ផ្នូរ​សព​​ធំ​នានា​​ត្រូវ​​បាន​​រក​​ឃើញ​​នៅ​​ម៉ាឡេស៊ី​ ដែល​​ទំនង​​ជា​ផ្នូរ​​សព​​ជន​​ភៀស​​ខ្លួន

ប៉ារ៉ាស​​​ត្រូវ​​បាន​​ដាក់​​​​នៅ​​ចំ​​ចំណុច​​ចូល​ទៅ​កាន់​​ព្រំដែន​​រវាង​​ប្រទេស​​ម៉ាឡេស៊ី​​ និង​​ថៃ​ក្នុង​​ខេត្ត​ Wang Kelian ​​ប្រទេសម៉ាឡេស៊ី ​​នា​ថ្ងៃ​អាទិត្យ​​ទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៥ ។ ផ្នូរ​សព​​ធំ​នានា​​ត្រូវ​​បាន​​រក​​ឃើញ​​នៅ​​ម៉ាឡេស៊ី​ ដែល​​ទំនង​​ជា​ផ្នូរ​​សព​​ជន​​ភៀស​​ខ្លួន។

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ក្រុម​ប៉ូលិស​បាន​រក​ឃើញ​ផ្នូរ​សព​រួម​ជា​ច្រើន​ ដែល​មាន​សាកសព​ក្រុម​មនុស្ស​ដែល​គេ​មាន​ជំនឿថា​ជា​ ពួក​ជន​ទេសន្តរប្រវេសន៍​មក​ពី​ប្រទេស​ភូមា​ និង​បង់ក្លាដែស។​

លោក Zahid Hamidi ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃម៉ាឡេស៊ី​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គេ​បាន​រក​ឃើញ​ផ្នូរសព​ទាំង​នេះ​នៅ​តាម​បណ្តោយ​ព្រំដែន​ជា មួយ​ប្រទេស​ថៃនៅ​ជិត​ភូមិដែល​សម្បូរ​ទៅ​ដោយ​ក្រុម​ជន​ជួញ​ដូរ​មនុស្ស។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ថា ផ្នូរ​សព​ប្រមាណ​៣០​ដែល​មាន​គ្រោង​ឆ្អឹង​រាប់រយ​បាន​ត្រូវ​រកឃើញ​នៅ​ខាង​ក្នុង​ និង​នៅ​ជិត​ជំរុំ​ឃុំឃាំង​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ក្រុម​ជន​ជួញ​ដូរ​ក្រុម​ជន​ទេសន្តរប្រវេសន៍ បង់ក្លាដែស និង​ជនRohingya។​

កាល​ពី​ពេល​មុន​ក្រុម​មន្ត្រី​បាន​បដិសេធ​ថា​ គ្មាន​ផ្នូរសព​រួម​ឬ​ជំរុំ​ទាសករ​បែបនេះ​នៅ​លើដី​នៃ​ប្រទេស​ម៉ាឡេស៊ីទេ។​

គេ​រំពឹង​ថា​ ប្រធាន​ប៉ូលិស​ជាតិម៉ាឡេស៊ី​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ស្តី​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ច័ន្ទ។

ជំរុំ​ និង​ផ្នូរសព​ស្រដៀង​គ្នា​នេះ​បាន​ត្រូវ​រក​ឃើញ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​នៅ​ក្នុង​ផ្នែក​មូយ​នៃ​ព្រំដែន​ថៃ។ ក្រុម​ជន​រង​គ្រោះ​មាន​រួម​បញ្ចូល​ពួក​ជន​ជាតិ​ បង់ក្លាដែស និង​ពួក​ជន​អំបូរ Rohingya ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​ភូមា៕