តុលាការ​​ម៉ាឡេស៊ី​បញ្ជា​ឲ្យ​បន្ត​ការ​កាត់​ក្តី​​ភរិយា​អតីត​នាយករដ្ឋមន្ត្រី Najib​ ពី​បទ​ពុករលួយ

  • ​Reuters

រូបឯកសារ៖ ​អ្នកស្រី Rosmah Mansor ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Najib Razak ពេលចូលបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។

តុលាការ​ម៉ាឡេស៊ី​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជា​ឲ្យ​អ្នកស្រី Rosmah Mansor ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Najib Razak ចូល​ខ្លួន​ការពារ​ក្ដី​ក្នុង​ការ​ជំនុំជម្រះ​លើ​សុំណំ​រឿង​ពុក​រលួយ ដែល​ពាក់​ព័ន្ធ​នឹង​ការ​អនុម័ត​គម្រោង​មួយ​ ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ នៅ​ពេល​ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះនៅ​កាន់​អំណាច។​

បណ្ដឹង​ពី​បទ​ពុក​រលួយ​រាប់​សិប​ករណី​ត្រូវ​បាន​ប្ដឹង​ប្រឆាំង​ស្វាមី​ភរិយា​មួយ​គូ​នេះ បន្ទាប់​លោក Najib បាន​ចាញ់​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៨ ចំ​ពេលសាធារណជន​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​អំពីការ​ចោទ​អំពី​រឿង​ពុក​រលួយ និង​ជីវិត​រស់​នៅ​ដ៏​ស្តុកស្ដម្ភ​របស់​ពួក​គេ បន្ទាប់​ពី​ការ​ឆែកឆេរ​របស់​ប៉ូលិស​បាន​បង្ហាញ​ថា ​អ្នកស្រី Rosmah មាន​គ្រឿង​អលង្ការ និង​កាបូប​តម្លៃ​រាប់​លាន​ដុល្លារ។

តុលាការ​កំពូល​ប្រចាំ​រាជធានី​គូឡាឡាំពួរ​បាន​សម្រេច​ថា​ មាន​ភស្ដុតាងគ្រប់​គ្រាន់​សម្រាប់​បន្ត​នីតិវិធី​រឿង​ក្តី។​

ចៅក្រម Mohamed Zaini Mazlan បាន​ប្រកាស​សាល​ក្រម​ថា៖ «ការ​រក​ឃើញ​របស់​ខ្ញុំ​គឺ​ថា ​អយ្យការ​បាន​បង្ហាញ​ភស្តុតាង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ពិត​ប្រាកដ...ឥឡូវ​ខ្ញុំ​សូម​កោះហៅ​ជន​ជាប់​ចោទ​ឲ្យ​ចូល​ការពារ​ក្តី»។

អ្នកស្រី Rosmah អាយុ ៦៩ឆ្នាំ ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ចំនួន​បី​ករណី ទាក់ទង​នឹង​ការ​ស្នើ​សុំ និង​ទទួល​សុំណូក ដែល​ពាក់​ព័ន្ធ​នឹង​ទឹកប្រាក់​ចំនួន​ជាង ៤៨ លាន​ដុល្លារ ដើម្បី​ជួយ​ក្រុមហ៊ុន Jepak Holdings Sdn Bhd ឲ្យ​ទទួល​បាន​គម្រោង​ផ្ទាំង​សូឡារ​ស្រូប​ពន្លឺ​ព្រះអាទិត្យ។

ប្រសិន​ជា​រក​ឃើញ​ថា​មាន​ទោស អ្នកស្រី​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​យ៉ាង​ហោចណាស់​ប្រាំ​ដង​នៃ​ទឹក​ប្រាក់​ ដែល​ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​អស់៕