្នកស្រី Gots បាននិយាយថា អាចជួយមនុស្សឲ្យគ្រប់គ្រងខ្លួនឯងក្នុងភាពឯកោ និងថែរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេបាន។ អ្នកស្រី Gots បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដើម្បីបន្ធូរអារម្មណ៍ឯកោ យើងត្រូវទទួលស្គាល់ការលំបាករបស់យើង ដោយការគិតដល់អ្វីដែលល្អៗចំពោះខ្លួនឯង ជាជាងការវាយតម្លៃមិនល្អចំពោះខ្លួនឯង ហើយយើងត្រូវទទួលស្គាល់ថា ក្នុងពេលឥឡូវនេះ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ក៏ កំពុងតែជួបប្រទះបញ្ហា ដូចយើងដែរ។ ជម្រើសតែមួយគត់របស់យើង គឺត្រូវស៊ូទ្រាំឲ្យអស់ពីលទ្ធភាពតាមដែលខ្លួនអាចធ្វើទៅបាន មិនត្រូវគិតច្រើនពេកនៅដែលយើងមិនសប្បាយចិត្ត ហើយរំឭកខ្លួនឯងថា វានឹងមិននៅបែបនេះរហូតនោះទេ»។
អង្គការជួយអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត MHA បណ្តាញថ្នាក់ជាតិដែលធ្វើការរារាំងមិនឲ្យមនុស្សធ្វើអត្តឃាត និងអង្គការសម្ព័ន្ធភាពជាតិស្តីពីជំងឺផ្លូវចិត្ត NAMI ផ្តល់ធនធាននានា ដូចជា ព័ត៌មានអប់រំ ការពិនិត្យតាមអនឡាញដោយឥតគិតថ្លៃ និងលេខទូរស័ព្ទសម្រាប់ការហៅបន្ទាន់ជាដើម។ ព័ត៌មានបន្ថែមអំពីសុខភាពផ្លូវចិត្ត និងជំងឺកូវីដ១៩ គឺមាននៅលើគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺដែលហៅកាត់ថា CDC៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់