ប្រធានាធិបតីប្រទេសម៉ាលីលោក Boubacar Keita បានលាចេញពីតំណែងកាលពីយប់ថ្ងៃអង្គារ ក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយពួកទាហានបះបោរ ក្រោយពីមានភាពចលាចលនយោបាយអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសមក។
លោក Keita ដែលពាក់ម៉ាស់ការពារវីរុសកូរ៉ូណានិងហាក់ដូចជាគ្មានកម្លាំង បានបង្ហាញខ្លួននៅទូរទស្សន៍រដ្ឋ ដោយប្រកាសថា លោកបានចុះចេញពីតំណែងដើម្បីបញ្ចៀសការបង្ហូរឈាម។
មេដឹកនាំអាយុ ៧៥ ឆ្នាំរូបនេះបាននិយាយថា ប្រសិនបើ «ពួកយោធាខ្លះ» ចង់បញ្ចប់តំណែងប្រធានាធិបតីរបស់លោក «ដោយការធ្វើអន្តរាគមន៍របស់ពួកគេ» គឺលោក «គ្មានជម្រើសទេ»។ លោក Keita ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលរបស់លោកនិងរដ្ឋសភានឹងត្រូវរំលាយ។
សុន្ទរកថាលាចេញពីតំណែងរបស់លោក Keita បានបញ្ចប់ភាពចលាចលរយៈពេលមួយថ្ងៃនៅពេលដែលពួកទាហានបានរឹបអូសយកកាំភ្លើងពីបន្ទាយយោធានៅក្នុងទីក្រុង Kati ហើយបានសម្រុកចូលរដ្ឋធានីបាម៉ាកូ។
អ្នកយកព័ត៌មានម្នាក់នៅក្នុងប្រទេសម៉ាលីបានប្រាប់សេវាផ្សាយជាភាសាបារាំងរបស់ VOA ថា ពួកទាហាន «បានសម្រុកទាំងកម្រោលទៅឃ្លាំងអាវុធ យកកាំភ្លើង ហើយបានចាប់ផ្តើមបាញ់ទៅលើអាកាស និងចេញមកក្រៅ ហើយកាត់ផ្តាច់ការចេញចូលក្នុងបន្ទាយទាហាននោះ»។
ពួកបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនបានប្រមូលផ្តុំគ្នានៅទីលានកណ្តាលរដ្ឋធានីបាម៉ាកូស្រែកហ៊ោអបអរពួកទាហាន នៅពេលដែលពួកគេដើរចូលផ្ទះលោក Keita ដើម្បីចាប់ខ្លួនលោក។
ពួកទាហានបានចាប់ខ្លួនលោកប្រធានាធិបតី Keita និងលោកនាយករដ្ឋមន្ត្រី Boubou Cisse នៅឯគេហដ្ឋានរបស់លោក Keita ហើយបានបញ្ជូនពួកគេទៅកាន់ទីក្រុង Kati ជាកន្លែងដូចគ្នាដែលនៅទីនោះ រដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Tomani Toure កាលពីឆ្នាំ ២០១២ បានចាប់ផ្តើម៕