អ្នកស្រាវជ្រាវជាន់ខ្ពស់អាមេរិកាំងដើមកំណើតចិនម្នាក់បានត្រូវចោទប្រកាន់កាលពីថ្ងៃអង្គារនៅក្នុងសហរដ្ឋអាមេរិកពីការប្រើកិត្តិនាមរបស់លោកជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីប្រមូលព័ត៌មានស្តីពីពួកប្រឆាំងហើយផ្តល់ព័ត៌មាននេះទៅឱ្យរដ្ឋាភិបាលនៅក្នុងប្រទេសរបស់លោក។ នេះបើតាមសេចក្តី រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គណៈវិនិច្ឆ័យសហព័ន្ធនៅក្នុងទីក្រុងញូវយ៉កបានចេញសាលក្រមនៅក្នុងរឿងក្តីរបស់លោក Shujun Wang ដែលបានជួយបង្កើតក្រុមគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងនោះ។
ពួករដ្ឋអាជ្ញាបាននិយាយថាតាមការបញ្ជារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិននិងក្រសួងសន្តិសុខរដ្ឋ លោក Wang បានរស់នៅជាមនុស្សមុខ២អស់ជាងមួយទសវត្សរ៍។
អគ្គរដ្ឋអាជ្ញារងសហរដ្ឋអាមេរិកលោកស្រី Ellen Sise បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍បើកចំហរកាលពីខែមុនថា៖«ចុងចោទបានក្លែងធ្វើជាអ្នកប្រឆាំងរដ្ឋាភិបាលចិន ដូច្នេះ លោកអាចមានភាពជិតស្និទ្ធទៅនឹងមនុស្សដែលជាអ្នកប្រឆាំងពិតប្រាកដទៅនឹងរដ្ឋាភិបាលចិន។ ហើយបន្ទាប់មក ចុងចោទបានក្បត់នឹងមនុស្សទាំងនោះ មនុស្សដែលបានទុកចិត្តលោក ដោយរាយការណ៍ព័ត៌មានអំពីពួកគេទៅឱ្យចិន»។
លោក Wang ត្រូវបានចោទប្រកាន់រួមមានការឃុបឃិតធ្វើជាភ្នាក់ងារបរទេសដោយមិនបានផ្តល់ព័ត៌មានដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកមិនបានសារភាពទទួលកំហុសទេ៕