អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយមាក់ងាយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងបានរិះគន់ការឈ្លានពានរបស់លោកលើប្រទេសអ៊ុយក្រែនថា«អសមត្ថភាព» និង«ឆ្កួតលីលា»។
នៅក្នុងសុន្ទរកថាមួយក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Mattis បានប្រៀបធៀបលោក Putin ទៅនឹងតួអង្គកើតជំងឺខ្លាចរអានៅក្នុងរឿងប្រលោមលោករបស់លោក Fyodor Dostoesky ដែលជាអ្នកសរសេរប្រលោមលោកជនជាតិរុស្ស៊ី។
លោក Mattis បាននិយាយទៀតថា៖ «លោក Putin ដូចជាសត្វចម្លែកនៅក្នុងរឿងប្រលោមលោករបស់លោក Dostoevsky។ លោកទៅដេកនៅពេលយប់ដោយគិតថា រុស្ស៊ីត្រូវបានឡោមព័ទ្ធដោយសុបិនអាក្រក់»។
លោក Mattis បានធ្វើអត្ថាធិប្បាយជាសាធារណៈតិចតួចចាប់តាំងពីលោកបានលាចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងឆ្នាំ២០១៨ដោយសារការខ្វែងគំនិតជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំពីគោលនយោបាយការបរទេស។
នៅក្នុងសុន្ទរកថារបស់លោក លោក Mattis មិនបាននិយាយអំពីការខ្វែងគំនិតទាំងនោះចំៗទេ។ លោកគ្រាន់តែនិយាយថា លោក Trump បានអនុវត្តគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានពីមុខ ដែលបានធ្វើឱ្យសហរដ្ឋអាមេរិកមានបញ្ហានៃទំនាក់ទំនងជាមួយសម្ពន្ធមិត្ត។
ការអត្ថាធិប្បាយរបស់លោក Mattis ភាគច្រើនបានផ្តោតលើលោក Putin ដែលលោកបានចាត់ទុកថា ជាមនុស្សមិននឹងនហើយមិនអាចសម្រេចចិត្តប្រកបដោយការឈ្លាសវៃ ដោយសារខ្វះមនុស្សផ្តល់យោបល់ល្អៗដល់លោក។
នៅពេលគេសួរអំពីមេរៀនដ៏ធំបំផុតដែលលោកដឹងពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះ លោក Mattis បានឆ្លើយថា «កុំឱ្យពួកឧត្តមសេនីយ៍ដែលអសមត្ថភាពទទួលខុសត្រូវកិច្ចប្រតិបត្តិការរបស់លោកអ្នក»៕