បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ចូលរួម​ជាមួយ​អាមេរិក​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​របស់​ខ្លួន

នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​ស្ថានទូត​រុស្ស៊ី​ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ជាច្រើន​បាន​ចូលរួម​ជាមួយ​នឹង​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ការ​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​រាប់​សិប​នាក់​ចេញ​ពី​ប្រទេស​ខ្លួន ដោយសារ​តែ​សងសឹក​នឹង​ការ​បំពុល​អតីត​អ្នក​ឈ្លប​យក​ការណ៍​រុស្ស៊ី​ម្នាក់​ដោយ​ប្រើ​សារធាតុ​ពុល​ nerve-agent កាល​ពី​ថ្ងៃ​ទី ៤ ខែ​ មីនា កន្លង​ទៅ​នេះ នៅ​ប្រទេសអង់គ្លេស ហើយ​ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​ចោទប្រកាន់​រុស្ស៊ី​ ថា​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា​បាន​ឯកភាព​លើ​រឿង​នេះ។

ការ​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចេញ​ព្រមៗ​គ្នា​ដែល​មិន​ធ្លាប់កើតឡើង​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ធ្វើ​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់ និង​បាន​ព្រមាន​ថា ខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​ចំណាត់ការ​នេះ​ដូចគ្នា​ដែរ ដោយ​បណ្តេញ​មន្ត្រី​ការទូត​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

ការ​បណ្តេញ​ចេញ​លើកដំបូង​បំផុត​គឺ​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដោយ​រដ្ឋបាល​លោក​ ត្រាំ បាន​បញ្ជា​ឲ្យ​មន្ត្រី​ការទូត​រុស្ស៊ី​៦០​នាក់​ចាកចេញ បន្ទាប់​មក​ប្រទេស​អាល្លឺម៉ង់។ ​
ប្រទេស​ ហូឡង់ បាន​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​បួន​នាក់​ចេញ ហើយ​ប្រទេស​អេស្តូនី ក៏​បាន​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​ដែរ។ ចំណែក​ឯ​សាធារណរដ្ឋ ឆេក ក៏​បាន​ប្រកាស​ថា ខ្លួន​បាន​បណ្តេញ​មន្ត្រី​ស្ថានទូត​រុស្ស៊ី​បី​នាក់​ចេញ​ផង​ដែរ។

ប្រទេស​លីទុយអានី​ បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​បី​នាក់​ចេញ​និង​ហាមឃាត់​មន្ត្រី​រុស្ស៊ី​៤៤​នាក់​ទៀត​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ឡើយ។ ប្រទេស​ឡេតូនី ​និយាយ​ថា ខ្លួន​បាន​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​ម្នាក់ ហើយ​បារាំង​និយាយ​ថា ខ្លួន​ក៏​កំពុង​តែ​បណ្តេញ​មន្ត្រី​ការទូត​រុស្ស៊ី​បួន​នាក់​ផង​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ការទូត​រុស្ស៊ី​បួន​នាក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ត្រូវ​បាន​បណ្តេញ​ចេញ​ហើយ៕