នាយកសាជីវកម្មនានានៅប្រទេសលោកខាងលិចកំពុងដកខ្លួនម្តងមួយៗចេញពីសន្និសីទស្តីពីការវិនិយោគដែលនឹងត្រូវរៀបចំធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដែលជាការដកខ្លួនរបស់ពួកគេចេញពីការចោទសួរនានាអំពីការជាប់ពាក់ព័ន្ធរបស់ក្រុងរីយ៉ាដទៅក្នុងករណីបាត់ខ្លួន និងការសម្លាប់អ្នកកាសែតឈ្មោះ Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីតក្នុងប្រទេសតួកគី។
កាលពីដំបូងមេដឹកនាំអាជីវកម្មជាច្រើនបានធ្វើការវិនិច្ឆ័យអំពីអ្វីបានកើតឡើងទៅលើករណីបាត់ខ្លួនអ្នកកាសែតរូបនេះ។ ប៉ុន្តែបន្ទាប់ពីរបាយការណ៍របស់តួកគីដែលបានដាក់ការចោទប្រកាន់យ៉ាងខ្លាំងទៅលើទីភ្នាក់ងារអារ៉ាប់ថា បានធ្វើទារុណកម្ម និងសម្លាប់ដោយកាត់សាកសពលោក Khashoggi ជាកង់ៗនៅក្នុងស្ថានកុងស៊ុលអារ៉ាប់ សាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីពីរសប្តាហ៍កន្លងទៅ បានធ្វើឲ្យពួកមេដឹកនាំទាំងនោះប្រកាសនៅប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេនឹងមិនចូលរួមសន្និសីទរយៈពេលបីថ្ងៃស្តីពីកិច្ចផ្តួចផ្តើមការវិនិយោគនាពេលអនាគតដែលរៀបចំធ្វើនៅក្នុងទីក្រុងរីយ៉ាដចាប់ផ្តើមពីថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
អារ៉ាប៊ី សាអូឌីតបានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ដែលជាអ្នកសរសេរអត្ថបទរិះគន់មេដឹកអារ៉ាប់គឺព្រះអង្គម្ចាស់រាជ្ជទាយាទMohammed bin Salmanនៅក្នុងកាសែត The Washington Post នេះទេ។ ប្រទេសអារ៉ាប៊ី សាអូឌីតបានប្រកាសថានឹងផ្សព្វផ្សាយលទ្ធផលពីការស៊ើបអង្កេតលើករណីបាត់ខ្លួននេះ៕