ការ​រលាយ​ទឹកកក​នៅ​តំបន់​ទីបេ​អាច​គំរាមកំហែង​ដល់​មនុស្ស​រាប់​ពាន់​លាន​នាក់

នេះ​ជា​ទិដ្ឋភាព​នៃ​ផ្ទាំង​ទឹកកក​ទីបេ​ដែល​មាន​ចម្ងាយ​២០០គ.ម ពី​ភាគ​ខាង​លិច​នៃ​តំបន់​ស្វយ័ត Lhasa Tibet កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩។

ដោយ​មាន​សីតុណ្ហភាព​កំពុង​កើន​ឡើង​៤​ដង​លឿន​ជាង​ទី​កន្លែង​ផ្សេង​ទៀតនៅ​ក្នុង​ទ្វីប​អាស៊ី ​ពួក​អ្នក​វិទ្យាសាស្រ្ត​ចិន ​និយាយ​ថា តំបន់​ខ្ពង់រាប អាច​បាតបង់​ផ្ទាំង​ទឹកកក​ និង​ស្រទាប់​ដី​ក្រោម​ទឹកកក​នៅ​ពេល​ឆាប់​ៗ​នេះ ​ដោយ​ការ​ប៉ះពាល់​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​ទូទាំង​តំបន់​អាស៊ី។

តំបន់​ខ្ពង់​រាប​ទីបេ​ដែល​គេ​ស្គាល់​ថា ​ដំបូល​របស់​ពិភពលោក ​មាន​ទំហំ​ប៉ុន​តំបន់​អឺរ៉ុប​ភាគ​ខាង​លិច​ហើយ​ធ្វើ​ការ​ផ្គត់​ផ្គង់​ទឹក​ដល់​មនុស្ស​ជិត​២​ពាន់​លាន​នាក់​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែល​ជា​ប្រភព​ទឹក​របស់​ទន្លេ​សំ​ខាន់​ៗ​ជា​ច្រើន​រួមមាន ​ទន្លេ Yangze ​ទន្លេ​មេគង្គ ទន្លេ Salween ទន្លេ Indus ទន្លេ Brahmaputra ​ហើយ​និង​ទន្លេ​លឿង។

​ក៏ប៉ុន្តែ ​ពីព្រោះ​តែ​ផល​ប៉ះ​ពាល់​នៃការ​ផ្លាស់​ប្តូរ​អាកាសធាតុ ​ផ្ទាំងទឹកកក ​កំពុង​រលាយ​យ៉ាង​ឆាប់​រហ័ស ​វាល​ស្មៅ ​កំពុង​រួម​តូច​នៅពេល​ដែល​វាល​រហោឋាន​រីកកាន់​តែ​ធំ​ឡើង ​ទឹក​ភ្លៀង​ក្នុង​តំបន់ ​មាន​ភាព​មិន​ប្រក្រតី ​កម្រិត​ទឹក​កំពុង​ធ្លាក់​ចុះ​នៅ​ក្នុង​ទន្លេ​សំខាន់ៗ​ហើយ​ស្រទាប់​ដី​ក្រោម​ទឹក​កក​កំពុង​រលាយ។

យោង​តាម​ការ​សិក្សា ​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ទីបេ ​ដែល​ជា​ប្រភព​ទឹក​សាប​ដ៏​ធំ​បំផុត​នៅ​ខាង​ក្រៅ​តំបន់​ប៉ូល ​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​ផលវិបាក​ជា​ច្រើនទាំង​នៅ​ក្នុងមូលដ្ឋាន ​និង​នៅ​ក្នុង​សាកលលោក ​រួម​មាន​រលក​ក្តៅ​នៅ​តំបន់​អឺរ៉ុប។

​ក្រុម​មន្រ្តី​ចិន ​ប៉ាន់​ស្មាន​ថា ​ទីបេ ​បាន​ផ្ទុក​ផ្ទាំង​ទឹកក​ប្រហែល១៤,៥ ភាគរយ​របស់​ពិភពលោក ​ខណៈ​ដែល​មាន​ទ្រឹស្តី​បន្តិចបន្តួច​ខុស​គ្នាពី​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការ​រលាយ​ផ្ទាំង​ទឹកកក​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​កាល​ពី​ខែ​មេសា​ថា ផ្ទាំង​ទឹកកក​ជា​មធ្យម​ចំនួន២៤៧​គីឡូម៉ែត្រ​ការ៉េ ​កំពុង​រលាយ​ជារៀង​រាល់​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៥០​មក ផ្ទាំង​ទឹកកក​ប្រហែល​៧ពាន់​៦រយ គ.ម​ការ៉េ ឬ​ប្រហែល​១៨​ភាគរយ​នៃ​ផ្ទាំង​ទឹកកក​ទាំងអស់ ​បាន​រលាយ៕