សមាជិកដ៏សំខាន់ម្នាក់នៃក្រុមការងារទប់ទប់ជំងឺកូវីដ១៩ របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានគូសបញ្ជាក់ថា ប្រទេសអាមេរិកកំពុងចូលក្នុង «ដំណាក់កាលដ៏ប្រល័យ» មួយនៃជំងឺកូវីដ១៩ ដែលកើតមានឡើងក្នុងរយៈពេលជិតមួយឆ្នាំនេះ។
បណ្តាញសារព័ត៌មានផ្សព្វផ្សាយថា លោកស្រីវេជ្ជបណ្ឌិត Deborah Birx ដែលជាអ្នកសម្របសម្រួលកិច្ចការរបស់ក្រុមការងារទប់ទល់ជំងឺកូវីដ១៩ នោះ បានចេញសេចក្តីជូនដំណឹងផ្ទៃក្នុងមួយ ដោយជំរុញឲ្យមន្ត្រីរដ្ឋបាលរបស់លោក Trump អនុវត្តនូវ «វិធីមួយដែលខ្លាំងនិងមានតុល្យភាព» រវាងវិធានការបិទសកម្មភាពសង្គម និងវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលក្នុងនោះរួមមានការជំរុញឲ្យពលរដ្ឋអាមេរិកាំងពាក់ម៉ាស់ ការពារការរក្សាគម្លាតពីគ្នានិងពីសង្គម និងគម្រោងធ្វើតេស្តរកជំងឺកូវីដ១៩ ដ៏រឹងមាំមួយ។
ការជូនដំណឹងផ្ទៃក្នុងរបស់លោកស្រីវេជ្ជបណ្ឌិត Birx មានលក្ខណៈផ្ទុយគ្នាទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតរបស់លោក ដែលថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងបាននូវជំងឺរាតត្បាតនេះ ដែលបានសម្លាប់ជីវិតពលរដ្ឋអស់ជាង ២៣០.០០០ នាក់ និងមានអ្នកឆ្លងដោយសារជំងឺនេះជាង ៩,២ លាននាក់។
កាលពីថ្ងៃច័ន្ទ មានអ្នកឆ្លងថ្មីចំនួន ៨៤.០៨៩ នាក់ និងមានអ្នកស្លាប់ចំនួន ៥៥៧ នាក់ នៅសហរដ្ឋអាមេរិក នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins។
វ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងចុងក្រោយ ប៉ុន្តែអ្នកជំនាញនិយាយថា វ៉ាក់សាំងដែលមានសុវត្ថិភាពមួយនិងត្រូវចែកចាយទូលំទូលាយនោះ ទំនងនឹងមិនអាចមានទេ រហូតដល់ឆ្នាំក្រោយ៕