លោក McConnell ស្នើ​ពន្យារ​សវនការ​ចោទ​ប្រកាន់​ដក​ហូត​​​​តំណែង​អតីត​ប្រធានាធិបតី​​ Trump ទៅ​ខែ​កុម្ភ:

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដើរក្នុងសាលវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គឺ លោក Mitch McConnell កំពុង​ស្នើ​សុំលើក​ពេល​សវនការ​ចោទ​ប្រកាន់​ដក​ហូត​តំណែង​អតីត​ប្រធានាធិបតី​ Donald Trump ចំនួន​មួយ​សប្ដាហ៍​ ទៅ​ដល់​ខែ​កម្ភៈ ឬ​យូរជាង​នេះ​ ដើម្បី​ឲ្យ​លោក Trump មាន​ពេល​វេលាពិនិត្យ​ករណី​នេះ។ នេះ​បើ​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​បោះឆ្នោតប្តឹង​ដក​ហូត​ប្រធានាធិបតី​ចេញពី​តំណែងកាល​ពី​សប្ដាហ៍​មុន ​ពី​បទ​ញុះញង់ឲ្យ​មាន​កុប្បកម្ម​នៅ​វិមាន​សភា​អាមេរិក​ កាល​ពី​ថ្ងៃ​ទី៦ ​ខែ​មករា បាន​ឲ្យ​សញ្ញា​ថា ពួក​គេចង់​ឲ្យ​មាន​សវនការ​ឆាប់​រហ័ស ខណ:​ដែល​លោក​ប្រធានាធិបតី Joe Biden​ បាន​ចាប់​ផ្ដើម​អាណត្តិ​របស់​លោក​ហើយ។

ពួក​គេ​និយាយ​ថា ការ​គិត​គូរ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​គឺ​សំខាន់​ណាស់ មុន​ពេល​ប្រទេស​ជាតិនិង​សភា អាច​ត្រឡប់​ទៅ​កិច្ចការប្រក្រតី​ខ្លួន​វិញ​បាន។

ប៉ុន្តែ​លោក McConnell បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ​តាម​ទូរស័ព្ទកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ពន្យារ​ពេលខ្លះ អាច​ផ្ដល់​ពេលវេលា​ឲ្យ​លោក Trump ត្រួត​ពិនិត្យ​លើ​ករណី​នេះ និង​រៀប​ចំ​ក្រុម​ការងារ​ផ្នែក​ច្បាប់​របស់​លោក ដើម្បី​ធានា​ឲ្យ​ការ​ដំណើរការ​ក្តី​មាន​យុត្តិធម៌។

ដោយលោក Trump នៅ​ពេល​នេះ​លែង​មាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​របស់​សេតវិមាន​ជួយ​ការពារ​លោក​ ដូច​កាល​ពី​សវនាការ​ប្តឹង​ដក​ពី​តំណែង​កាល​ពី​ឆ្នាំ​មុន​នោះ សម្ព័ន្ធមិត្ត​របស់​លោក​កំពុង​ស្វែង​រក​មេធាវី​ផ្សេងៗ​សម្រាប់​ការពារ​ក្នុង​រឿង​ក្តី​នេះ៕