បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​​ក្នុង​គុក​ទួលស្លែង​​នឹង​ត្រូវ​​សម្ពោធ​ថ្ងៃ​ព្រហស្បតិ៍

បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​​ក្នុង​គុក​ទួលស្លែង (រូប​ថត​ផ្តល់​ឲ្យ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម)

អង្គភាព​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម​និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នឹង​ធ្វើ​ពិធី​សម្ពោធ​បូជនីយដ្ឋាន​មួយ​ក្នុង​បរិវេណ​អតីត​គុក​ទទួល​ស្លែង​ S-21​ របស់​ខ្មែរក្រហម​ដើម្បី​ចងចាំ​និង​រំឭក​វិញ្ញាក្ខន្ធ​ដល់​ជន​រង​គ្រោះ​ចំនួន​១២.២៧២​នាក់​ដែល​ត្រូវ​ក្រុមខ្មែរ​ក្រហម​ធ្វើ​ទារុណ្មកម្ម​និង​សម្លាប់​ក្នុង​សម័យ​ខ្មែរក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​និយាយ​ថា​ បូជនីយដ្ឋាន​ដែល​មាន​កម្ពស់៦ម៉ែត្រ​ សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៤០០​ម៉ែត្រ​ការ៉េ​នោះ​ ត្រូវ​សាង​សង់​ឡើង​ដោយ​មាន​ការ​រៀបចំ​ប្លង់​ដោយ​អគ្គ​នាយកដ្ឋាន​បេតិក​ភ័ណ្ឌ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​អង្គភាព​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម ​ហើយ​នឹង​ទទួល​ជំនួយ​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​អភិវឌ្ឍន៍​អាល្លឺម៉ង់។​ កម្មវិធី​សម្ពោធ​បូជនីយ៍ដ្ឋាន​នេះ​នឹង​ធ្វើនៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ ​អាន​ រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​សម្រាប់​ដំណើរការ​កាត់​ទោស​ខ្មែរក្រហម​ នឹង​ចូលរួម​ជា​អធិបតី​ជាមួយ​នឹង​ឯក​អគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់។​

សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​របស់​សាលាក្តី​ខ្មែរក្រហមបាន​និយាយ​ថា៖​

«បូជនីយដ្ឋាន​នេះ​សាងសង់​ឡើង​ដើម្បីជា​ការ​ចងចាំ​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​ រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ជា​ពិសេស​ជន​រងគ្រោះ ចំនួន​១២២៧២​នាក់​ ដែល​បាន​ជាប់​ឃុំឃាំង​ខុស​ច្បាប់​នៅ​គុក​ទួលស្លែង​ ឬមន្ទីរ ស-២១​ ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩»។​

ការ​សាង​សង់​នេះ​ត្រូវគេ​ដឹង​ថា ​កើត​ឡើង​ក្រោយពេល​ដែល​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហម​ អ្នក​រួច​ជីវិត​ពីគុក​ទួលស្លែង​នេះ​ ទាមទារ​យ៉ាង​ខ្លាំង​ដើម្បី​ជា​ផ្នែក​ មួយ​នៃ​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត ​ឬ​ជា​សំណង​សមូហភាព​ដែល​ក្រុម​ជន​រងគ្រោះ​ទាមទារ​ចង់​បាន​ ក្រៅពី​សំណង​ផ្សេងៗ​ទៀត។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានចាត់​ទុក​ថា ​ការ​សាង​សង់​បូជនីយដ្ឋាន​នេះ​គឺ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ជន​រងគ្រោះ​ដ៏​ទូលំ​ទូលាយ។​

ការ​សាង​សង់​នេះ​បាន​កើត​ឡើង​ ក្រោយ​ពេល​ដែល​មេគុក​ទួលស្លែង​គឺ​កាំងហ្កេចអ៊ាវ​ ហៅ​ឌុច​ ត្រូវ​កាត់​ទោស​បន្ថែម​ឲ្យ​ជាប់​គុក​មួយ​ជីវិត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ​និង​ការ​កាប់​សម្លាប់​អ្នកទោស​ក្នុង​គុក​ទួលស្លែង​នេះ៕