អាជ្ញាធរ​ម៉ាឡេស៊ី​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់

ក្រុមអ្នកដំណើរ​រង់ចាំចូលត្រួតពិនិត្យ​សន្តិសុខនៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថត AP)

សកម្មជន​ទាំង​ពីរ​នេះ ​អាច​នឹង​ត្រូវបាន​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​ក្តី។

សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ចាប់​និង​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពីរនាក់ នៅ​ពេល​ដែល​ពួក​គេ​កំពុង​រង់ចាំ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ម៉ាឡេស៊ី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Reuters ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។

សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ ដែល​មាន​ឈ្មោះ ហេង ស៊ាងលាង និង​ងឹម គាថា ត្រូវបាន​សាក​សួរ​និង​ឃុំ​ខ្លួន​ដោយ​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃ​ច័ន្ទ ហើយ​គ្រោង​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេសកម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ។ ក៏ប៉ុន្តែ គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​បាន​តវ៉ា​កុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូន​ខ្លួនអ្នក​ទាំងពីរ​នេះ។

លោក Jerald Joseph សមាជិក​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី បាន​ប្រាប់​សារព័ត៌មាន Reuters ដែល​ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តី​ថា៖«នាពេល​នេះ យើង​កំពុង​ព្យាយាម​ជួប​សកម្មជន​ទាំង​ពីរ​នាក់​នៅ​មន្ទី​រឃុំឃាំង ដើម្បី​កំណត់​ស្ថានភាព​របស់​ពួកគេ។ ប៉ុន្តែ យើង​រីករាយ​ដែល​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី បាន​សម្រេច​មិន​បញ្ជូន​ខ្លួន​អ្នក​ទាំង​ពីរ​នេះ ហើយ​ខ្ញុំ​គិត​ថា នេះ​គឺជា​សញ្ញាណ​ល្អ​មួយ‍»។

យោង​តាម​ឯកសារ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន ឬ​ហៅ​កាត់​ថា UNHCR ដែល​ VOA ទទួល​បាន ​កញ្ញា ងឹម គាថា ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី​ តាម​រយៈអង្គការ UNHCR ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​បទ​«រួមគំនិត​ក្បត់‍» តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

រីឯលោក ហេង ស៊ាងលាង ដែល​ជា​អតីត​ចៅ​សង្កាត់​រង​ទី​១​នៃ​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៣ ខែ​កញ្ញា ដោយសារ​លោក​បាន​រងការ​គំរាម​កំហែង​ខាង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​ ហេង ស៊ាងលាង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី១៨ ខែ​តុលា​ ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​សារ​ជាថ្មី​មក​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ហើយ​ក្រោយ​មក​ក៏​ត្រូវបាន​ឃុំ​ខ្លួន​ជាមួយ​កញ្ញា ងឹម គាថា នៅពេល​ពួកគេ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។

លោក Phil Robertson អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Reuters ថា កញ្ញា ងឹម គាថា និង​លោក ហេង ស៊ាងលាង គឺ​ពិត​ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧។

យ៉ាងណាមិញ សកម្មជន​ទាំង​ពីរ​នេះ ​អាច​នឹង​ត្រូវបាន​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​ក្តី។

ចាប់តាំង​ពី​ខែ​សីហា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ គេ​ឃើញ​ថា សកម្មជន​គណបក្ស​ប្រឆាំងយ៉ាង​ហោច​ណាស់ ៤៨នាក់​ ត្រូវបាន​ចាប់​ឃុំ​ខ្លួន​និង​រង​ការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់‍» ​ក្រោម​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ថា​ ជា​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ ប៉ូលិស និង​យោធា​ នៅ​តាម​ច្រក​ព្រំដែន​ឆ្លង​ពី​ប្រទេស​ទីពីរ​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​សមាជិក​នៃ​ក្រុម​គណបក្ស​របស់​លោក ដែល​គ្រោង​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ បន្ទាប់​ពី​បាន​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​កម្ពុជាក៏​បាន​ហាមមិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដឹក​លោក សម រង្ស៊ី និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ចូល​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ។

នៅ​ថ្ងៃ​អង្គារនេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស Amnesty International ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយ​សារ​តែ​ពួកគេ​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សន្តិវិធី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​មក​លើ​ពួកគេ​ជា​បន្ទាន់‍។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃ្លាំ​មើល​ឲ្យ​បាន​ដិតដល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ៕