សវនាការ​ ​Malaysiakini កើត​ឡើង​ចំ​ពេល​សេរីភាព​សារព័ត៌មាន​ម៉ាឡេស៊ី​ធ្លាក់​ចុះ

រូប​ឯកសារ៖ លោក Steven Gan (រូប​ឆ្វេង) និពន្ធ​នាយក​នៃ​សារព័ត៌មាន​អនឡាញ Malaysiakini អញ្ជើញ​ទៅ​ដល់​តុលាការ​នៅ​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

ការ​ចាប់​ខ្លួន និង​ការ​សួរ​ចម្លើយ​អ្នក​កាសែត​ជាបន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ។

​ក្នុង​ខែ​កក្កដា​នេះ អគ្គព្រះរាជ​អាជ្ញា​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក Steven Gan និពន្ធ​នាយក​នៃ​សារព័ត៌មាន Malaysiakini។ នៅ​ថ្ងៃទី១០ ខែកក្កដា អាជ្ញាធរ​បាន​សួរ​ចម្លើយ​អ្នក​កាសែត​ជាច្រើន​ទាក់ទង​នឹង​បទ​យកការណ៍​ស៊ី​ជម្រៅ​មួយ​ស្តី​អំពី​ពលករ​ចំណាកស្រុក និង​ជំងឺ​កូវីដ១៩។

ហេតុការណ៍​ទាំង​នេះ​បង្ហាញ​ពី​ការ​ដើរ​ថយ​ក្រោយ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ម៉ាឡេស៊ី ដែល​កាលពី​២ឆ្នាំ​មុន​មាន​ភាព​ល្អ​ប្រសើរ​ផ្នែក​សេរីភាព​សារព័ត៌មាន​ខ្លាំង​ជាង​ប្រទេស​នានា​ផ្សេង​ទៀត ដូច​ត្រូវ​បាន​ផ្តល់​ចំណាត់ថ្នាក់​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។ ​

សវនាការ​លើ​លោក Gan ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី១៣ ខែកក្កដា កើត​ឡើង​បន្ទាប់ពី​អ្នក​អាន​៥នាក់​បាន​សរសេរ​យោបល់​រិះគន់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ម៉ាឡេស៊ី​ចំពោះ​អត្ថបទ​របស់​សារព័ត៌មាន Malaysiakini អំពី​ការ​បើក​តុលាការ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​បិទ​ទ្វារ​ដោយ​សារ​មេរោគ​កូរ៉ូណា។

លោក Gan បាន​និយាយ​ថា សារព័ត៌មាន​របស់​លោកបាន​លុប​ចោល​យោបល់​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ទាក់ទង។

ក្រុម​ជំនុំជម្រះ​ដែល​កាត់ក្តី​លើ​ករណី​នេះ​បាន​និយាយ​ថា ពួកគេ​នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ពេល​ក្រោយ។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស លោក Gan អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ និង​ការ​បង់​ប្រាក់​ពិន័យ​ផង​ដែរ។​

លោក Daniel Bastard នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​ប្រាប់ VOA ថា «ករណី​នេះ​មិន​មាន​មូលដ្ឋាន​ទាល់​តែ​សោះ។ ច្បាស់​ណាស់​ វា​ជា​ការ​ប៉ុនប៉ង​បំភិតបំភ័យអ្នក​កាសែត»។

រឿង​ក្តី​នៅ​តុលាការ​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ប៉ូលិស​ម៉ាឡេស៊ី​បាន​សួរ​ចម្លើយ​អ្នក​កាសែត​អូស្ត្រាលី​៦រូប​នៅ​ក្នុង​ករណី​ផ្សេងៗ​គ្នា។ ពួកគេ​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​សារព័ត៌មាន Al Jazeera ដែល​ជា​បណ្តាញ​សារព័ត៌មាន​របស់​ប្រទេស​កាតា។ អ្នក​កាសែត​ទាំង​នោះ​បាន​ផ្សព្វផ្សាយ​បទ​យកការណ៍​មួយ​ដែល​មាន​រយៈពេល​២៥នាទី​ នៅ​ថ្ងៃទី៣ ខែកក្កដា។ បទ​យក​ការណ៍​នេះ​រៀបរាប់​លម្អិត​អំពី​គ្រោះថ្នាក់​សម្រាប់​ពលករ​ចំណាកស្រុក​ម៉ាឡេស៊ី​ក្នុង​ពេល​បិទ​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​ឆ្លង​រាតត្បាត។

ស្នងការ​ប៉ូលិស​ជាតិ​លោក Abdul Hamid Bador បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បទ​យកការណ៍​នោះ​មាន​សារ​ដែល​អាច​នឹង​ត្រូវ​ស៊ើបអង្កេត​ពី​បទ​បង្ក​ចលាចល បរិហារ​កេរ្តិ៍ និង​ការ​បំពាន​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​ចម្រុះ​និង​សារគមនាគមន៍​របស់ប្រទេស​ម៉ាឡេស៊ី។ លោក​បាន​និយាយ​ថា អ្នក​សារព័ត៌មាន​គឺ​ជា «សាក្សី មិន​មែន​ជន​សង្ស័យ» នោះ​ទេ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ។

នៅ​ក្នុង​សេចក្តីថ្លែង​កាលពី​ដើម​ខែ​កក្កដា សារព័ត៌មាន Al Jazeera បាន​រិះគន់​ត្រឡប់​ទៅ​វិញ​លើ​ការ​អះអាង​របស់​អាជ្ញាធរ​ដែល​ថា​ បទ​យក​ការណ៍​នោះ​ជា​ការ​បំភាន់។

សេចក្តីថ្លែងការណ៍​នោះ​សរសេរ​ថា «ក្រុម​មន្ត្រី​ម៉ាឡេស៊ី​បាន​រិះគន់​លើ​បទ​យក​ការណ៍​ថា មិន​ត្រឹមត្រូវ បំភាន់ និង​មិន​ស្មើភាព។ នៅ​ក្នុង​ពិភពលោក​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ជួប​នឹង​ការ​គំរាមកំហែង​កាន់​តែ​ច្រើន​ឡើង សារព័ត៌មាន Al Jazeera អំពាវនាវ​ឱ្យ​មាន​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ដោយ​សេរី មិន​មាន​ការ​បំភិតបំភ័យ»។

សម្ព័ន្ធ​សម្រាប់​សេរីភាព​អ្នក​កាសែត​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ករណី​របស់​សារព័ត៌មាន Al Jazeera «ទំនង​នឹង​កើត​ឡើង​បន្ទាប់​ពី​មាន​និន្នាការ​ដែល​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ទៅៗ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នៅ​ក្នុង​ប្រទេស​នេះ រដ្ឋាភិបាល​បាន​យក​សារព័ត៌មាន​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ជា​គោលដៅ»។

ប្រទេស​ម៉ាឡេស៊ី​កំពុង​ស្ថិត​នៅ​ចំណុច​ផ្លូវ​បំបែក​ទាក់ទង​នឹង​ទង្វើ​របស់​ខ្លួន​ចំពោះ​សារព័ត៌មាន។ បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ជា​លើក​ទី១ក្នុង​រយៈពេល​៦​ទសវត្សរ៍​នៅ​ក្នុង​ឆ្នាំ២០១៨ លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ភ្លាមៗ​ ដែល​រួម​មាន​ការ​លុបចោល​ច្បាប់​ស្តីពី «ព័ត៌មាន​ក្លែងក្លាយ» ដែល​អាច​យក​អ្នក​កាសែត​ធ្វើ​ជា​គោលដៅ។

លោក Gan បាន​និយាយ​ថា ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កំណែ​ទម្រង់​និយម បណ្តាញ​សារព័ត៌មាន​មួយ​ក្រុម​ ដែល​ដឹកនាំ​ដោយ​សារព័ត៌មាន Malaysiakini បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​មាន​ក្រុមប្រឹក្សា​បញ្ញត្តិករ​ឯករាជ្យ​ដែល​អាច​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ។ ​

ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ចំណាត់ថ្នាក់​២២លេខ​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ២០២០ របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ទៅ​ដល់​លេខ​១០១។ នេះ​ជា​ការ​រីកចម្រើន​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០​ដែល​ត្រូវ​បាន​ផ្តល់​ចំណាត់ថ្នាក់។ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប៉ារីស​មួយ​នេះ​បាន​សរសេរ​ថា «បរិយាកាស​ទូទៅ​សម្រាប់​អ្នក​កាសែត​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ហើយ​ការ​រឹតត្បិត​ខ្លឹមសារ​ដោយ​ខ្លួន​ឯង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ភ​ឥឡូវ​នេះ​កំពុង​ចេញ​ផ្សាយ​គំនិត​ដែល​មាន​តុល្យភាព​ជាង​មុន​កាន់​តែ​ច្រើន និង​ពេញលេញ»។

លោក Bastard បាន​និយាយ​ថា «ប្រទេស​ម៉ាឡេស៊ី​ពិត​ជា​បាន​បោះជំហាន​យ៉ាង​ល្អ​ ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន»។

លោក Gan បាន​និយាយ​ថា​ ប៉ុន្តែ​និន្នាការ​នេះ​បាន​ផ្លាស់ប្តូរ​ហើយ។ នៅ​ក្នុង​ខែកុម្ភៈ រដ្ឋាភិបាល​ចម្រុះ​ដែល​និយម​កំណែ​ទម្រង់​បាន​បាត់បង់​អំណាច នៅ​ពេល​ដែល​មាន​អ្នក​រត់​ចេញ​ពី​សម្ព័ន្ធ​ទៅ​ចូលរួម​កម្លាំង​ជាមួយ​នឹង​គណបក្ស​នាំ​មុខ​នៃ​រដ្ឋាភិបាល​មុន។ នៅ​ថ្ងៃទី១ ខែមីនា លោកMuhyiddin Yassin រដ្ឋមន្ត្រី​កិច្ចការ​មាតុភូមិ​ម៉ាឡេស៊ី​បាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុមប្រឹក្សា​សារព័ត៌មាន​ និង​កិច្ចប្រឹងប្រែង​ផ្សេង​ទៀត​ដើម្បី​ធានា​ដល់​ការ​ការពារ​សម្រាប់​អ្នក​កាសែត​ត្រូវ​បាន​គេ​ទុក​ចោល។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី លោក Gan ត្រូវ​បាន​ក្រសួង​មាតុភូមិ​កោះ​ហៅ​ជា​លើក​ទី១​ហើយ​សម្រាប់​សារព័ត៌មាន Malaysiakini ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៩៩។ លោក Gan បាន​និយាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ ក្រុម​មន្ត្រី​ម៉ាឡេស៊ី​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​អំពី​របាយការណ៍​មួយ​ចំនួន​ដែល​បោះពុម្ភ​ផ្សាយ​ដោយ​សារព័ត៌មាន​នេះ។

លោក Gan បាន​និយាយ​ពី​ប្រតិកម្ម​ដំបូង​របស់​លោក​ចំពោះ​កិច្ចប្រជុំ​នេះ​ថា «ខ្ញុំ​ដឹង​ថា វា​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ផ្លាស់ប្តូរ»។

លោកBastard បាន​និយាយ​ថា ច្បាប់​ម៉ាឡេស៊ី​ជាច្រើន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​គាបសង្កត់​លើ​សារព័ត៌មាន​នៅ​តែ​មាន។ ​នេះ​ជា​អ្វី​ដែល​ក្រុមប្រឹក្សា​សារព័ត៌មាន​ចង់​លុបចោល។

លោក Bastard បាន​និយាយ​ថា «[ច្បាប់] អាច​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បំភិតបំភ័យ​អ្នក​កាសែត គំរាម​ចាប់​ខ្លួន និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ស្រដៀង​ហ្នឹង»។​

VOA បាន​រាយការណ៍​នៅ​ក្នុង​ខែ​មិថុនា​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៨នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ ឬ​ត្រូវ​បាន​សួរ​ចម្លើយ​ចំពោះ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ ដែល​រិះគន់រដ្ឋាភិបាល​ថ្មី។

លោកGan នៅ​តែ​មាន​សង្ឃឹម​ថា សេរីភាព​សារព័ត៌មាន​នឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ ប៉ុន្តែ​លោក​បាន​និយាយ​ថា ដើម្បី​ឱ្យ​ការណ៍​នេះ​កើត​ឡើង ម៉ាឡេស៊ី​ទំនង​នឹង​ត្រូវ​ការ​រដ្ឋាភិបាល​កំណែ​ទម្រង់​និយម​មួយ​ទៀត។

នៅ​ពេល​ដែល​សារព័ត៌មាន​នេះ​ត្រូវ​បាន​បង្កើត «មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ»។ នៅ​ពេល​នេះ ជាង​២០ឆ្នាំ​ក្រោយ​មក​ «មនុស្សម្នា​ចាប់​ផ្តើម​មាន​អារម្មណ៍​ក្លាហាន»​ និយាយ​បញ្ចេញ​មតិ និង​ស្វែង​រក​ព័ត៌មាន ដោយសារ​តែ​មាន​ការ​បោះពុម្ភ​ផ្សាយ​របស់​សារព័ត៌មាន​ដូចជា Malaysiakini។

លោក Gan បាន​និយាយ​ថា «ខ្ញុំ​សង្ឃឹម​ថា នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​ម៉ាឡេស៊ី​ចង់​បាន។ ខ្ញុំ​តែងតែ​និយាយ​ថា សេរីភាព​សារព័ត៌មាន​គឺ​ដូចជា​បំពង់​ថ្នាំ​ដុស​ធ្មេញ​អ៊ីចឹង។ នៅ​ពេល​វា​ចេញ​មក​ក្រៅ យើង​ពិបាក​នឹង​ដាក់​វា​ចូល​ទៅ​វិញ​ណាស់»៕