ផែនការសម្អាតឆ្នេរសមុទ្រទ្រង់ទ្រាយធំនៅអ៊ីតាលីចាប់ផ្តើមធ្វើនៅ​ចុង​សប្តាហ៍

រូបឯកសារ៖ សំណល់​ប្លាស្ទិក​ហូរមក​គរ​លើ​គ្នា​នៅ​ទន្លេ Thames ក្នុង​ក្រុងឡុងដិ៍។ 

សម្ព័ន្ធ​ការពារ​បរិស្ថាន​នៃ​ប្រទេស​អ៊ីតាលីឈ្មោះថា Legambiente​ ​បាន​លើកឡើង​ថា​ជា​រៀងរាល់​ឆ្នាំ​ ​មាន​សំរាម​​ប្រមាណ​ជាង​៨​លាន​តោន​នៅ​តាម​ឆ្នេរ​ ​និង​ក្នុង​សមុទ្រ​។

អ្នក​រៀបចំ​យុទ្ធនាការបរិស្ថាន​នៅ​ប្រទេស​អ៊ីតា​លី​បាន​សម្តែង​ពី​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ផល​ប៉ះពាល់​ដោយ​ប្លាស្ទីក​ទៅលើ​ជី​វិត​នៅក្នុង​សមុទ្រ​ ​និង​នៅតាម​ឆ្នេរសមុទ្រ​នានា​នៅក្នុង​ប្រទេស។ បញ្ហា​បរិស្ថាន​មួយ​រយៈពេល​ចុងក្រោយ​នេះ​បាន​ជំរុញ​ឲ្យ​មានវិធានការ​ជាច្រើនដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​។​ ​កាលពី​ពាក់កណ្តាល​ ខែឧសភាត្រី​បាឡែន​មួយ​ក្បាល​បាន​ងាប់​ ​និង​អណ្តែត​មកដល់​ឆ្នេរសមុទ្រ​មួយនៅ​ទីក្រុង​ ​Sicily​ ​ដោយ​គេ​បាន​រក​ឃើញ​សំណល់​ប្លាស្ទិក​នៅក្នុង​ពោះ​របស់​វា​។​ ​

សម្ព័ន្ធ​ការពារ​បរិស្ថាន​នៃ​ប្រទេស​អ៊ីតាលីឈ្មោះថា Legambiente​ ​បាន​លើកឡើង​ថា​ជា​រៀងរាល់​ឆ្នាំ​ ​មាន​សំរាមប្រមាណ​ជាង​៨​លាន​តោន​នៅ​តាម​ឆ្នេរ​ ​និង​ក្នុង​សមុទ្រ​។ របាយការណ៍​មួយ​ស្តី​ពី​ការវិភាគ​ទៅ​លើ​កាកសំណល់​ដែល​នៅ​រាយប៉ាយ​តាម​ឆ្នេរសមុទ្រ​ចំនួន៩៣កន្លែង​នៅ​ប្រទេសអ៊ីតាលី​បង្ហាញ​ឲ្យ​ឃើញ​ថា​៨០ភាគរយ​នៃ​កាកសំណល់​គឺ​ជា​ ប្លាស្ទីក។​

គម្រោង​ផ្តួចផ្តើម​មួយ​ឈ្មោះ​ថា «Once​ ​there​ ​was​ ​the​ ​sea» ​ឬ​មាន​ន័យ​ថា ​កាលពី​ពេល​នៅ​មាន​សមុទ្រ​គឺជា​ គម្រោងថ្មី​ចុងក្រោយ​បំផុតរបស់​សម្ព័ន្ធបរិស្ថាន​ ​Legambiente​ ​ដែល​មានការ​ចូលរួម​ពី​អ្នក​ស្ម័គ្រចិត្ត​រាប់ពាន់​នាក់​ បាន​ចុះ​ទៅ​សម្អាត​ឆ្នេរ​ ​និង​ឈូងសមុទ្រ២៥០កន្លែង​នៅ​ទូទាំង​ប្រទេស​អ៊ីតា​លី​ កាលពី​ថ្ងៃទី​ ​២៥​-​២៦​ខែឧសភា​កន្លង​ទៅ។ នៅក្នុង​ខែឧសភា​សម្ព័ន្ធបរិស្ថាន​ Legambiente​ ​ក៏បាន​ជំរុញ​ដល់​រដ្ឋាភិបាល​អ៊ីតាលី​ឲ្យ​អនុម័ត​សេចក្តី​ព្រៀង​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​Salvamore​ ឬ​មាន​ន័យ​ថា​ សង្គ្រោះ​សមុទ្រ​របស់​យើង​ ដែល​សំណើរ​ច្បាប់​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​អ្នកនេសាទ​ប្រមូល​យក​សំណល់​ប្លាស្ទិច ​ដែល​ជាប់នឹង​សំណាញ់​របស់​ពួកគេ​ មក​បោះចោល​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ចំណាយ​លើ​ការ​ចោលសំរាម​។​ ​

អង្គការ ​Greenpeace របស់​អ៊ីតាលី​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ ​បន្ទាប់ពី​មាន​ត្រី​បាឡែន​មួយ​ក្បាល​ទៀត​បាន​អណ្តែត​មក​ដល់​ឆ្នេរ​ស​មុទ្រ​ ​Sicily​ ​និងត្រូវ​បាន​គេ​រក​ឃើញសំ​រាម​ប្លា​ស្ទីក​ជាច្រើន​ក្នុង​ពោះ​របស់​វា​។

អ្នកស្រី Giorgia​ ​Monti អ្នករៀបចំយុទ្ធនាការ​នៃ​អង្គការGreenpeace​ បាន​និយាយ​ថា​ ​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ចុងក្រោយ​នេះ​ ​មាន​ត្រី​បា​ឡែន​ ៥​ក្បាល ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រសាត់​មកដល់​ច្រាំង​នៅប្រទេស​អ៊ីតា​លី​។ អ្នកស្រី​មិន​អាច​បញ្ជាក់​បាន​ទេ ​ថា​តើ​ត្រី​បាឡែន​ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចុងក្រោយ​នេះ​ងាប់​ដោយសារ​កាកសំណល់ប្លាស្ទីក​ ឬ​យ៉ាងណា​នោះ​ទេ ​ប៉ុន្តែ​អ្នកស្រី​ថា គេ​មិនគួរ​មើល​រំលង​បញ្ហា​នេះ​ទេ​ និង​ត្រូវ​តែ​ចាត់វិធានការ​ទប់ស្កាត់។​

អ្នកស្រី Monti​ ​បាន​បន្ថែម​ទៀត​ថា​ «សមុទ្រ​កំពុងតែ​ផ្ញើរ​សញ្ញា​អាសន្ន​ឲ្យ​យើង​ ​សុំអង្វរ​ដល់​យើង​ឲ្យ​ជួយ​សង្គ្រោះ​»។ នៅ​ចុង​ខែ​ឧសភា​នេះ​អង្គការ​ Greenpeace​ ​នឹង​រៀបចំ​ឲ្យ​មានការ​ត្រួតពិនិត្យ​សំរាម​នៅ​តាម​ឆ្នេរសមុទ្រ​ ​ជាពិសេស​នៅ​តំបន់​ឈូង​សមុទ្រ​ភាគ​ខាងលិចប្រទេស​អ៊ី​តា​លី​។​

គម្រោង​ជាច្រើន​ត្រូវ​បាន​ផ្តួចផ្តើមនៅ​ទូទាំង​ប្រទេស​អ៊ីតា​លី​ ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​នៅ​តាម​ឆ្នេរសមុទ្រ។​ ​នៅ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ជាច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុលបរិស្ថាន​នៅ​តាម​កំពង់ផែ​នៅក្នុង​ ​ប្រទេស​អ៊ី​តា​លី​ ​ឧបករណ៍​ថ្មី​មួយ​ឈ្មោះ​ថា​ ​Sea​-​Bin​ ធ្វើ​សកម្មភាព​ ​២៤​ម៉ោង​ ​និង​អាច​ចាប់​ប្លា​ស្ទិ​ចបាន​ជាង ១គីឡូ​កន្លះ​ក្នុង​មួយថ្ងៃ​។​

លោក​ ​Simone​ ​Molteni​ ​នាយក​វិទ្យាសាស្រ្ត​នៃអង្គការ​ Lifegate​ ​បាន​ពន្យល់​ពី​របៀប​ធ្វើការ​របស់​ឧបករណ៍នេះ​។ លោក​បាន​ថ្លែងថា «វា​ជា​ឧបករណ៍​ចម្រោះ​ ដែល​អាច​ត្រង់​យក​កម្ទេច​ប្លាស្ទីក ​និង​សំរាម​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទឹកសមុទ្រ​បាន​ដល់​ទៅ ​២៥,០០០ (ពីរម៉ឺនប្រាំពាន់) លីត្រ​ក្នុង​មួយ​ម៉ោង។ អ្វី​ដែល​គេត្រូវ​ធ្វើ​គឺ​បង្ការ​កុំ​ឲ្យត្រី​ចូល​ទៅ​ក្នុង​ឧបករណ៍​ ​Sea​-​Bin​នេះ។ ​ក្នុង​មួយឆ្នាំ​ ​គេ​អាច​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ចបា​នកន្លះ​លាន​តោន​»។

ស្របពេល​ដែល​ពួកអ្នករៀបចំយុទ្ធនាការជាច្រើនលើកឡើងថា នៅ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ តំបន់រមណីយដ្ឋាន​ទេសចរណ៍​នានា​បាន​ចេញ​បម្រាមមិន​ឲ្យ​ប្រើ​របស់​ធ្វើ​ពី​ប្លាស្លីក​ និង​បាន​ចាប់ផ្តើមផាកពិន័យ​អ្នក​ដែល​បំពាន​លើ​បម្រាមនេះ៕​

ប្រែសម្រួលដោយ ធីម រចនា​