ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី ​Le Pen​ ធ្វើ​យុទ្ធនាការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​និង​ប្តេជ្ញា​គិតគូរ​ពី​បារាំង​ជា​ធំ


មេដឹកនាំស្តាំ​និយម​ និង​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​ លោកស្រី Marine Le Pen (កណ្ដាល) ឈរ​ជាមួយ​សមាជិក​គណបក្ស នៅពេល​​បញ្ចប់​សន្និសីទ​មួយ​នៅ​ទីក្រុង Lyon ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ ខែ​កុម្ភៈ។

លោកស្រី ​Marine Le Pen ​អ្នកជាតិ​និយម​បារាំង ​បាន​ប្តេជ្ញា​គិតគូរ​ពី​ប្រទេស​បារាំង​ជា​ធំ ខណៈ​ដែល​លោកស្រី​ធ្វើ​យុទ្ធនាការ​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃ អាទិត្យ ដោយ​និយាយ​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម។

លោកស្រី​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ក្នុង​កណ្តាល​ទីក្រុង Lyon ថា៖ «លទ្ធផល​នៃ​ការបោះឆ្នោត​បឋម​បង្ហាញ​ថា វេទិកា​ពិភាក្សា​ដេញ​ដោល​ទៅ​លើ​ការបែង​ចែក​និកាយ ​អន្តោប្រវេសន៍ សកលភាវូបនីយកម្ម ឬ​ការ​កាត់​បន្ថយ​បទបញ្ញត្តិ​ទូទៅ បង្កើត​ឲ្យ​ការបែង​ចែក​ជា​មូលដ្ឋាន។ ការបែង​ចែក​នេះ​មិន​មែន​រវាង​ស្តាំ​និយម​និង​ឆ្វេង​និយម​ទៀត​ទេ ប៉ុន្តែ​គឺ​ជា​ការបែងចែក​រវាង​អ្នក​ស្រឡាញ់​ជាតិ​និង​អ្នកគាំទ្រ​សកលភាវូបនីយកម្ម»។

លោកស្រី Le Pen គឺ​ជា​សំឡេង​តំណាង​ឲ្យ​គណបក្ស​ជាតិ​សេរី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បន្ត​ទទួល​បាន​ប្រជាប្រិយភាព ខណៈ​ដែល​បារាំង​បាន​ធ្លាក់​ចូល​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម ដែល​បាន​ធ្វើ​ឲ្យ​អ្នកបោះ​ឆ្នោត​ប្តូរ​ទៅ​រក​គោល​នយោបាយ​ជាតិនិយម​និង​ប្រជានិយម​វិញ។ លោកស្រី Le Pen ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​ស្នើ​ឲ្យ​ហាម​ឃាត់​មិន​ស្ត្រី​កាន់​សាសនា​ឥស្លាម​រុំ​កន្សែង​បិទ​មុខ និង​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាន់​សាសនា​ជ្វីស​ពាក់​មួក​សាសនា​របស់​ខ្លួន​នៅ​តាម​ដង​វិធី​នានា។ ​

លោក​ស្រី​បាន​និយាយ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ដោយ​សារ​ហេតុផល​សេដ្ឋកិច្ច និង​និយាយ​អះអាង​ដូច​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ ថា​ជន​អន្តោប្រវេសន៍​ទាមទារ​យក​សុខុមាលភាព ដោយ​ទាញ​យក​ប្រាក់​ពន្ធ​មិន​សមស្រប​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង។

លោកស្រី​បាន​សួរ​ទៅ​កាន់​ហ្វូង​អ្នកគាំទ្រ​របស់​លោកស្រី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «តើ​អ្នក​គិត​ថា នេះ​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ ដែល​ក្រុមគ្រួសារ​បារាំង​ខិតខំ​ធ្វើការ​អស់​មួយ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​គ្មាន​សូម្បី​តែ​ប្រាក់​ទិញ​ម្ហូប​សម្រាប់​បរិភោគ ខណៈ​ដែល​យើង​ផ្តល់​ប្រាក់​រាប់​លាន​អឺរ៉ូ​ទៅ​ឲ្យ​ជនបរទេស?»​

លទ្ធផល​ស្ទង់​មតិសាធារណៈ​បង្ហាញ​ថា លោកស្រី Le Pen ទទួល​បាន​ការគាំទ្រ​គ្រប់​គ្រាន់​ដើម្បី​ឆ្លង​ផុត​ជុំ​ទី​មួយ​នៃ​ការ​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​បាន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG