រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថាទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​នៅ​បន្ត​រហូត​ទាល់តែ​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ

Japan's Defense Minister Itsunori Onodera, U.S. រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ Jim Mattis និង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ Song Young-moo ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​កិច្ច​ពិភាក្សា​ IISS Shangri-la Dialogue ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jim Mattis បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​អាច​ដក​ចេញ​បាន​នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់​វិធានការ​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក Mattis បាន​ថ្លែង​នៅ​ពេល​ដែល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «យើង​នឹង​នៅតែ​បន្ត​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ដដែល។ កូរ៉េ​ខាង​ជើង​នឹង​រួច​ខ្លួន​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​នៅ​ពេល​ណា​ដែល​ប្រទេស​នេះ​បាន​បង្ហាញ​ពី​វិធានការ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​កែប្រែ​បាន​ដើម្បី​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ»។

ដោយ​ថ្លែង​ក្បែរ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Mattis បាន​ព្យាយាម​បន្ធូរបន្ថយ​នូវ​ក្ដី​រំពឹង​សម្រាប់​កិច្ច​ពិភាក្សា​ដែល​កំពុងតែ​បន្ត​ធ្វើ​ឡើង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Mattis បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​អាច​ប៉ាន់​ប្រមាណ​យ៉ាង​ជាក់​ច្បាស់​ថា ការ​ចរចា​នេះ​នឹង​មាន​ភាព​រដាក់រដុប»។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅតែ​បន្ត​លើក​ឡើង​ពី​កិច្ចការ​ជា​មូលដ្ឋាន​នៅ​មុន​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ភាគី​ទាំង​ពីរ​ត្រៀម​ផ្ដល់​អ្វី​ខ្លះ​នៅ​ក្នុង​អំឡុង​ពេល​ចរចា​នោះ។ ហើយ​គេ​ក៏​នៅ​មិន​ទាន់​ច្បាស់​ផង​ដែរ​ថា​តើ​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​នឹង​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ៕