ប្រជា​ពលរដ្ឋ​បន្ត​រំឭក​អំពី​វីរៈភាព​លោក​​កែម ឡី​ និង​ទាមទារ​យុត្តិធម៌​សម្រាប់​លោក

ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​​នៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ស្ដាប់​ការ​វិភាគ​របស់​លោក​តាម​វិទ្យុ​ មិត្តភក្ដិ​ សហសេវិក​ និង​សិស្ស​និស្សិត​បន្ត​នាំ​គ្នា​មក​គោរព​វិញ្ញា​ក្ខន្ធ​របស់​លោក​បណ្ឌិត​ កែម ឡី​ ឥត​ឈប់ឈរ​ ពី​ព្រលឹម​ទល់​ព្រលប់​ជា​រៀង​រាល់​ថ្ងៃ​ ​ពិសេស​នា​ថ្ងៃ​ចុង​សប្ដាហ៍។

អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ដែល​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​គឺលោក​បណ្ឌិត កែម ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ស្តាម៉ាត​មួយ​នៅ​ក្នុង​ស្ថានីយ៍​ចាក់​សាំង​មួយ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ​ពោល​គឺ​តំាង​ពី​ថ្ងៃទី​១០​ខែ​កក្កដា​កន្លង​មក​ ហើយ​សព​របស់លោក​ត្រូវ​តម្កល់​ទុក​នៅ​ឯស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ។ គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ស្ដាប់​ការ​វិភាគ​របស់​លោក​តាម​វិទ្យុ​ មិត្តភក្ដិ​ សហសេវិក​ និង​សិស្ស​និស្សិត​បន្ត​នាំ​គ្នា​មក​គោរព​វិញ្ញា​ក្ខន្ធ​របស់​លោក​បណ្ឌិត​ កែម ឡី​ ឥត​ឈប់ឈរ​ ពី​ព្រលឹម​ទល់​ព្រលប់​ជា​រៀង​រាល់​ថ្ងៃ​ ​ពិសេស​នា​ថ្ងៃ​ចុង​សប្ដាហ៍។​

នា​ថ្ងៃ​សៅរ៍​ទី​១៣ ​ខែ​សីហា​នេះ​ ក្នុង​ចំណោម​អ្នក​ធ្វើដំណើរឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​២០​រវាង​ផ្លូវជាតិ​លេខ​២​និង​លេខ​៣ ​មាន​អ្នកខ្លះឈប់​រថយន្ត ​និង​ម៉ូតូ​របស់​ខ្លួន​នៅ​ចំណុច​ភូមិ​អង្គ​តាកុប ​ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ ដែល​ជា​កន្លែង​តម្កល់​សព​លោក​បណ្ឌិត​ កែម​ ឡី ​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយរូប។​ អ្នក​ដំណើរទាំង​អស់​នេះ​ដែល​ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​បាន​ធ្វើ​ដំណើរ​ស្កាត់​មកពី​ខេត្ត​ឆ្ងាយៗ​ ដើម្បី​ធ្វើការ​គោរព​វិញ្ញាណ​ក្ខន្ធអ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដ៏​មាន​ទេព​កោសល្យ​នេះ​ ដោយ​សារ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​ខកខាន​មិន​បាន​ចូល​រួម​ហែ​សព​លោក​កាលពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​កន្លង​ទៅ​នោះ។​

ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

អាជីវករ​មួយ​រូប​មកពី​រាជធានី​ភ្នំពេញ លោក​ ម៉ុម ធី​ ដែល​ស្គាល់​លោក​បណ្ឌិត កែម ឡី​ តាមរយៈ​ការផ្សាយ​របស់​វិទ្យុ​នានា​ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប្រាប់​ VOA ​ថា​ លោក​ចូល​ចិត្ត​ការ​វិភាគ​របស់​លោក​ កែម ឡី​ ដោយសារលោក​វិភាគ​ងាយ​យល់​ និង​និយាយចំៗ។​

បន្ទាប់​ពី​អុជធូប​រួច ​ លោក ​ម៉ុម ធី ​និយាយ​ប្រាប់ ​VOA ថា៖​

«នឹក​អនុសាវរីយ៍​គាត់​ត្រង់​ថា​ បើគាត់​និយាយ​វិភាគ​អី​អញ្ចឹង​វា​ត្រូវ។​ ចូលចិត្ត​សម្លេង​គាត់​ ចូលចិត្ត​ការ​និយាយ​របស់​គាត់​យូរ​ហើយ​នេះ។​ គ្រាន់តែ​ចាំ​សម្លេង​គាត់។ ស្ដាយ​តើ​ អ្នក​មាន​វិជ្ជាជីវៈ​ដ៏ខ្ពង់​ខ្ពស់។ ​បាត់បង់​គាត់​ ស្ដាយ។​ មនុស្ស​ម្នាក់ៗ​ វាមិន​ងាយ​ធ្វើ​បាន​ដូច​គាត់​ទេ។​ ខ្ញុំចង់​និយាយ​អញ្ចឹង​ហ្មង»។​

កន្លងមក​លោក​ កែម ឡី​ ធ្លាប់​វិភាគ​អំពី​កិច្ច​អភិវឌ្ឍន៍​សង្គម​មួយ​ចំនួន​ ដូចជា​គោល​នយោបាយរបស់​គណបក្ស​នយោបាយ​នានា​ និង​ចុង​ក្រោយ​បំផុត​លោក​និយាយ​អំពី​របាយ​ការណ៍​របស់​អង្គការ ​Global Witness​ ដែល​និយាយ​អំពី​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ជា​ដើម។​

អ្នកស្រី​ហ៊ី គឹមហៀង កសិករ​មកពី​ស្រុកភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​ និង​កូនប្រុសអុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត ​កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម ​នៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

ចំណែក​ឯអ្នកស្រី ​ហ៊ី គឹមហៀង ​កសិករ​មកពី​ស្រុកភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​ ធ្លាប់​ស្ដាប់​ការ​វិភាគ​របស់​លោក​បណ្ឌិត ​កែម ឡី​ ត្រឹម​តែ​ចំនួន​ពីរ​ដងប៉ុណ្ណោះ​មុន​នឹង​លោក​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់។​ អ្នកស្រី​និយាយ​ថា​ អ្នកស្រី​រន្ធត់​ជាខ្លាំង ហើយ​តែងតែ​យល់​សប្តិ​ឃើញ​រូប​លោក​បណ្ឌិត​ កែម ឡី​ ក្រោយ​ពេល​ឮ​ដំណឹង​អំពី​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ដែល​មិន​សំចៃ​មាត់​នេះ។​

​បន្ទាប់​ពីអុជ​ធូប​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ ​អ្នក​ស្រី​ប្រាប់​ VOA ​ថា៖​

«ឮ​បាន​តែ​ពីរ​ង៉ៃ ​គ្រួសារ​ខ្ញុំ​ថា​ ហឹម! ​ម៉ែ​អា​បារាំង​អើយ​ កែម ឡី​ ហ៊ាន​និយាយ​ចំៗ ​ង៉ៃ​ណា​គេ​សម្លាប់​ហើយ។ ​ថា​អញ្ចេះ ​បានតែ​ពីរ​ថ្ងៃ​ ពេល​ខ្ញុំ​ត្រឡប់​ពី​មើល​គោ ​បើក​រ៉ាយ៉ូ​ស្ដាប់​ ស្រាប់តែ​ឮ​ថា​ គេ​សម្លាប់​ កែម ឡី។ ​ធ្លាក់​រ៉ាដយ៉ូពី​ដៃ។ ​ធ្លាក់​រ៉ាដយ៉ូពី​ដៃ​យំ​ហ៊ូ​តាម្ដង​ ហើយ​ធ្លាប់​ស្ដាប់​តែ​ពីរ​ដង​ទេ​ណា។ ​ក៏​ខ្ញុំ​យប់​ឡើង​ ខ្ញុំ​ដេក​យល់​សប្តិ​ឃើញ​រាល់​ថ្ងៃ។ ​ខ្ញុំ​ក៏​ថា​ អូន​អើយ​កុំ​ឲ្យ​បង​យល់​សប្តិ​ឃើញ ​បង​មិន​ដែល​ស្គាល់​អូន​ឯង​ទេ។ ​តែ​ខ្ញុំ​មក​ភ្នំពេញ​ ខ្ញុំ​ឲ្យ​កូន​ជូន​ខ្ញុំ​មក​នេះ​ ហើយ​មក​គោរព​ក៏​បាត់​រហូត​ណា​អូន!។ ខ្ញុំ​នៅ​ស្រុក​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍​សាត់ ​ដល់​ពេល​ខ្ញុំ​បន់​ក៏​បាត់​ទៅ។ ​ហើយ​ស្ដាប់​សម្លេង​ដែល​នៅ​រស់​បាន​តែ​ពីរ​ថ្ងៃ។ ​ហើយ​គ្រួសារ​ខ្ញុំ​និយាយ​ថា​ ម៉ែ​អាបារាំង​ ថ្ងៃ​ណា​មួយ​គេ​បាញ់​ហើយ​ គាត់​ហ៊ាន​និយាយ​ដូច​ឯង​អញ្ចឹង»។​

អ្នកស្រី​បាន​រំឭក​សម្ដី​លោក ​កែម ឡី៖​

«ចាំ​តើ អា​ពេល​ខោអាវ​រហែក​នោះ ​យើង​ពាក់​ខោអាវ​រហែក​ដើរ​ចូល​ផ្សារ​ យើង​មិន​ប៉ះ​ គេ​ថា​ ប៉ះ​ទៅ​វា​ជិត​ទៅ​ គេ​ឈប់​និយាយ​ពី​យើង​ហើយ»។​

មិនខុស​ពី​ប្រជា​ពលរដ្ឋ​មកពី​ខេត្ត​ពោធិ៍សាត់​ដែរ​ យុវជន​មួយ​រូបអម​ដោយ​មិត្ត​ភក្តិម្នាក់​ទៀត​ បាន​ចំណាយ​ពេល​មួយ​សន្ទុះ​ធំ អង្គុយសរសេរ​នៅ​លើ​សៀវភៅ ​នៅ​ខាង​មុខ​ផ្នូរ​មួយ​ ដែលមាន​រូប​ថត​លោក​បណ្ឌិត​ កែម ឡី​ ដ៏​ធំ​ចំនួន​ពីរ​អមសាង​ខាង​ផ្នូរ​ និង​មាន​ហិប​បរិច្ចាគ​ដាក់​ខាងមុខ​ដែល​សរសេរ​ថា​«មូលនិធិ​បណ្ឌិត​ កែម ឡី»។​ យុវជន​រូប​នេះ​មាន​ឈ្មោះ​ថា​ សឿង​ សុភ័ន​ និសិ្សត​ឆ្នាំ​ទីមួយ​ផ្នែក​មេកានិច​នៃ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា។​ គាត់​ធ្លាប់​ចូលរួម​សិក្ខាសាលា​ដែល​ឧទ្ទេសនាម​ដោយ​លោក​បណ្ឌិត កែម ឡី​ បី​ខែ​មុន​ពេល​ដែល​លោក​ត្រូវខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។​

យុវនិស្សិត​ ​សឿន សុភ័ន ​បាន​ប្រាប់​ VOA ​ថា ​រូបគេ​បាន​យល់​ដឹង​ទាក់​ទង​ស្ថាន​ការណ៍​សង្គម​យ៉ាង​ច្រើន​តាមរយៈ​ការ​ស្តាប់​ការ​វិភាគ​របស់​លោក​បណ្ឌិត ​កែម ឡី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ ​ហើយ​ជា​ពិសេស​បាន​ចូលរួម​សិក្ខាសាលា​ដែល​មាន​លោក​បណ្ឌិត​ កែម ឡី​ ជា​វាគ្មិនផង​ដែរ។​

ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

បន្ទាប់​ពី​សរសេរ​ប្រវត្តិ​សង្ខេប​របស់​លោក​បណ្ឌិត​ កែម ឡី លោក​ សឿន សុភ័ន​ប្រាប់ ​VOA​ ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា៖​

«ដំបូង​ខ្ញុំ​មក​គឺ​ដើម្បី​គោរព​នូវ​ភាព​អង់​អាច​របស់​គាត់​ទីមួយ ហើយ​ទី​ពីរ​ខ្ញុំ​កត់​ជីវប្រវត្តិ​សង្ខេប​របស់​គាត់​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្ញុំ​បាន​ដឹង​ ឲ្យ​ស្គាល់​នូវ​វីរៈភាព​អង់អាច​របស់​គាត់។ ​ទី​មួយ​គាត់​ហ៊ាន​និយាយ​អ្វី​ជា​ការណ៍​ពិត»។​

ដូច​អ្នក​ដំណើរ​ដទៃ​ទៀត​ដែរ ​ អ្នកស្រី​ សួស សុភឿន ​ប្រជា​ពលរដ្ឋ​មកពី​ខេត្ត​កណ្ដាល​ម្នាក់​ទៀត បាន​អំពាវនាវ​ឲ្យមាន​ការ​ចាប់​ជនដៃ​ដល់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ និង​អ្នក​សម្លាប់​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ដោយ​អំពើ​ឃាតកម្ម​ផ្សេង​ទៀត​កន្លង​មក។​

«ខ្ញុំ​មិន​ទៅ​ជឿ​ទេ ​អាណា​ទៅ​ដាក់​ឈ្មោះ​«ជួប សម្លាប់‍»។ ​ខ្ញុំ​ចង់​ឲ្យ​គេ​រក​ឲ្យ​ឃើញ​អាឃាតករ​សម្លាប់​ពួក​គាត់​ហ្នឹង។​ ខ្ញុំ​ស្រឡាញ់​គាត់។​ ពួកគាត់​ស្នេហា​ជាតិ»។​

តែ​ទោះ​ជា​យ៉ាងណាក្ដី​ ​បើ​តាម​សាច់​ញាត្តិ​ និង​ក្រុម​គ្រួសារ​ ​ តំណាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​បាន​ផ្ដល់​ដំណឹង​អំពី​ការ​ដាក់​ទោស​លើ​ជន​ដៃ​ដល់​ណាម្នាក់​នៅ​ឡើយ​ទេ​ គឺ​មាន​តែ​ដំណឹង​ថា​ ប៉ូលិស​ចាប់​បាន​ជន​សង្ស័យ​ឈ្មោះ ​អឿត អាង​ ដែល​ប្រាប់​ប៉ូលិស​ថា​ ខ្លួន​ឈ្មោះ​«ជួប សម្លាប់‍»​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មានឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី។​

ក្រុម​គ្រួសារ​នៃ​សព​លោក​បណ្ឌិត​ កែម ឡី​ បាន​ប្រាប់​ VOA ​ថា​ ​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​រូប​លោក​ មក​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​ ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​ដល់​អាទិត្យ​ ដែល​មាន​យ៉ាង​ហោច​ណាស់​ចំនួន​៣០​នាក់​ក្នុង​មួយ​ថ្ងៃ ​ហើយ​ចំនួននេះ​កើន​ដល់​១០០​នាក់​នា​ថ្ងៃចុង​សប្ដាហ៍៕