បាតុកម្ម​ហិង្សា​យប់​ទី​២​ផ្ទុះ​ឡើង​​​ចំពោះ​ករណី​​ស្លាប់របស់បុរស​ស្បែក​ខ្មៅ​​​ដោយ​សារ​​ប៉ូលិស​ស្បែក​ស

ក្រុមបាតុករវាយបំផ្លាញ​ហាង O'Reilly ដែលស្ថិតនៅក្បែរទីស្នាក់ការប៉ូលិសក្រុង Minneapolis សង្កាត់ទី៣ ក្នុងបាតុកម្មមួយក្រោយពីករណីស្លាប់របស់បុរសជនជាតិស្បែកខ្មៅម្នាក់​ពេលប៉ូលិសឃាត់ខ្លួនបុរសនោះ នៅរដ្ឋ Minnesota ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០។

បុរស​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ស្លាប់ ​ក្នុង​យប់​ទី​២​ នៃ​បាតុកម្មដែល​ក្លាយ​ជា​ហិង្សា​មួយ នៅ​ក្នុង​ទី​ក្រុង Minneapolis នៅ​រដ្ឋ Minnesota ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក ដោយ​សារ​រឿង​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ ដោយ​សារ​មន្ត្រី​ប៉ូលិស។​

មន្ត្រី​ប៉ូលិស​និយាយ​ថា ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុដែល​នាំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​នេះ។

រូបភាពផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បង្ហាញ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​បាតុករ​ និងហើយ​ក្រុម​ប៉ូលិស​និង​មន្ត្រី​ពន្លត់​អគ្គីភ័យ​បាន​ទៅ​ដល់​ហាង​មួយ ​ដែល​ត្រូវ​បាន​គេ​ដុត​និង​វាយ​កម្ទេច​ចូល។ អគារ​ជា​ច្រើន​នៅ​ឆេះ​នៅ​ឡើង ​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

អភិបាល​ក្រុង Minneapolis បាន​អំពាវនាវ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សា ​និង​ការ​ស្តារ​ស្ថេរភាព​សាធារណៈ​ឡើង​វិញ។​

កំហឹង​បាន​ផ្ទុះ​ឡើងចំពោះ​ដំណឹង​នៃ​ការ​ស្លាប់​ កាល​ពី​ថ្ងៃ​ច័ន្ទ ​របស់​លោក George Floyd អាយុ​៤៦​ ឆ្នាំ​ ក្រោយ​ពី​លោក​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សង្ស័យ​អំពី​ករណី​ក្លែង​បន្លំ។

ប៉ុន្តែ​វីដេអូ​ក្នុង​ទូរស័ព្ទបាន​បង្ហាញ​ថា​ ប៉ូលិស​ស្បែក​ស​ម្នាក់សង្កត់​លោក Floyd ដែល​ជាប់​ខ្នោះ​ស្រាប់​ឲ្យ​ផ្អឹប​នឹង​ដី ហើយ​គេ​អាច​ឮ​លោក​ស្រែក​ថា «ខ្ញុំ​មិនអាច​ដង​ដង្ហើម​បាន​ទេ» ប៉ុន្តែ​មន្ត្រី​ប៉ូលិស​នោះ​បន្ត​សង្កត់​លោក​ទៀត​រហូត​លោក​លែង​មាន​ចលនា។ លោក​ Floyd ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​ និង​ប្រកាស​ថា​បាន​ស្លាប់៕