ក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយ Shia រាប់ពាន់នាក់បានដើរធ្វើបាតុកម្មនៅតាមផ្លូវនៅទូទាំងប្រទេសប៉ាគីស្ថាន ដើម្បីតវ៉ាប្រឆាំងនឹងការបំផ្ទុះគ្រាប់បែកនៅឯវិហារអ៊ីស្លាមមួយក្នុងខេត្ត Sindh នៅពេលសូត្រធម៌កាលពីថ្ងៃសុក្រ។ ការបំផ្ទុះគ្រាប់បែកនោះបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៥៨ស្លាប់និង៥០នាក់ទៀតរងរបួស ដោយមួយចំនួនមានសភាពធ្ងន់ធ្ងរ។
នៅក្នុងក្រុង Shikarpur ដែលជាកន្លែងមានការផ្ទុះគ្រាប់បែកនោះ ក្រុមអ្នកកាន់មរណទុក្ខនិកាយ Shi'ite រាប់ពាន់នាក់បានធ្វើពីធីបុណ្យសពរួមគ្នាធំមួយសម្រាប់អ្នកដែលបានបាត់បង់ជីវិត។មនុស្សច្រើននាក់ដែលមិនមែនជាជននិកាយ Shi'ites ក៏បានចូលរួមក្នុងពីធីបុណ្យសពនេះដែរ។
ការបំផ្ទុះគ្រាប់បែកនោះបានកើតទ្បើងនៅក្នុងតំបន់ Lakidar នៃក្រុង Shikarpur ឋិតនៅចម្ងាយប្រមាណ៤៧០គ.ម.ខាងជើងក្រុងកំពង់ផែ Karachi។
ក្រុមអ៊ីស្លាម Jundallah និកាយ Sunniដែលជាក្រុមមួយបំបែកខ្លួនចេញពីក្រុមតាលីបង់នៅប៉ាគីស្ថាន បានអះអាងទាមទារការទទួលខុសត្រូវលើការវាយប្រហារនេះដែលជាការវាយប្រហារថ្មីបំផុតមួយនៅក្នុងកំណើនអំពើហិង្សាខាងនិកាយសាសនានៅក្នុងប្រទេសប៉ាគីស្ថាន។
កាលពីថ្ងៃសុក្រ អគ្គលេខាធិការអ.ស.ប.លោកបាន គីមូនបានមានប្រសាសន៍ថាលោកមានភាពរន្ធត់ដោយ «ការវាយប្រហារដ៏សាហាវដែលចាត់ទីដៅលើក្រុមមនុស្សដោយផ្អែកលើជំនឿសាសនារបស់ពួកគេ»។ លោកបានអំពាវនាវដល់រដ្ឋាភិបាលប៉ាគីស្ថាន ឲ្យបង្កើនការខិតខំប្រឹងប្រែងដើម្បីការពារក្រុមជនភាគតិចខាងសាសនានិងខាងអំបូរពូជសាសន៍៕