សាលាក្តី​ខ្មែរក្រហម​និង​ក្រសួង​វប្បធម៌​នឹង​សង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​គុក​ស២១

ពលរដ្ឋ​ខ្មែរ មើល​រូបថត​​ជន​រងគ្រោះ​​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ដែល​ដាក់​តាំង​នៅ​សារមន្ទីរ​ទួលស្លែង​ ក្នុង​រាជធានី​ភ្នំពេញ។

សាលាក្តី​ខ្មែរ​ក្រហម​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឯកភាព​គ្នា​សាងសង់​ស្តូប​មួយ​នៅ​ក្នុង​បរិវេណ​សារមន្ទីរជាតិ​ទួលស្លែងសម្រាប់​រំលឹក​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​កាប់សម្លាប់​នៅ​ក្នុង​អតីតគុក​ដ៏ប្រល័យ​របស់​ពួក​ខ្មែរក្រហម​នេះ។

មនុស្ស​យ៉ាង​តិច​១២.៣៨០​នាក់​ត្រូវ​ចាប់ខ្លួន​មកឃុំឃាំង​នៅ​មន្ទីរ​ស ២១ ​ឬ​គុកទួលស្លែង​នេះ​ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​សួរ​ចម្លើយ​និង​ត្រូវ​សម្លាប់​ចោល​ក្នុង​ពេល​ក្រោយមក។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តីខ្មែរក្រហម​នៅថ្ងៃ​អង្គារ​នេះគម្រោង​សាងសង់ស្តូប​រំលឹកវិញ្ញាណខន្ធអ្នកទោស​គុក​ទួល​ស្លែង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែកក្កដា​នេះ​ក្នុង​ឱកាស​នៃការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ជាមួយ​ក្រសួង​វប្បធម៌។

លោក​នេត្រ ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យដឹងថា​ស្តូប​រំលឹក​វិញ្ញាណខន្ធ​នេះជា​ផ្នែក​មួយ​នៃ​សំណង​ផ្លូវ​ចិត្ត​ដល់​ជនរងគ្រោះ។


«ស្តូប​នេះ​គឺ​ស្ថិត​នៅ​ក្រៅ​គម្រោង​សំណង​ក្រៅ​វិធានការ​តុលាការ។​គឺជា​គម្រោង​សំណង​មួយ​ដែល​ភាគី​ពាក់ព័ន្ធ​នានា​អាច​នឹង​ចូលរួម​ធ្វើ​ដើម្បី​ផ្តល់​នូវ​សំណង​សម្រាប់​ជន​រងគ្រោះ»។

​គេ​នៅ​មិនទាន់​ដឹង​ជាក់លាក់​ថា​តើ​ស្តូប​នេះ​នឹងមាន​ទំហំ​ប៉ុណ្ណា ​ហើយ​ឈ្មោះ​របស់ជន​រងគ្រោះ​នឹង​ត្រូវ​ចារឹក​លើ​នោះ​ដែរ​ឬ​យ៉ាងណា។

លោកហាប់​ ទូច ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បញ្ជាក់​ថា​កិច្ច​ពិភាក្សា​លម្អិត​លើ​បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​នៅ​ពេល​ក្រោយ។

លោក​បាន​បន្ថែម​ថា៖​ «ក្រោយ​ពី​យើង​ចុះ​MOU ជាមួយ​អ.វ.ត.ក ​យើង​នឹង​រៀប​ចំ​សិក្ខាសាលា​រួម​មួយ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ត្រួត​ពិនិត្យ​លើ​ប្លង់​ហ្នឹង​បន្ថែម​ទៀត​ថា​តើ​យើង​គួរផ្តល់​យោបល់​យ៉ាង​ម៉េច​ដើម្បីឲ្យ​ប្លង់​នឹង​អាច​ទទួល​យក​បាន»។

កាំង កេកអ៊ាវ​ ហៅឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​សម្រាប់​ការ​ទទួល​ខុសត្រូវ​ចំពោះអំពើ​ឃោរឃៅ​ក្នុង​គុក​ទួល​ស្លែង​នេះ។

​លោកជុំ ម៉ី ​ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ក្សេមក្សាន្ត​និង​ជាអតីត​អ្នកទោស​គុក​ទួល​ស្លែង​បាន​ឲ្យ​ដឹងថា​អតីត​ជនរងគ្រោះបាន​ស្នើ​ឲ្យមាន​ស្តូប​នេះ​យូរ​មក​ហើយ។​

«កសាង​ស្តូប​នេះ​ជា​គំនិត​របស់​សមាគម​ក្សេម​ក្សាន្ត​សុំឲ្យធ្វើ​សំណង​ក្នុង​សារមន្ទី​ទួលស្លែង​ គឺ​សាង​សង់​ស្តូប​នៅ​ទីនោះ។ ឲ្យ​តែ​មាន​ស្លាប់​នៅ​ទីនោះ​គឺមាន​ឈ្មោះត្រូវ​ឆ្លាក់​នៅនោះ»។

អង្គភាព​គាំពារ​ជនរងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម​ធ្លាប់​បានចុះហត្ថ​លេខា​លើ​អនុ​ស្សរណៈ​យោគយល់​ជាមួយ​អង្គការ​មួយ​ចំនួនដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ជា​ពិសេស​តាមរយៈ​ការតាំង​ពិព័ណ៌​រូបថត៕