លោកស្រី Melania Trump ​ប្តឹង​ចោទ​ថា​អត្ថបទសារព័ត៌មាន​​ធ្វើ​ឱ្យ​លោកស្រី​ខាតប្រាក់​រាប់លាន

ស្រ្តី​ទី​១ Melania Trump ចូល​រួម​ក្នុង​ពិធី​កាកបាទ​ក្រហម​ប្រចាំឆ្នាំ​លើក​ទី​៦០នៅ​ក្លឹប Mar-a-Lago ទីក្រុង Palm Beach​ រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​០៤ កុម្ភៈ ២០១៧។

លោក​ស្រីទីមួយ​របស់​សហរដ្ឋ​អាមេរិក​ Melania Trump ​បាន​ដាក់​បណ្តឹង​បរិហាកេរ្តិ៍​ឡើងវិញ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដែល​បាន​បោះពុម្ភ​ផ្សាយ​គេហទំព័រ​ Daily Mail​ ដោយ​និយាយ​ថា​អត្ថបទ​ដែល​បាន​ផ្សាយ​កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​បាន​ធ្វើឱ្យ​ខូចខាតដល់​សមត្ថភាព​ក្នុង​ការ​រកប្រាក់​ជាច្រើន​លានដុល្លារ​ក្នុង​អំឡុងពេល​មួយ​ដែល​លោកស្រី​អាច​ជាស្ត្រី​ដែល​គេ​ចង់​ថត​រូប​បំផុត​នៅក្នុង​ពិភពលោក។​

អត្ថបទ​នោះ​បាន​ផ្សាយ​ពី​ការចោទ​ប្រកាន់​មិន​ពិតនៅក្នុង​សៀវភៅ​មួយ​និង​ទស្សនាវដ្តី​មួយ​របស់​ប្រទេស​ស្លូវ៉ានី​ថា​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​ដែលលោកស្រី ​ត្រាំ​ ធ្លាប់​ធ្វើការ​គឺ​ជា​ទីភ្នាក់ងារ​ផ្តល់​សេវា​ស្រ្តី​កំដរភ្ញៀវ។

មេធាវី​របស់​លោកស្រីត្រាំ​បាន​ថ្លែង​នៅក្នុង​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ប្តឹង​នៅ​ទីក្រុង​ញូវយ៉ក​ថា​អត្ថបទ​នោះ​បាន​ពណ៌នា​ដោយ​មិន​ពិត​ថា​លោកស្រី​គឺ​ជា​ស្ត្រី​រកស៊ីផ្លូវភេទ​ហើយ​ថា​គេហទំព័រ​ Daily Mail ​បាន​ផ្សាយ​អត្ថបទ​នោះ​ដោយ​ដឹង​ថា​ការចោទ​ប្រកាន់នោះ មិនពិត​ឬក៏​មាន «ការ​ធ្វេសប្រហែល​ក្នុងការ​ស្រាវជ្រាវ​រក​ការពិត‍»។​

ពាក្យ​បណ្តឹងនោះ​ទាមទារ​ប្រាក់​សំណង​ចំនួន​ ១៥០លានដុល្លារ​ចំពោះ​ថ្លៃខូចខាត​មុខរបរ​របស់​លោកស្រី​និង​ការប៉ះពាល់​ផ្លូវ​អារម្មណ៍។​

នៅពេលដែល​អត្ថបទ​នោះ​ត្រូវផ្សាយ​ផ្សព្វផ្សាយ​ ស្វាមី​របស់​លោកស្រី​គឺ​លោកដូណាល់ ត្រាំ​ត្រូវ​បាន​គេ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​សាធារណរដ្ឋ​នៅ​ឯ​មហាសន្និបាត​គណបក្ស​ដោយលោកស្រី​ Melania ក៏បាន​ឡើងថ្លែង​សុន្ទរកថាផងដែរ៕