​រដ្ឋមន្រ្តី​ការពារ​​សហរដ្ឋ​អាមេរិក Mattis ​ថា​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នឹង​នៅ​រហូត​ទាល់​តែ​រុស្ស៊ី​ប្តូ​រឥរិយាបទ

ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko (ស្តាំ)និង​រដ្ឋមន្រ្តីការពារប្រទេស​លោក Jim Mattis ចាប់ដៃគ្នា​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន​កាល​ពី ថ្ងៃទី​២៤​ សីហា ២០១៧។

លោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិកJim Mattisបាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ថា ​រុស្ស៊ី​កំពុង​ស្វះ​ស្វែង​រក​គូស​ព្រំ​ដែន​អន្តរជាតិ​ថ្មី​ដោយ​ប្រើ​កម្លាំង​ហើយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី​នឹង​ស្ថិត​នៅ​ជាធរមាន​រហូត​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ផ្លាស់​ប្តូរឥរិយាបទ​របស់​ខ្លួន។

លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិកMattisបាន​ថ្លែង​ទន្ទឹម​គ្នា​ជាមួយ​ប្រធានា​ធិបតីអ៊ុយក្រែន​លោក Petro Poroshenko បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​ហើយ​នឹង​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​Kyiv។

លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​និយាយឡើង​វិញ​ពីការ​គាំទ្រ​របស់​ស​ហ​រដ្ឋ​អាមេរិកដល់អ៊ុយក្រែន​ហើយ​នឹង​យោធា​របស់​ប្រទេស​នោះហើយ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិនទទួល​យក​ការកាន់​កាប់​តំបន់​ Crimeaនៃ​ប្រទេស​អ៊ុយក្រែន​នៅឆ្នាំ​២០១៤​ដោយ​ប្រ​ទេស​រុស្ស៊ី​ទេ។ ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិកក៏​មាន​ប្រសាសន៍​ទៀត​ថា ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​ជាអ្វី​ដែល​ត្រូវ​បាន​ពិចារណា​យ៉ាង​ខ្លាំង​ដោយ​រដ្ឋ បាល​របស់​លោក​ត្រាំ។

​លោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក Mattis ​បាន​និយាយថា «​យើង​ទើប​តែ​បាន​អនុម័ត​កាលពី​ពេល​ថ្មី​ៗ​នេះ ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុននេះនូវឧបករណ៍​ឯកទេស​ដែល​មាន​ទឹក​ប្រាក់​១៧៥​លាន​ដុល្លារ ​រួមមាន​ឧបករណ៍​ឯកទេស​ខ្លះ​ដែល​អាច​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ជួយ​ការពារអ៊ុយក្រែន​ដែល​បាន​ធ្វើ​ឲ្យមាន​ចំនួន​សរុប​ជិត​៧៥០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ‍»។​

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិកMattis បាន​និយាយ​ថា «ខ្ញុំក៏​នឹង​ប្រាប់​ពី​អាវុធ​នោះ​ដែរថា យើង​កំពុង​ពិនិត្យ​មើល​អំពី​បញ្ហា​នោះ​ឡើង​វិញ‍»៕