ថ្លែងក្នុងកិច្ចសន្ទនាពិសេសស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២ ខែកញ្ញានេះ លោក មហាធា មហាម៉ាត់ មានប្រសាសន៍ថា ក្រុមយុវជន«មិនថាតែនៅក្នុងប្រទេសកម្ពុជា ឬប្រទេសម៉ាឡេស៊ី ឬក៏ប្រទេសដទៃនោះទេ» ត្រូវតែដឹងអំពីអ្វីដែលបានកើតឡើងនៅជុំវិញខ្លួន។
លោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ការសិក្សាពីបញ្ហាខាងលើនេះនឹងជួយឲ្យយុវជនក្លាយជាអ្នកដឹកនាំល្អនៅពេលខាងមុខដោយពួកគេអាចគេចផុតពីបទពិសោធន៍មិនល្អពីអតីតកាលនៃមេដឹកនាំរបស់ពួកគេឬមេដឹកនាំនៃប្រទេសដទៃ។
នៅចំពោះមុខក្រុមនិស្សិត លោក មហាធា ដែលបានត្រឡប់មកកាន់តំណែងក្នុងនាមជានាយករដ្ឋមន្ត្រីកំពុងកាន់តំណែងចំណាស់ជាងគេក្នុងពិភពលោកក្រោយការឈ្នះឆ្នោតនៅឆ្នាំ២០១៨ បានឆ្លៀតរំឭកពីការជាប់ឆ្នោតរបស់លោក ដោយបានផ្តួលគណបក្សចម្រុះ Barisan Nasional របស់នាយករដ្ឋមន្ត្រី Najib Razak ដែលញាំញីដោយអំពើពុករលួយ៖
«ប្រជាពលរដ្ឋបានគាំទ្រគណបក្សនោះឲ្យធ្វើជារដ្ឋាភិបាលអស់រយៈពេល៦១ឆ្នាំ។ ប៉ុន្តែនៅពេលពួកគេធ្វើផ្ទុយពីការងាររបស់ពួកគេ ហើយនៅពេលដែលពួកគេភ្លេចពីតួនាទីចំពោះសាធារណជន ពួកគេត្រូវបានដកចេញដោយសាធារណជន»។
លោក មហាធា មហាម៉ាត់ បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការចំនួនបីថ្ងៃរបស់លោកនៅថ្ងៃច័ន្ទនេះ។ តាមគម្រោង លោកត្រូវជួបជាមួយសមភាគីកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារស្អែក។ កិច្ចសន្ទនាទ្វេភាគីដែលនឹងផ្តោតលើការពិភាក្សាអំពីកិច្ចសហការនិងពង្រឹងពាណិជ្ជកម្មនៃប្រទេសទាំងពីរ រួមទាំងកិច្ចពិភាក្សាអំពីស្ថានភាពតំបន់និងអន្តរជាតិផងដែរ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
កិច្ចព្រមព្រៀងមួយចំនួនគ្រោងនឹងត្រូវចុះហត្ថលេខា។ ហើយប្រទេសទាំងពីរគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍រួមក្រោយពីជំនួបនៃប្រមុខដឹកនាំទាំងពីរ។
កញ្ញាថោង សេរីបុត្រ វ័យ២០ឆ្នាំ ជានិសិ្សតឆ្នាំទី៣ខាងផ្នែកទំនាក់ទំនងអន្តរជាតិ បានប្រាប់ VOA ក្រោយការបញ្ចប់កិច្ចសន្ទនានោះថា លោកមហាធា បានចែករំលែកបទពិសោធន៍ និងចំណេះដឹងជាច្រើន ដើម្បីជាទុនសម្រាប់ពង្រឹងសមត្ថភាពឈានទៅក្លាយជាអ្នកដឹកនាំនៅថ្ងៃខាងមុខ។
«បើខ្ញុំបានចាប់បានហ្នឹងគឺថា គាត់បាននិយាយថា យុវជនហ្នឹងប្រៀបបានដូចជាសរសៃឈាមរបស់ប្រទេសជាតិអ៊ីចឹង ហើយអ្វីដែលយុវជនសម្រេចហ្នឹង គឺជាជោគវាសនារបស់ប្រទេសជាតិ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ស្របនឹងការអធិប្បាយរបស់លោកមហាធាក្នុងការគ្រប់គ្រងរដ្ឋ។
«អ៊ីចឹងវាជាក្រឹតក្រមហើយ កាលណារដ្ឋាភិបាលមួយ ដឹកនាំប្រទេសមិនគិតគូរ ផលប្រយោជន៍ជាតិ និងប្រជាជនទេ រដ្ឋាភិបាលនោះត្រូវតែធ្លាក់ ដោយសារវាលែងមានការគាំទ្រពីប្រជាពលរដ្ឋ»។
លោក មហាធា មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីត្រូវគេស្គាល់ថា ជាមេដឹកនាំផ្តាច់ការ ហើយក្រុមចម្រុះរបស់លោកដែលជាគណបក្សប្រឆាំងដែលមានឈ្មោះថា សម្ព័ន្ធភាពនៃក្តីសង្ឃឹម ឬ Alliance of Hope។ លោកបានកាន់អំណាចពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣ គឺក្នុងរយៈពលេ២២ ឆ្នាំមុននឹងឡើងកាន់អំណាចម្តងទៀតនៅឆ្នាំ២០១៨។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរមួយរូបមានប្រសាសន៍ថា កម្ពុជាគួរយកគំរូតាមការដឹកនាំរបស់លោកមហាធា នៃប្រទេសម៉ាឡេស៊ី ដែលចេះទទួលយកមតិរិះគន់ពីក្រុមជំទាស់ និងបានព្យាយាមកែទម្រង់យុត្តិធម៌ដើម្បីតុលាការម៉ាឡេស៊ីមួយឯករាជ្យ។ ជាងនេះទៅទៀត លោក មហាធា បានដឹកនាំប្រទេសម៉ាឡេស៊ីឲ្យក្លាយជាប្រទេសឧស្សហកម្មជឿនលឿនមួយនៅអាស៊ី៕