ការ​សិក្សា​ថ្មី​​បង្ហាញ​ការ​បាត់បង់​ផ្ទាំង​ទឹក​កក​នៅ​ហ្រ្គីនលេន

ផ្ទាំង​ទឹក​កក​នៅ​កោះ​ហ្រ្គីនលេន​ (​Greenland) ។ ការ​សិក្សា​ថ្មី​មួយ​ប្រើ​ប្រាស់​ទិន្នន័យ​របស់​អង្គការ​ណាសា​(NASA)ដើម្បី​ផ្តល់​សេចក្តី​លម្អិត​អំពី​របៀប​ដែល​​ផ្ទាំង​ទឹក​កក​និង​ផែន​ទឹក​កក​កំពុង​ប្រែប្រួល។ ការ​សិក្សា​នេះ​ដឹកនាំ​ដោយ​ភូគព្ភវិទូ​ Beata Csatho នៃ​សាកលវិទ្យាល័យ University of Buffalo។ (រូបថត៖ Beata Csatho)

​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បោះ​ពុម្ព​ផ្សាយ​ដោយ​«ដំណើរការ​នៃ​បណ្ឌិត​សភា​ជាតិ​ផ្នែក​វិទ្យាសាស្រ្ត» (Proceedings of the National Academy of Sciences) ផ្ទាំង​ទឹក​កក​នៅ​កោះ​ហ្រ្គីនលេន( Greenland) ​ហាក់​ដូចជា​កំពុង​តែ​រលាយ​លឿន​ជាង​អ្វី​ដែល​បាន​ព្យាករណ៍​ពីមុន។ នេះ​បញ្ជាក់​ថា​ សហគមន៍​នៅ​តាម​តំបន់​ឆ្នេរ​នៅ​លើពិភព​លោក​នឹង​ជួប​ហានិភ័យដ៏ធ្ងន់ធ្ងរ​នា​ឆាប់​ជាង​ការ​រំពឹង​ទុក​។

ហ្រ្គីនលេន គឺ​ជា​កោះ​ដ៏​ធំ​មួយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ វា​មានផ្ទៃដី​ធំ​ជាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)។ ៨០ភាគ​រយ​នៃ​ផ្ទៃ​កោះ​នេះ​គ្រប​ដណ្តប់​ដោយ​ទឹក​កក។ ប្រសិន​បើ​ទឹក​កក​នេះ​រលាយ​ទាំង​ស្រុង​ កម្រិត​ទឹក​សមុទ្រ​នឹង​កើន​ឡើង​ខ្ពស់​ជាង​មុន​៧​ម៉ែត្រ។

អ្នក​ស្រី​ Beata Csatho សាស្រ្តាចារ្យ​ផ្នែក​ភូគព្ភសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ University of Buffalo បាន​តាម​ដាន​ភាព​ស្មុគស្មាញ​នៃ​កោះ​ហ្រ្គីនលេននេះ​អស់​រយៈ​ពេល​២០​ឆ្នាំ​ ដោយ​ធ្វើ​ការត្រួត​ពិនិត្យលើ​ទិន្នន័យ​របស់​អង្គការ​ណាសា (NASA)។ ការ​សិក្សា​ដែល​អ្នកស្រី​បាន​ដឹក​នាំ​នោះបាន​បូក​រួម​បញ្ចូល​គ្នា​នូវ​ទិន្នន័យ​បាន​ពី​ផ្កាយ​រណប​និង​ទិន្នន័យ​បាន​ពី​អាកាស។ ​ការ​វិភាគ​ជាលទ្ធផលបាន​ផ្តល់នូវ​កំណត់ត្រា​ពេញលេញ​ដំបូង​បង្អស់​មួយ ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​អំពីរបៀប​ប្រែប្រួល​នៃ​ផ្ទាំង​ទឹកកក​និង​ផែន​ទឹក​កក។

ផ្ទាំង​ទឹក​កក​អណ្តែ​ត​នៅ​ Jakobshavn​ ​ជា​ផែន​ទឹក​កក​មួយ​ដែល​អ្នក​វិទ្យាសាស្រ្ត​តែង ​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ម៉ូដែល​សកម្មភាព​នៃ​ផៃន​ទឹក​កក​ទាំង​អស់​នៅ​កោះហ្រ្គីនលេន​ (​Greenland)។ ការ​សិក្សា​ថ្មី​រក​ឃើញ​ថា​ការ​ធ្វើ​គំរូ​បែប​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​ពេក​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ផ្តិត​យក​ដំណើរ​ការ​ប្រែ​ប្រួល​ពិត​ប្រាកដ​នៃ​ទឹក​កក​នៅ​កោះហ្រ្គីនលេន។​ (រូបថត៖ Beata Csatho)

ការ​វាស់ស្ទង់​នៅ​ទីតាំង​១.០០០​កន្លែង​ផ្សេង​ទៀត

មុន​ពេល​ចាប់​ផ្តើម​ការងារ​នេះ​ អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ទិន្នន័យ​នៃ​ផែន​ទឹក​កក​ធំៗ​បួន​ ដើម្បី​ធ្វើការ​ព្យាករណ៍​លើ​ផ្ទៃ​កោះ​ទាំង​មូល។ ក៏ប៉ុន្តែ​ ការសិក្សា​ថ្មី​នេះ​បាន​ប្រើ​ប្រាស់​បណ្តុំទិន្នន័យ​ធំ​ជាង​មុន​ដោយ​បាន​តាម​ដាន​បម្រែបម្រួល​នៃ​ការ​លេច​ឡើង​ផ្ទៃដី​នៅ​តាម​ទីតាំង​ផ្សេងៗ​ចំនួន​១.០០០កន្លែង។

អ្នក​ស្រី​ Csatho បាន​និយាយថា​៖ «យើង​គ្រប់​គ្នា​ដឹង​ហើយថា​ ទឹក​កក​កំពុង​តែ​រលាយ​ ហើយ​យើង​បាត់​ទឹក​កក។​ ប៉ុន្តែ​ ទិន្នន័យ​របស់​យើងក៏​បាន​ផ្តល់​និន្នាការ​ទីតាំង​និង​ពេល​វេលា​ដែល​បង្ហាញ​ថា ​តំបន់​ណា​នឹង​ងាយ​រង​ការ​ប៉ះពាល់ខ្លាំង​ជាង​គេ តំបន់​ណា​មាន​បម្រែប​ម្រួល​លឿន ហើយ​តំបន់​ណា​មាន​ការ​ប្រែ​ប្រួល​ខុស​ពីអ្វី​ដែល​យើង​បាន​រំពឹង​ទុក​»។

អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន​បាន​ពិនិត្យ​និង​ប្រៀប​ធៀប​ទិន្នន័យ​ថ្មី​ជាមួយ​នឹង​ម៉ូដែល​អាកាសធាតុ​នៃកោះ​ហ្រ្គីនលេន នា​ពេល​បច្ចុប្បន្ន​។ អ្នកស្រី Csatho​ បាន​មាន​ប្រសាសន៍​ថា​ ម៉ូដែល​ចាស់​នៅ​មាន​កម្រឹត​ខ្លាំង​ណាស់។ អ្នកស្រី​បាន​បន្ត​ថា​ «ដោយ​សារ​យើង​មាន​ទិន្នន័យ​បន្ថែម​នេះ យើងមាន​វិធី​ដែល​អាច​ធានា​បាន​នូវ​ភាពសុក្រឹត​ដើម្បី​ស្វែង​យល់​អំពី​ការ​ប្រែប្រួល​នៃ​ផ្ទាំង​ទឹក​កក​នា​ពេល​បច្ចុប្បន្ន ហើយ​យើង​ដឹង​ថា យើង​អាច​ព្យាករណ៍​បាន​សុក្រឹត​ជាង​មុន​ចំពោះ​ការ​ប្រែប្រួល​នាពេល​អនាគត»។

ការវិវត្តន៍​ខុសគ្នា​នៃ​ផៃន​ទឹក​កក​ចំនួន២៤២​នៅ​ហ្រ្គីនលេន

របកគំហើញថ្មី​នេះ​បញ្ចាក់​ថា​ នា​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ​ ទឹក​កក​នៅ​កោះ​ហ្រ្គីនលេន​ អាច​នឹង​រលាយ​លឿន​ជាង​អ្វី​ដែល​គេ​ធ្លាប់​បាន​គិត។ ការ​សិក្សា​បាន​រកឃើញ​ថា​ ផែន​ទឹក​កក​ដែល​នៅ​ជិត​គ្នា​ ​មិន​មែន​សុទ្ធ​តែ​ប្រែ​ប្រូល​ដូច​គ្នា​ទេ។ ផែនទឹក​កកខ្លះ​កាន់​តែ​ក្រាស់​ទៅៗ សូម្បី​តែ​នៅ​ពេលសីតុណ្ហភាព​កើន​ឡើង​ក៏​ដោយ​។​ ចំណែក​ផែន​ទឹក​កក​ខ្លះ​ទៀត​បង្ហាញ​ភាព​កាន់​តែ​ស្តើង​យ៉ាង​លឿន។ ហើយ​ផែន​ទឹក​កក​មួយ​ចំនួន​ទៀត​បង្ហាញ​ឲ្យ​ឃើញ​ការ​ឡើង​ក្រាស់​ និង​ចុះ​ស្តើង​ ដែល​មាន​សភាព​ផ្ទុយ​គ្នា​ភ្លាមៗ។

ក្នុងការ​វិភាគ​ទិន្នន័យនេះ អ្នកស្រី Csatho មាន​ប្រសាសន៍​ថា​ អ្នក​ស្រាវជ្រាវ​ស្វែង​រក​គំរូ​ដោយពិចារណាលើឥទ្ធិពល​ជលវិទ្យា​(ចលនាទឹក)ក្នុង​តំបន់​និង​កត្តា​ផ្សេងៗ​ ដូចជា​សីតុណ្ហភាព​មហាសមុទ្រ​ ឬ​សីតុណ្ហភាព​ទឹក​នៅ​ក្រោម​ផែន​ទឹក​កក។​

«ជា​ឧទាហរណ៍ ​បើសិន​ជា​ទឹក​កក​ទទួល​កម្តៅ​ខ្លាំង​ជាង​មុន​ នោះ​ផែន​ទឹក​កក​ក៏​ហូរ​កាន់​តែ​លឿន​ផង​ដែរ​។ ហើយ​លំហូរ​លឿន​ជាង​មុន​នេះ​នឹងបញ្ជូន​ទឹក​កក​កាន់​តែ​ច្រើន​ចូល​ទៅ​ក្នុង​មហា​សមុទ្រ។​ យើង​ហៅ​ទិដ្ឋភាព​នេះ​ថា​ ឌីណាម៉ិច​ទឹក​កក។ នេះ​ជា​ផ្នែក​ដ៏សំខាន់​ដើម្បី​អាច​យល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ហើយនេះ​សំដៅ​ទៅ​លើ​របៀប​ដែល​ផែន​ទឹក​កក​និង​ផ្ទាំង​ទឹក​កកឆ្លើយ​តប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ»។

អ្នក​ស្រី​ Csatho ​និយាយ​ថា ​ការ​សិក្សា​នេះ​បង្ហាញ​ឲ្យ​ឃើញពី​ហេតុផល​ដែលថា ការ​ត្រួត​ពិនិត្យ​ ទូលំ​ទូលាយ​និងដោយ​លម្អិត​ពិត​ជា​មាន​សាៈ​សំខាន់​ខ្លាំង​ណាស់។ ក្រុម​ការ​ងារ​របស់​អ្នកស្រីមាន​គម្រោង​តាម​ដាន​ផែន​ទឹក​កក​ចំនួន២៤២ នៅ​កោះ​ហ្រ្គីនលេន ដើម្បី​បង្កើត​ឡើង​នូវ​គំរូប្រសើរ​ជាង​មុន។ ហើយ​អ្នកស្រី​បាន​បន្ថែម​ថា​ គំរូ​ទាំង​នោះ​អាច​ជួយ​សហគមន៍​តាម​តំបន់​ឆ្នេរ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង