វីដេអូនៃការសម្រុករត់គេចចេញពីកាស៊ីណូក្នុងខេត្តកណ្តាល មិនទាន់ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជាក់ថាដោយសារបញ្ហាអ្វីឡើយ ប៉ុន្តែសារព័ត៌មានវៀតណាមបានចុះផ្សាយថា នេះជាករណីបង្ខាំងទុកជនជាតិវៀតណាម ដែលបានរងការកេងប្រវ័ញ្ច។
សារព័ត៌មានវៀតណាម VNEXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ថា ជនជាតិវៀតណាមចំនួន ៤២ នាក់ បានរត់ចេញពីកាស៊ីណូ ដោយសារពួកគេត្រូវបានរាយការណ៍ថា ថៅកែបានធ្វើបាបតាមរយៈការបង្ខំឱ្យធ្វើការហួសកំណត់ និងមិនផ្តល់ប្រាក់ខែ។
បើតាម VNEXPRESS ជនជាតិវៀតណាមទាំងនោះបានមកកាន់ប្រទេសកម្ពុជា ហើយបានធ្វើការតាមកាស៊ីណូ ពាក់ព័ន្ធហ្គេមអនឡាញ ខណៈពួកគេត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោង និងមិនផ្តល់ប្រាក់កម្រៃឡើយ។ ហេតុដូចនេះ ពួកគេក៏បានសម្រេចចិត្ត សម្រុករត់គេចខ្លួនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
សេចក្តីរាយការណ៍របស់ VNEXPRESS បានឱ្យដឹងបន្ថែមថា ជនជាតិវៀតណាមទាំងនោះបានឆ្លងកាត់ផ្លូវទឹក ដើម្បីឆ្លងទៅវៀតណាម ប៉ុន្តែម្នាក់ត្រូវបានទឹកកួចយកទៅ ដោយមិនដឹងទៅដល់ណា។ ចំណែកម្នាក់ទៀតត្រូវបានថៅកែចាប់ខ្លួនបាន។ ប្រជាពលរដ្ឋវៀតណាមប្រមាណ ៤០ នាក់ទៀត ត្រឡប់ទៅប្រទេសវៀតណាមវិញ។
ក្នុងវីដេអូដែលមានរយៈពេលប្រមាណ ១ នាទី និងដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៨ ខែសីហា ហើយត្រូវបានចែករំលែកជាបន្តបន្ទាប់ គេឃើញមានមនុស្សមួយក្រុម ដែលត្រូវបានរាយការណ៍ថា ជាជនជាតិវៀតណាម បានសម្រុកគេចរត់ចេញពីកាស៊ីណូមួយកន្លែង ឈ្មោះ Golden Phonix Entertainment ក្នុងឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ ពួកគេបានលោតចូលក្នុងទឹកទន្លេ ដើម្បីឆ្លងទៅត្រើយម្ខាងទៀតនៃប្រទេសវៀតណាម។ ក្នុងវីដេអូនោះ គេក៏ឃើញមានមនុស្សកាន់ដំបងដេញវាយផងដែរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ថាអាជ្ញាធរកំពុងតែស៊ើបអង្កេតករណីនេះ។
លោកថ្លែងថា៖ «ខ្ញុំស្រាវជ្រាវទៅ វាអត់ឃើញអីផង កំពុងនៅធ្វើការស្រាវជ្រាវមួយយប់ទល់ភ្លឺហើយ»។
ចំណែកលោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ ប្រាប់វីអូអេថា សមត្ថកិច្ចកំពុងតែស៊ើបអង្កេតករណីនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយដែរ។
ជនជាតិវៀតណាមជាច្រើននាក់ត្រូវបានឆបោកឱ្យធ្វើការនៅតាមកាស៊ីណូនៅក្នុងប្រទេសកម្ពុជា ដែលជារឿយៗ ពួកគេត្រូវបានកេងប្រវ័ញ្ច ហើយប្រសិនជាពួកគេចង់ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ លុះត្រាណាតែពួកគេមានលុយបង់ក្នុងចំនួន ៣ ម៉ឺនដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានវៀតណាម VNEXPRESS។
សារព័ត៌មានដដែលនោះបានឱ្យដឹងបន្ថែមថា នៅត្រឹមពាក់កណ្តាល ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលកម្ពុជានិងវៀតណាម បានសហការគ្នាជួយសង្គ្រោះជនជាតិវៀតណាមចំនួនជាង ២៥០ នាក់មកហើយ ពាក់ព័ន្ធជាមួយករណីបែបនេះ។
កាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនានានៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សនៅលើពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០២២។ របាយការណ៍នោះបានបង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួន ដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ របាយការណ៍នេះក៏បានលើកឡើងអំពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា Scam ផងដែរ៕