ជនសង្ស័យថាជាឃាតករសម្លាប់​លោក កែម ឡី ជា​នរណា?

រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

អ្វី​ដែល​បង​ប្អូន​ ព្រះ​សង្ឃ​ និង​មិត្ត​ភក្តិ​ដឹង​អំពី​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត អាង ​​នោះ​គឺ​ជន​នេះ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​វ័យ​៤៤ឆ្នាំ ធ្លាប់​បួស​ជា​សង្ឃ ជា​អ្នក​លេង​ល្បែង​ ជា​អ្នក​បង្ក​បញ្ហា​ ហើយ​មិន​មាន​លុយ​ចាយ​គ្រប់គ្រាន់​ទេ។

មាន​ព័ត៌មាន​តិចតួច​ដែល​គេ​ដឹង​អំពី​ជន​សង្ស័យ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សម្លាប់​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​កម្ពុជា​គឺ​លោក​ កែម ឡី។​

អ្វី​ដែល​បង​ប្អូន​ ព្រះ​សង្ឃ​ និង​មិត្ត​ភក្តិ​ដឹង​អំពី​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត អាង នោះ​គឺ​ជន​នេះ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​វ័យ​៤៤ឆ្នាំ ធ្លាប់​បួស​ជា​សង្ឃ ជា​អ្នក​លេង​ល្បែង​ ជា​អ្នក​បង្ក​បញ្ហា​ ហើយ​មិន​មាន​លុយ​ចាយ​គ្រប់គ្រាន់​ទេ។​

ព័ត៌មាន​អំពី​ អឿត អាង ​ដែល​អះអាង​ថា​ ខ្លួន​ឈ្មោះ​ «ជួប ​សម្លាប់‍» ​បាន​ធ្វើ​ឲ្យ​មាន​សំណួរ​ច្រើន​ជាង​ចម្លើយ។​

សូម​រំឭក​ថា​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​កក្កដា​ឆ្នាំ​នេះ​ លោក​ កែម ឡី​ បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​ StarMart​ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​មួយ​នៅ​រាជធានី​ភ្នំពេញ។​

ដោយ​ហាក់​ដូច​ជា​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ អឿត អាង​ បាន​បាញ់​លោក ​កែម ឡី​ ចំនួន​ពីរ​គ្រាប់។ គ្រាប់​ចុង​ក្រោយ​បង្អស់​បាញ់​ចំ​ក្បាល​របស់​លោក​ កែម ឡី។ ​នេះ​គឺ​ជា​គ្រាប់​ដែល​ជន​នេះ​ប្រាកដ​ក្នុង​ចិត្ត​ថា ​លោក​ កែម ​ឡី​ នឹង​ត្រូវ​ស្លាប់។​

ក្រោយ​ពី​ការ​បាញ់​នោះ ​អឿត អាង ​បាន​សារភាព​ដោយ​ប្រាប់​សមត្ថកិច្ច​ថា ​ខ្លួន​ឈ្មោះ «ជួប សម្លាប់‍»​ ដែល​ជា​ឈ្មោះ​ក្លែង​ក្លាយ។​

ក្រោយ​ការ​បាញ់​ប្រហារ​នោះ​ អ្នក​ដែល​បាន​ឃើញ​ អឿត អាង ​បាន​និយាយ​ថា ​អឿត អាង​ បាន​ជួប​លោក ​កែម ឡី​ ហើយ​បាញ់​សម្លាប់​លោក​តែ​ម្តង​គឺ​ធ្វើ​សកម្ម​ភាព​ដូច​ឈ្មោះ​របស់​ខ្លួន​«ជួប សម្លាប់»។​

មូលហេតុ​របស់​ អឿត អាង​ ក្នុង​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ នេះ​គឺ​ពិបាក​ជឿ ​និង​ពិបាក​យល់។​

ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ ​អឿត អាង ​ហាក់​ដូច​ជា​មិន​សូវ​ខ្វល់​នឹង​ការ​រត់​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច​ទេ ​ហើយ​ជន​នេះ​បាន​ដើរ​ចេញ​ពី​កន្លែង​បាញ់​ប្រហារ​ដោយ​ធម្មតា ​ធ្វើ​ហាក់​ដូចជា​មិន​មាន​អ្វី​កើត​ឡើង។​

ដោយ​មាន​កាំភ្លើង​ខ្លី​តម្លៃ​ថ្លៃ​នៅ​ក្នុង​ដៃ​ បុរស​ក្រីក្រ​ និង​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នេះ​បាន​ក្រវី​កាណុង​កាំភ្លើង​ទៅ​រក​មនុស្ស​មួយ​ក្រុម​តូច​ដែល​ដើរ​តាម​ខ្លួន នៅ​ពេល​ដែល​ជន​នេះ​ដើរ​នៅ​តាម​ផ្លូវ​ដ៏​មមាញឹក​បាន​ប្រហែល​៣០​នាទី។​

អឿត អាង ​ហាក់​ដូច​ជា​មិន​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ចាប់​ខ្លួន​ទេ។ ​

សម​នឹងឈ្មោះ​របស់​គាត់​ដែល​គាត់​បាន​ដាក់ដោយ​ខ្លួន​ឯង​នោះ «ជួប សម្លាប់‍» ​គឺ​ទំនង​ជា​មិនខ្វល់​នឹង​ការ​ជាប់​ឈ្មោះ​ជា​ឃាតករ​ ​ហើយ​ក៏​មិន​ខ្លាច​ប៉ូលិស​ចាប់​ខ្លួន​ដែរ។

ក្រោយ​មក​ អឿត អាង​ បាន​និយាយ​ថា​ ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង​ដោយ​សារ​បំណុល​រវាង​លោក​នឹង​លោក​ កែម ឡី។ ​អឿត អាង​ និយាយ​ដូច្នេះ​នៅ​ក្នុង​វីដេអូមួយ​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ។​

នៅ​ក្នុង​វីដេអូ​នោះ​ គាត់​បាន​សារភាព​ថា​ គាត់​បាញ់​សម្លាប់​លោក​ កែម ឡី ​ដោយ​សារ​តែ​លោក​ កែម ឡី​ ជំពាក់​លុយ​ខ្លួន​៣០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​មិន​ព្រម​សង។​

សាច់​ញាតិ​ និង​មិត្ត​ភក្តិ​របស់​ អឿត អាង ​នៅ​ខេត្ត​សៀមរាប​បាន​និយាយ​ថា​ អឿត អាង​មិន​មាន​លុយ​ឲ្យ​នរណា​ម្នាក់​ខ្ចី​នោះ​ទេ។​

មិន​យូរ​ប៉ុន្មាន​មុន​ការ​បាញ់​ប្រហារ​នោះ​ អឿត អាង​ ​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ខេត្ត​សៀមរាប​ ហើយ​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំ​ពេញ​ដោយ​ប្រាប់​ប្រពន្ធ​គាត់​ថា ​រូប​គាត់​មក​ជួប​បង​ប្អូន។​

ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ជឿ​ថា ​លោក​ កែម ឡី​ ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​លោក​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ទៅ​លើ​របាយ​ការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការ​ Global Witness។​ របាយ​ការណ៍​នោះ​បាន​បង្ហាញ​ថា ​កូន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​មាន​សម្បត្តិ​ផ្ទាល់​ខ្លួន​រាប់​រយ​លាន​ដុល្លារ​ និង​មាន​ចំណែក​ក្នុង​ជំនួញ​ជា​ច្រើន​ទាក់ទង​នឹង​កម្ពុជា។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

នៅ​ក្នុង​ប្រទេស​ដែល​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​តែង​តែ​ត្រូវ​រង​គ្រាប់​កាំភ្លើង​នោះ​ ​ ប្រជាជន​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ​ការ​បាញ់​ប្រហារ​នោះ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រាជ​រដ្ឋាភិបាល។ ​ការ​សន្និដ្ឋាន​នេះ​នាំឲ្យ​មាន​ជំនឿ​ដែលនាំ​ឲ្យ​មាន​ការ​អាក់អន់​ចិត្ត​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ក្នុង​ចំណោម​យុវជន​យុវនារី​ជំនាន់​ក្រោយ។ ​ពួកគេ​អាក់អន់​ចិត្ត​ចំពោះ​ការ​ដឹកនាំ​មិន​ល្អ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

អឿត​អាង ឬ​ «ជួប ​សម្លាប់‍» ​ក្លាយ​ជា​ទាហាន​។

នៅ​ក្នុង​ឃុំ​នគរ​ភាស ​នៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀមរាប អ្នក​ដែល​ស្គាល់​ អឿត អាង ​បាន​និយាយ​ថា​ ពួក​គេ​ស្ទើរ​តែ​មិន​ជឿ​ថា ​អឿត អាង ​ជា​អ្នក​បង្ក​ការ​បាញ់​សម្លាប់​នេះ​ទេ។​

រឿង​ដែល​កាន់​តែ​មិន​គួរ​ឲ្យ​ជឿ​ទៅ​ទៀត​នោះ​គឺ​ការ​អះអាង​របស់ ​អឿត អាង ​ដែល​ថា​ ខ្លួនមាន​លុយ៣០០០​ដុល្លារ​ឲ្យ​គេខ្ចី​ ជា​ពិសេស​គឺ​លោក ​កែម ឡី ​អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

សាច់​ញាតិ​ និង​មិត្ត​ភក្តិ​បាន​ប្រាប់​ VOA ​ថា ​ពួក​គេ​ងឿង​ឆ្ងល់​អំពី​រឿង​ដែល​ថា ​អឿត អាង​ និង​លោក​ កែម ឡី​ ស្គាល់​គ្នា​នោះ។​

លោក ​អ៊ុំ អឿង​ ជា​មិត្តភក្តិ​ជាង​៣០​ឆ្នាំ​របស់​ អឿត អាង​ បាន​និយាយ​ថា ​អឿត អាង​បាន​ទូរស័ព្ទ​មក​ប្រាប់​លោក​អំពី​ដំណឹង​ដែល​ថា ​ខ្លួន​មាន​ការងារ​ថ្មី​ជា​ទាហាន។​

លោក​ អ៊ុំ អឿង ​និយាយ​ថា៖​ «កន្លះ​ខែ​ពេល​បាត់​ខ្លួន​ ខ្ញុំ​តេ​អត់​ដែល​ចូល​សោះ។ ​ស្រាប់​តែ​ថ្ងៃ​មួយ​ មុន​ព្រឹត្តិ​ការណ៍​ប្រាំ​មួយ​ថ្ងៃ ​គាត់​តេ​មក​ខ្ញុំ។ ​តេ​មក​ខ្ញុំ​ថា​ បង! ​បង​ឯង​នៅ​ណា?​ ខ្ញុំ​ថា ​អញ​នៅ​ផ្ទះ។​ ឯង​នៅ​ណា?​ អញ​តេ​រក​ឯង​មិន​ដែល​ចូល។​ ខ្ញុំ​អាឡែង​រៀន ​មិន​ដែល​បាន​បើក​ទូរស័ព្ទ។​ ចុះ​ឯង​ធ្វើ​អី?​ ខ្ញុំ​ធ្វើ​ទាហាន​ហើយ​បង។​ ខ្ញុំ​ឈប់​ធ្វើ​បរិស្ថាន​ហើយ»។

លោក​បាន​បន្ថែម​ថា៖​ «ឯង​ធ្វើ​ទាហាន​នៅ​ឯ​ណា? ​ខ្ញុំ​ធ្វើ​ទាហាន​នៅ​ភ្នំពេញ។ ​ចុះ​បាន​ប្រាក់​ខែ​ប៉ុន្មាន?​ ៣០០[ដុល្លារ]។​ អើ​បើ​បាន​៣០០ ឯង​រក​ការងារ​ឲ្យឯង​ធ្វើ​ការ​ផង​មក។ ​មានការងារ​ល្អ​ ក្រែង​ឯង​ចាស់​ទៅ​បាន​លុយ​អាត្រែត​ហូប​នឹង​គេ។​ ទូរស័ព្ទ​ក៏​ត្រូវ​ដាច់​បាត់»។

អ៊ុំ អឿង មិត្តភ័ក្តរបស់ អឿត អាង ជនសង្ស័យបាញ់សម្លាប់លោក កែម ឡី និយាយជាមួយ VOA កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក ​អ៊ុំ អឿង ​នៅ​ចាំ​ថា​ ​ទូរស័ព្ទ​នោះ​ដាច់ ​ពេល​និយាយ​មិន​ទាន់ចប់​ស្រួល​បួល។​

ក្រោយ​មក​ ​លោក​អ៊ុំ អឿង បាន​ឃើញ​មិត្ត​ភ័ក្តិ​របស់​លោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍។​

លោក​បាន​និយាយ​រៀប​រាប់​ពី​មិត្តភក្តិ​របស់​លោក​ដែល​ជា​អតីត​សង្ឃ​មួយ​អង្គ​ដែល​មាន​សណ្តាន​ចិត្ត​ល្អ​ ហើយ​ផ្តល់​ឲ្យអ្នក​ដទៃ​នូវ​អ្វី​ដែល​គាត់​មាន​ នៅ​ពេល​ដែល​ពួក​គេ​ខ្វះខាត។

«ខ្ញុំ​ស្លុត​ណាស់ ​ខ្ញុំ​អត់​ហូប​បាយ​កើត​ទេ»។​

លោក​បាន​បន្ថែម​ថា៖​ «មាន​លុយ​មួយ​ម៉ឺន​ ពីរ​ម៉ឺន​ ឃើញ​កូន​ក្មេង​ ហុច​ឲ្យ​ក្មេងៗ​គ្រប់​គ្នា​ ហើយ​ទិញ​នំ​ឲ្យចាស់ៗ​ហូប។​ ខ្ញុំ​ថា ​ចរិត​មនុស្ស​នេះ​ល្អ​ណាស់»។​

អ្នកស្រី ហឿម ហួត​ ជួប​ជាមួយ ​អឿត អាង​ កាលពី​នៅ​ដើម​ឆ្នាំ​នេះ ​ហើយ​ពួក​គេ​បាន​រៀបការ​កាលពីខែ​ឧសភា។​

អ្នកស្រី​ ហឿម ហួត​ ដែល​មាន​វ័យ​៤៥​ឆ្នាំ​គឺ​ជា​អ្នក​លក់​សាច់​ជ្រូក​នៅ​ក្នុង​ភូមិ។​ អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រីមិន​សូវ​ដឹង​ច្រើន​អំពី​ប្រវត្តិ​របស់​ប្តីអ្នកស្រី​ដែល​ទើប​តែ​ការ​បាន​ពីរ​ខែ​នោះ​ទេ។​

អ្នកស្រី​គ្រាន់​តែ​ដឹង​តាមរយៈ​គ្រួសារ​ថា​ អឿង អាង​ ធ្លាប់​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​ ធ្លាប់​ធ្វើ​ការ​នៅ​ថៃ​ និង​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​នៅ​ពេល​ចុង​ក្រោយ​បង្អស់​ គាត់​បាន​ចូល​រួម​ការ​ងារ​ជួយ​ថែ​រក្សា​ព្រៃ​ឈើ។

អ្នកស្រី​ ​ហឿម ហួត​ បាន​ប្រាប់ ​VOA ​ថា៖​ «ខ្ញុំ​មិន​ដឹង។​ ខ្ញុំ​ជា​ប្រពន្ធ​ តែ​ខ្ញុំ​មិន​ដឹង»។​

អ្នកស្រី​ ហឿម ហួត ​នៅ​ចាំ​បាន​ថា​ ពីរ​សប្តាហ៍​មុន​ពេល​ដែល​ប្តី​របស់​អ្នកស្រីឈ្មោះអឿត អាង ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប ​ប្តី​របស់អ្នកស្រីប្រាប់​អ្នកស្រី​ថា​ គាត់​ទៅ​ជួប​បង​ប្អូន​នៅ​ទី​ក្រុង​ភ្នំពេញ។​

មុន​ពេល​ អឿត អាង​ ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប អ្នក​ស្រី​ ហឿម ហួត ​និង​ ​អឿង អាង​ទាស់​ពាក្យ​សម្តី​គ្នា​ដោយ​សារ​តែ​ អឿត អាង លេង​ល្បែង។​

អ្នក​ស្រី​បាន​និយាយ​ថា ​អឿត អាង បាន​ចាញ់​ល្បែង​ ​ហើយ​ត្រូវ​លក់​ម៉ូតូ​ថ្មីដើម្បី​សង​បំណុល​គេ។​ អ្នក​ស្រី​បាន​ទិញ​ម៉ូតូ​នេះ​ឲ្យ​ប្តី​របស់​អ្នកស្រី។​

«គាត់​ថា ​គាត់​ទៅ​លេង​ភ្នំ​ពេញ​ ទៅ​ជុំ​បង​ប្អូន​បង​ធម៌។​ ទៅ​ក៏​ទៅ​ ខ្ញុំ​ក៏​មិន​ដែល​បាន​សួរ​ បាន​នាំ​អី​ទេ»។​

អ្នក​ស្រី​ ហឿម ហួត​ បាន​និយាយ​ថា​ ប្តី​របស់​អ្នក​ស្រី​មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ និង​ឈ្មោះ​អ្នក​ដែល​គាត់​ទៅ​ជួប​នោះ​ទេ។

រឿង​មួយ​ដែល​អ្នកស្រី​ ហឿម ហួត​ ប្រាកដ​ក្នុងចិត្ត​នោះ​គឺ​ថា ​អឿត អាង​ ​អត់​មាន​លុយ​ទេ។​

«គាត់​ចាយ​តែ​លុយ​ខ្ញុំ។​ គាត់​មាន​លុយ​មក​ពី​ណា?»​

ព្រះតេជគុណ ស៊ឹម សួន ព្រះសង្ឃនៃវត្តធ្នង់ដែលជាវត្ត អឿត អាង ជនសង្ស័យបាញ់សម្លាប់លោកកែម ឡី ធ្លាប់បួសជាសង្ឃលើកតំបូងកាលពីឆ្នាំ២០១២។ ព្រះតេជគុណ មានសង្ឃដីការជាមួយ VOA កាលពីថ្ងៃព្រហស្បត៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ព្រះតេជគុណ ​ស៊ឹម សួន​ ចៅ​អធិការ​វត្ត​ធ្នង់​ ដែល​ជា​វត្ត​ទី​មួយ​ដែល ​អឿត អាង ​បាន​ទៅ​បួស​ជា​សង្ឃ​ បាន​មាន​សង្ឃដីកា​ប្រាប់​ VOA ​ថា ​អឿត អាង បាន​មក​ជ្រក​កោន​នៅ​វត្ត​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១២។​ ដោយ​សារ​ អឿត អាង ​មាន​អាកប្បកិរិយា​មិន​ល្អ​ ចៅ​អធិការ​វត្ត​ព្រះនាម​ ស៊ឹម សួន ​បាន​ដេញ​ អឿត អាង​ ចេញ​ពី​វត្ត​នេះ​មួយ​ឆ្នាំ​ក្រោយ​មក។​

ព្រះតេជព្រះគុណ​ ស៊ឹម សួន​ បាន​មាន​សង្ឃ​ដីកា​ថា ​ព្រះអង្គ​ដឹង​ថា​ អឿត អាង​ កាល​ពី​មុន​ធ្លាប់​ធ្វើ​ជា​ទាហាន​ ហើយ​ព្រះអង្គ​ក៏​បាន​សួរ​ដើម្បី​ឲ្យប្រាកដ​ថា​ អឿត អាង មិន​ពាក់​ព័ន្ធ​នឹង​កងទ័ព ឬ​មិន​ពាក់​ព័ន្ធ​រឿង​ស្នេហា។

អឿត អាង ​បាន​និយាយ​ថា ​គាត់​ឈប់​ធ្វើ​ជា​ទាហាន​ហើយ​ ហើយ​បាន​បែកបាក់​នឹងប្រពន្ធ​ដើម​របស់​គាត់​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ការ​ជា​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ។ ​ប៉ុន្តែ​សកម្ម​ភាព​របស់​ អឿត អាង ​ក្នុង​ពេលប៉ុន្មាន​ខែ​ក្រោយ​មក​ បាន​បង្ហាញ​ពី​ការ​មិន​គោរព​តាម​អ្វី​ដែល​គាត់​បាន​និយាយ។

ព្រះ​តេជ​ព្រះគុណ​ ស៊ុម​ សាម៉ន​ ព្រះ​សង្ឃ​ថ្នាក់​ស្រុក​ បាន​មាន​សង្ឃដីកា​ថា​ អឿត អាង​ បាន​ទៅ​បួស​នៅ​វត្ត​ចំនួន​បី។​ ហើយ​វត្ត​ពើង​តានន់​ គឺ​ជា​វត្ត​ចុង​ក្រោយ​គេ​បង្អស់​ ដែល​អឿត អាង ​ស្នាក់​នៅ ​មុន​ពេល​ជន​នេះ​ត្រូវ​ផ្សឹក។​

ព្រះតេជគុណ ស៊ុំ សាម៉ន ប្រធានគណៈសង្ឃនៃស្រុកអង្គរជុំ ខេត្តសៀមរាប មានសង្ឃដីការប្រាប់ VOA កាលពីថ្ងៃព្រហស្បត៍ ទី ១៤ ខែកក្កដា ឆ្នាំ២០១៦ ថា អឿត អាង ជនសង្ស័យបាញ់សម្លាប់លោកកែម ឡី ធ្លាប់មានចរិកមិនល្អក្នុងនាមជាសង្ឃ ។ (ឡេង ឡែន/VOA)

នៅ​វត្ត​ពើង​តានន់​ អឿត អាង​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​មាន​លាក់​គ្រាប់​កាំភ្លើង​នៅ​ក្រោម​ដុំ​ថ្ម​នៅ​ក្នុង​បរិវេណ​វត្ត​ និង​មាន​ទំនាក់​ទំនង​ជា​មួយស្ត្រី​ម្នាក់។ ​គណៈកម្មការ​វត្ត​បាន​ព្យាយាម​ផ្សឹក​ អឿត អាង​ តែ​ អឿត អាង ​បដិសេធ។​

ព្រះតេជ​ព្រះគុណ​ ស៊ុម សាម៉ន ​មាន​សង្ឃដីកា​ថា ​អឿត អាង​ បាន​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​វត្ត​មាន​ការ​ភ័យ​ខ្លាច។​

«លោក​តែង​និយាយ​ដែរ​និយាយ​ថា ​ប្រជាជន​ភូមិ​នេះ ​បើ​អាត្មា​ភាព​នៅ​ជា​ឧបាសក​នឹង​យក​កាំភ្លើង​មក​បាញ់​សម្លាប់​ចោល​ទាំង​អស់​ គ្មាន​ទុក​មួយ​ទេ។​ ហើយ​លោក​នេន ​បើ​សិន​ជា​ចចេស​មិន​តាម​លោក ​លោក​ថា​ មើល!​ ករុណា​យក​កាំ​ភ្លើង​ករុណា​មក ​ករុណា​បាញ់​ចោល»។​

អឿង អាង​ កាច​ពេល​ស្រវឹង។​

ឯក អ៊ាម ជាឪពុកមា របស់ អឿត អាង ជនសង្ស័យ​សម្លាប់លោក កែម ឡី ផ្ដល់បទសម្ភាសន៍ជាមួយVOAកាលពីថ្ងៃព្រហស្បត៌ ទី១៤ ខែកក្ដដា ឆ្នាំ២០១៦ នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ (ឡេង ឡែន/VOA)

លោក​ ឯក អៀម​ ត្រូវ​ជា​ពូ​របស់ ​អឿត អាង​ និង​ជា​មេភូមិ​ទន្លេ​សរ ​បាន​និយាយ​ថា​ អឿត អាង​ កាច​នៅ​ពេល​ស្រវឹង។​ លោក​ ឯក អៀម​ បន្ថែម​ថា ​ក្មួយ​របស់​លោក​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​មួយ​ប្រពន្ធ​ដើម ​ហើយ​បន្ទាប់​ពី​មាន​ការ​លែង​លះ​គ្នា។ ​អឿត អាង​ ក៏​បាន​សម្រេច​ចិត្ត​បួស​ជា​សង្ឃ។​

«មនុស្ស​នោះ​ បើ​តាម​សណ្តាន​ចិត្ត​ទៅ ​វា​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។​ ពេល​ផឹក​ស៊ី​ទៅ ​ក៏​មាន​សម្តីមិន​សូវ​ល្អ​អញ្ចេះ»។​

​លោក​ ឯក អៀម ​បាន​បន្ថែម​ថា៖​ «គេ​មក​ម្តងៗ​ គេ​ដែល​អាក្រក់​អ្ហេ?​ គេ​ធ្វើ​តែ​ល្អ!​ ប៉ុន្តែ​គេ​ទៅ​ផុត​ ​មិន​ដឹង​ថា ​យ៉ាង​ណា​ទេ»។​

អ្នក​មីង ឯក តាប់ ម្តាយរបស់ឈ្មោះ អឿត អាង ជនសង្ស័យដែលត្រូវបានតុលាការចោទប្រកាន់ពីបទសម្លាប់អ្នកវិភាគនយោបាយឯករាជ្យលោកបណ្ឌិត កែម ឡី និយាយជាមួយ VOA ខ្មែរកាលពីសប្តាហ៍មុននៅសង្កាត់ក្របីរាល ក្នុងក្រុងសៀមរាប។ (ផន បុប្ផា/VOA)

ម្តាយ​របស់ ​អឿត អាង​ គឺ​លោក​ស្រី​ ឯក តាប់​ អាយុ​៦៤ឆ្នាំ​ បាន​និយាយ​ថា​ កូន​របស់​គាត់​មិន​ប្រព្រឹត្ត​អំពើ​ឃាតកម្មនោះ​ដោយ​ចិត្ត​ឯង​ទេ។

«ខ្ញុំ​ថា​ មាន​អ្នក​នៅ​ពី​ក្រោយ​ហើយ!»​

លោក​ស្រី​ ឯក ​តាប់ ​បាន​អំពាវ​នាវ​ឲ្យរដ្ឋាភិបាល ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយកូន​ប្រុស​របស់​គាត់៕