យន្ដហោះដឹកអ្នកជំងឺមួយគ្រឿងដែលចេញដំណើរពីប្រទេសហ្វីលីពីនឆ្ពោះទៅកាន់ប្រទេសជប៉ុនបានឆេះកាលពីថ្ងៃអាទិត្យ នៅកន្លែងចេញដំណើរក្នុងទីក្រុងម៉ានីល ដែលបានបណ្ដាលឲ្យមនុស្សចំនួន៨នាក់នៅលើនោះស្លាប់។ នេះបើតាមសម្ដីរបស់ក្រុមមន្ត្រី។
អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិម៉ានីល (MIAA) បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ជាអកុសល គ្មានអ្នកដំណើរណាម្នាក់រស់រានមានជីវិតពីគ្រោះថ្នាក់យន្ដហោះធ្លាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air នោះទេ»។
យន្ដហោះនោះដឹកអ្នកជំងឺម្នាក់និងសាច់ញាតិម្នាក់ រួមជាមួយនឹងបុគ្គលិកពេទ្យ ក្នុងដំណើរឆ្ពោះទៅកាន់ក្រុង Haneda ប្រទេសជប៉ុន។
លោក Richard Gordon មន្ត្រីជាន់ខ្ពស់និងជាប្រធានកាកបាទក្រហមហ្វីលីពីនបានសរសេរលើបណ្ដាញសង្គម Twitter ថា «អ្នកដំណើរ៨នាក់ លើយន្ដហោះនោះរួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក អ្នកជំងឺ សាច់ញាតិ និងក្រុមអ្នកបើកយន្ដហោះ»។
គេនៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ថាតើអ្នកជំងឺម្នាក់នោះមានជំងឺកូវីដ១៩ ឬយ៉ាងណា៕