លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា សំណើរបស់លោកស្រីស្តីអំពីសិទ្ធិរបស់ពលរដ្ឋសហភាពអឺរ៉ុបរស់នៅក្នុងប្រទេសអង់គ្លេស ក្រោយពីប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប គឺជាសំណើយុត្តិធម៌ណាស់ ហើយជារឿងសំខាន់ណាស់។
ថ្លែងនៅថ្ងៃសុក្រនេះនៅទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ុក នៅថ្ងៃទី២នៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោកស្រី Theresa May និយាយថា រដ្ឋាភិបាលនឹងដាក់ចេញសំណើពិស្តារថែមទៀតនៅថ្ងៃច័ន្ទ។ មេដឹកនាំសហភាពអឺរ៉ុបមិនចាត់ទុកថា សំណើរបស់លោកស្រីមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ ដោយពួកគេលើកឡើងថា នៅមានបញ្ហានៅសល់ជាច្រើនទៀត។
មុនចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសុក្រនេះ លោកស្រី Theresa May និយាយថា នឹងមិនមានការបែកបាក់គ្រួសារដោយសារតែសំណើនេះទេ។ លោកស្រីនិយាយថា លោកស្រីចង់បានការធានាស្រដៀងគ្នានេះសម្រាប់ពលរដ្ឋអង់គ្លេសរស់នៅក្នុងប្រទេសនានានៃសហភាពអឺរ៉ុប។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសភាសហភាពអឺរ៉ុប និយាយថា អឺរ៉ុបត្រូវការតែគិតពីហេតុផលក្នុងចរចាជាមួយអង់គ្លេស ក្រោយពីការសម្រចចិត្តរបស់អង់គ្លេសចាក់ចេញពីសហភាពអឺរ៉ុប ប៉ុន្តែលោកបានជំរុញឲ្យមានកិច្ចសហការក្នុងការចរចានៅពេលអនាគត។ លោក Antonio Tajani ប្រធានសភាសហភាពអឺរ៉ុបនិយាយថា ចក្រភពអង់គ្លេសគ្រាន់តែចេញពីសហភាពអឺរ៉ុបប៉ុណ្ណោះ មិនមែនចាកចេញពីអឺរ៉ុបទេ។ នេះជាចំណុចសំខាន់ក្នុងការបើកផ្លូវសម្រាប់ទំនាក់ទំនងល្អ ក្រោយពីការចាកចេញ។
មេដឹកនាំសហភាពអឺរ៉ុបបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Brussels ដើម្បីដោះស្រាយបញ្ហានានា ដូចជាផែនការចាកចេញរបស់អង់គ្លេស បញ្ហាភេរវកម្ម បញ្ហាអន្តោប្រវេសន៍ និងបញ្ហាផ្សេងទៀតដែលសហភាពអឺរ៉ុបកំពុងប្រឈមមុខ។
លោក Donald Tusk ប្រធានសហភាពអឺរ៉ុបនិយាយថា សមាជិកសហភាពអឺរ៉ុបចំនួន២៧ប្រទេសផ្សេងទៀត ត្រៀមខ្លួនជាស្រេចជ្រើសរើសកន្លែងថ្មីពីរសម្រាប់ទីភ្នាក់ងាររួមរបស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នមានទីតាំងនៅប្រទេសអង់គ្លេស៕