អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ លោក ម៉ៅ មុនី្នវណ្ណបានថ្លែងនៅថ្ងៃពុធនេះថា លោកគ្មានមហិច្ឆតាឡើងក្តោបក្តាប់ គណបក្សសង្គ្រោះជាតិ ជំនួសលោក កឹម សុខា ដូចអ្វីដែលលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆំាង បានចោទប្រកាន់កាលពីថ្ងៃច័ន្ទនោះទេ។
លោក ម៉ៅ មុនី្នវណ្ណ ដែលជានាយកគណៈកម្មាការប្រតិបត្តិស្តីទីរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា លោកមិនមែនជាជនបង្កប់របស់គណបក្សកាន់អំណាច ដើម្បីដឹកនាំធ្វើបក្សប្រហារក្នុងគណបក្សប្រឆាំង ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោកសម រង្ស៊ី។ លោកមានប្រសាសន៍ថា រាល់សកម្មភាពនយោបាយ ដែលលោកបានធ្វើក្នុងពេលគណបក្សកំពុងរងការវាយប្រហារខាងផ្លូវច្បាប់ មានគោលបំណងពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ដើម្បីឈានដល់ការយកជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ ២០១៨។
អ្នកតំណាងរាស្ត្ររូបនេះអះអាងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យខូចប្រយោជន៍របស់គណបក្សប្រឆាំង ដែលទទួលការគាំទ្រខ្លាំងក្លាក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ ២០១៧។
លោក ម៉ៅ មុន្នីវណ្ណ បានប្រាប់ VOA នាថ្ងៃពុធនេះថា៖
«ចំណេញស្អីអ្វី! ធ្វើឲ្យកាន់តែខាតបង់ ទៅវិញទេ។ ចង់មិនចង់ គឺថា អ្នកដែលចំណេញនោះ គឺអ្នកកាន់អំណាចនោះទេ...គេកំពុងតែអង្គុយញញឹមនោះ។ ខ្ញុំនឹកឃើញហើយ ខ្ញុំហួសចិត្ត ប៉ុន្តែខ្ញុំ សុំថា ខ្ញុំ comment [អធិប្បាយ] ជាមួយគាត់ ជាលើកចុងក្រោយហើយ ជាមួយនឹង VOA ហ្នឹង គឺខ្ញុំអត់ឆ្លើយតបអី ជាមួយគាត់តទៅទៀតទេ»។
កាលពីថ្ងៃច័ន្ទកន្លងទៅ លោក សម រង្ស៊ី បានបញ្ចេញឃ្លីបវីដេអូលើទំព័រហ្វេសប៊ុក របស់លោក ដោយបានចោទប្រកាន់លោក ម៉ៅ មុន្នីវណ្ណចំៗថា លោកកំពុងធ្វើសកម្មភាពនយោបាយបម្រើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការធ្វើបក្សប្រហារផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំបក្សប្រឆាំង ឬមន្ត្រីថ្នាក់មូលដ្ឋាន ដែលប្រឈមនឹងការគំរាមកំហែងខាងនយោបាយ ឲ្យភៀសខ្លួនចេញទៅក្រៅប្រទេស។
លោក ម៉ៅ មុន្នីវណ្ណ ដែលធ្លាប់ជាសមាជិករបស់គណបក្សសម រង្ស៊ី មុនការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតឆ្នាំ ២០១៣ បានថ្លែងថា លោកនឹងមិនចាកចេញពីប្រទេសកម្ពុជានោះឡើយ ទោះស្ថិតក្នុងស្ថានភាពគំរាមកំហែងបែបណាក៏ដោយ។
លោក ម៉ៅ មុនី្នវណ្ណ ដែលគេដឹងថា មានភាពសកម្មក្នុងការតវ៉ាបញ្ហាព្រំដែនកម្ពុជា-វៀតណាម យល់ថា ការចោទប្រកាន់របស់ លោក សម រង្ស៊ី មកលើរូបលោក ជាចេតនានៃការសម្លាប់ជីវិតនយោបាយរបស់លោកផងដែរ។ លោកនិយាយថា លោក សម រង្ស៊ី ទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយខណៈលោក កំពុងរស់នៅក្រៅប្រទេស ដែលជាហេតុធ្វើឲ្យលោកផ្តល់ការអធិប្បាយ ដែលផ្ទុយពីស្ថានភាពរបស់គណបក្សនៅក្នុងប្រទេស។
«គាត់ត្រូវបានទទួលព័ត៌មានប្រយោល ពីមន្ត្រីដែលបម្រើយុទ្ធសាស្ត្រគេ យកទៅប្រាប់គាត់អីចឹងទៅ គាត់ធ្វើសេចក្តីសម្រេចមួយ ដែលថ្លែងជាសាធារណៈ បែបនេះ ក្នុងគោលបំណង គឺថាសម្លាប់ជីវិតនយោបាយរបស់ខ្ញុំហើយ។ ប៉ុន្តែខ្ញុំមិនបារម្ភទេ ព្រោះដោយសារថា ខ្ញុំយល់ឃើញថា ទុកឲ្យពេលវេលា វាជាអ្នកកំណត់ ភាពបរិសុទ្ធរបស់ខ្ញុំទៅវិញ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក សម រង្ស៊ី ដែលបានភៀសខ្លួនទៅរស់នៅប្រទេសបារំាង ទាក់ទិនការចោទប្រកាន់របស់លោក ប្រឆាំងនឹងលោក ម៉ៅ មុនី្នវណ្ណ តាមសារអេឡិចត្រូនិក ឬEmail។ ប៉ុន្តែអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនទាន់ឆ្លើយតបមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ VOA ក៏ព្យាយាមសុំការអធិប្បាយពីលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តែទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោកកឹម សុខា និងជាអគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ក៏មិនទាន់ឆ្លើយតប សំណួរតាម សារអេឡិចត្រូនិក ឬEmail ពាក់ព័ន្ធនឹងបញ្ហាប្រេះស្រាំរបស់បក្សប្រឆាំង នៅគ្រាមានការចោទគ្នាទៅវិញមកបែបនេះ។
ក្នុងឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងមិនត្រូវបានរំលាយដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហររឹងប៉ឹង ទោះបីលោកកំពុងស្ថិតក្នុងពន្ធនាគារក៏ដោយ។ លោក សម រង្ស៊ី បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា លោក ហ៊ុន សែន នឹងបរាជ័យជាថ្មីទៀត ក្នុងកិច្ចប្រឹងប្រែងបង្កឲ្យមានបក្សប្រហារ ផ្លាស់ប្តូរមេដឹកនាំគណបក្សប្រឆាំង។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបរាជ័យក្នុងការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិ ដោយសារគំនាបសេដ្ឋកិច្ច និងនយោបាយពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។
តែទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យគណបក្សកាន់អំណាច បានអះអាងថា តុលាការកំពូលនឹងធ្វើការសម្រេចពីវាសនារបស់គណបក្សសង្គ្រោះជាតិនៅក្នុងរយៈពេលពីរសប្តាហ៍ទៅមុខទៀត។
ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដ៏ធំ និងតែមួយគត់នៅសភាជាតិខ្មែរ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេស ដែលជាម្ចាស់ជំនួយដល់ប្រទេសកម្ពុជា។ រដ្ឋាភិបាលប្រទេសស៊ុយអែត ដែលជា ម្ចាស់ជំនួយធំទីបួនរបស់កម្ពុជា បានប្រកាសកាលពីពេលថ្មីៗថា ខ្លួននឹងពិចារណាលើចំណងការទូតជាមួយរដ្ឋាភិបាលកម្ពុជាឡើងវិញ ប្រសិនបើមានការរំលាយគណបក្សប្រឆាំង។ រដ្ឋាភិបាលស៊ុយអែតក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយធានាឲ្យបាននូវការគោរពសិទ្ធិប្រតិបត្តិការការងាររបស់អង្គការសង្គមស៊ីវិល និងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ ដែលជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យ។ សមាជិកព្រឹទ្ធសភា និងរដ្ឋសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យក៏បានគំរាមធ្វើអ្វីៗគ្រប់យ៉ាង រួមទាំងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ប្រសិនបើបក្សកាន់អំណាចកម្ពុជារំលាយ និងមិនដោះលែងប្រធាន និងសមាជិកនៃគណបក្សសង្គ្រោះជាតិ៕