នៅរៀងរាល់ម៉ោងប្រាំកន្លះល្ងាច រយៈពេល ៦ ថ្ងៃក្នុងមួយសប្ដាហ៍ ហាងបាយ Pit Stop Community Cafe ដែលស្ថិតនៅលើផ្លូវដ៏ស្ងប់ស្ងាត់មួយក្នុងកណ្ដាលទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តែងតែបើកទ្វារទទួលស្វាគមន៍ជនក្រីក្រមួយចំនួននៅក្នុងរដ្ឋធានីនេះ ដើម្បីផ្ដល់ម្ហូបអាហារជូនពួកគេដោយចិត្តស្មោះ នឹងឥតគិតថ្លៃ។
អ្នកទៅហាងបាយនោះជាប្រចាំមួយចំនួន ដែលពឹងពាក់លើកន្លែងនេះដើម្បីទទួលបានអាហារបរិភោគជារៀងរាល់ថ្ងៃ គឺរកចំណូលបានលើសពីលក្ខខណ្ឌកំណត់របស់រដ្ឋាភិបាលសម្រាប់ជនក្រីក្រ។
អ្នកជំនាញកាន់តែច្រើន ដែលភាគច្រើនមកពីអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បាននិយាយថា តួលេខផ្លូវការនៃជនក្រីក្រមិនបានបញ្ចូលមនុស្សរាប់លាននាក់ ដែលសមនឹងត្រូវបានចាត់ទុកជាជនក្រីក្រនៅស្ទើរតែគ្រប់កន្លែងផ្សេងទៀតនៅក្នុងប្រទេស ដែលករណីនេះធ្វើឲ្យពួកគេបាត់បង់ឱកាសទទួលបានជំនួយឧបត្ថម្ភសំខាន់ពីរដ្ឋ។
ដោយគ្រាន់តែធ្វើការកែប្រែបន្តិចបន្តួចទៅលើបន្ទាត់ភាពក្រីក្រផ្លូវការរបស់ខ្លួនចាប់តាំងពីទសវត្សរ៍ ១៩៧០ មក រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួនស្ទើរតែកម្ចាត់ភាពក្រីក្របានទាំងអស់ក្នុងចំណោមពលរដ្ឋចំនួន ៣២ លាននាក់ ហើយជាមួយនឹងកម្រិតភាពក្រីក្រត្រឹមតែ ០,៤ ភាគរយ ដែលម៉ាឡេស៊ីអះអាងដោយខ្លួនឯងនេះ ធ្វើឲ្យប្រទេសនេះមានអត្រាភាពក្រីក្រទាបជាងប្រទេសណាៗទាំងអស់ ដែលធនាគារពិភពលោកមានតួលេខ។ ប្រទេសថៃ ដែលជាប្រទេសជិតខាង អះអាងថា អត្រាភាពក្រីក្ររបស់ខ្លួនមាន ៨,៦ ភាគរយ។
ការច្រានចោលចុងក្រោយបង្អស់នៃតួលេខភាពក្រីក្ររបស់ម៉ាឡេស៊ីនេះ គឺធ្វើឡើងដោយលោក Philip Alston អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីភាពទីទ័លក្រ និងសិទ្ធិមនុស្ស។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃកាលពីខែសីហាមក លោក Alston បានសរសើររដ្ឋាភិបាលម៉ាឡេស៊ីអំពី «កិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា» នៅក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែលោកបានហៅបន្ទាត់ភាពក្រីក្រនៅក្នុងចំនួនប្រមាណ ២៣៤ ដុល្លារក្នុងមួយខែថាជា «រឿងគួរឲ្យអស់សំណើច»។ ចំនួននេះនឹងធ្វើឲ្យមនុស្សម្នាក់ក្នុងគ្រួសារដែលមានគ្នា ៤ នាក់ រកប្រាក់ចំណូលបានតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។
លោក Alston បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកូឡាឡាំពួរថា៖ «ការណ៍នេះមិនអាចទៅរួចនោះទេ លើកលែងតែក្រោមកាលៈទេសៈយ៉ាប់យ៉ឺនបំផុតប៉ុណ្ណោះ»។
លោកបានបន្ថែមថា ពលរដ្ឋម៉ាឡេស៊ីភាគច្រើន ដែលស្ថិតនៅលើបន្ទាត់ភាពក្រីក្រ «កំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង ដែលបើតាមស្តង់ដារអន្តរជាតិវិញ ពួកគេនឹងត្រូវគេចាត់ទុកថាជាជនក្រីក្រ»។
នៅក្នុងរបាយការណ៍មួយបន្ទាប់មក លោក Alston បាននិយាយថា បន្ទាត់ភាពក្រីក្រ «ដែលខុសពីការពិតខ្លាំង» របស់ប្រទេសម៉ាឡេស៊ីនេះ បានជំរុញឲ្យមានការយល់ខុសអំពីថាតើនរណាដែលអាចត្រូវចាត់ទុកថាជាជនក្រីក្រ ដែលករណីនេះបានធ្វើឲ្យប្រព័ន្ធរបបសន្តិសុខសង្គមទទួលបានប្រាក់ឧបត្ថម្ភមានកម្រិត និងមានបន្ទុកខ្លាំងហួសប្រមាណ។
លោកបានបន្តថា រដ្ឋាភិបាលម៉ាឡេស៊ីក៏បានបង្ហាញខុសពីការពិតនូវទិន្នន័យស្ទង់មតិអំពីគ្រួសារជនក្រីក្រ ដែលជាហេតុបណ្ដាលឲ្យបង្អាក់ដល់ការស្រាវជ្រាវដែលអាចជួយដោះស្រាយបញ្ហាបាន។
បន្ទាត់ភាពក្រីក្រមានគោលបំណងកំណត់ប្រាក់ចំណូលអប្បបរមាដែលមនុស្សម្នាក់ ឬក៏មួយគ្រួសារ អាចរកបាន ដើម្បីអាចបំពេញតម្រូវការមូលដ្ឋាននៃជីវិតប្រចាំថ្ងៃដូចជាម្ហូបអាហារ និងទីជម្រកជាដើម។
«មិនគ្រប់គ្រាន់»
ហាងបាយ Pit Stop នេះគឺជាហាងបាយសម្រាប់ជនក្រីក្រមួយក្នុងចំណោមផ្ទះបាយបែបនេះចំនួនរាប់សិបផ្សេងទៀតនៅទូទាំងរដ្ឋធានីប្រទេសម៉ាឡេស៊ី ដែលកំពុងនាំមុខនៅក្នុងការដោះស្រាយបញ្ហាភាពក្រីក្ររបស់ប្រទេសម៉ាឡេស៊ីនេះ ដោយសារតែបន្ទាត់នៃភាពក្រីក្រមិនត្រូវនឹងអ្វីជាការពិតនោះ។
អ្នកស្រី Joycelyn Lee ដែលជាសហស្ថាបនិកហាងបាយ Pit Stop នេះ បានប្រាប់ VOA ថា៖ «[ការផ្ដល់អាហារបែបនេះ] គឺមិនគ្រប់គ្រាន់នោះទេ»។ អ្នកស្រីថ្លែងដូច្នេះ មុនពេលអ្នកស្រីបិទទ្វារហាងប្រចាំថ្ងៃ ដែលនៅក្នុងហាងពោរពេញទៅដោយកៅអីរៀបបះជើងទៅលើ និងបន្លែសាច់គ្រឿងគ្រៅផ្សេងៗសម្រាប់ត្រៀមធ្វើម្ហូបអាហារទទួលជនក្រីក្រនៅថ្ងៃបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានេះដែរ អ្នកស្រីមិនច្បាស់ថាតើការដំឡើងបន្ទាត់ភាពក្រីក្រនេះនឹងអាចធ្វើឲ្យអ្វីៗប្រសើរឡើងនោះ។ ដូចលោក Alston និងអ្នកដទៃទៀតផងដែរ អ្នកស្រីនិយាយថា ភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាលនៅក្នុងការបញ្ចេញទិន្នន័យលម្អិតធ្វើឲ្យមានការលំបាកនៅក្នុងការដឹងអំពីផលវិបាកដែលអាចនឹងកើតមាននោះ។
អ្នកស្រីបញ្ជាក់ថា កង្វល់មួយរបស់អ្នកស្រីគឺថា ការដំឡើងបន្ទាត់ភាពក្រីក្រអាចជំរុញឲ្យមានអតិផរណា ដែលនឹងប៉ះពាល់ដល់មនុស្សគ្រប់រូប ជាពិសេសពលរដ្ឋក្រីក្រ។ អ្នកស្រីបានបន្ថែមថា កាលពីអតីតកាល រដ្ឋាភិបាលបានផ្សាភ្ជាប់បន្ទាត់ភាពក្រីក្រជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមា។ ដូច្នេះ ប្រសិនបើដំឡើងបន្ទាត់ភាពក្រីក្រ គឺត្រូវដំឡើងប្រាក់បៀវត្សរ៍អប្បបរមាដែរ។
អ្នកស្រី Andrea Tan ដែលជាសហស្ថាបនិកហាងបាយ Pit Stop នេះដែរ បាននិយាយថា៖ «នេះគឺជាបញ្ហាប្រទាំងប្រទើសផ្នែកនយោបាយ ដោយសារតែយើងនៅជាប្រទេសផលិតកម្មនៅឡើយ។
អ្នកស្រីបាននិយាយថា មន្ត្រីរដ្ឋាភិបាល «ព្រួយបារម្ភថា ប្រសិនបើអ្នកបង្កើនប្រាក់ឈ្នួលខ្ពស់គ្រប់គ្រាន់ រោងចក្រ និងក្រុមហ៊ុនជាច្រើននឹងរត់ចេញទៅរកកន្លែងដែលចំណាយទាបជាងនេះ ដូចជាប្រទេសវៀតណាមជាដើម»។
ស្របពេលនេះដែរ អ្នកស្រី Lee និងអ្នកស្រី Tan បានបញ្ជាក់ថា ក្រុមហ៊ុនបរទេស និងអ្នកប្រើប្រាស់គឺមានការទទួលខុសត្រូវច្រើនដូចរដ្ឋាភិបាលដែរចំពោះរឿងបន្ទាត់ភាពក្រីក្រ និងប្រាក់ឈ្នួលមិនស៊ីមេទ្រីគ្នានេះ។
ប្រសិនបើបន្ទាត់ភាពក្រីក្រ និងប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើង អ្នកស្រី Lee និយាយថា សាជីវកម្មពហុជាតិនឹងងាកទៅរកការឆ្លើយតបពីរដ្ឋាភិបាល «ហើយពួកគេនឹងគំរាមចាកចេញ [ពីប្រទេសម៉ាឡេស៊ី]»។
អ្នកស្រីនិយាយដូច្នេះថា៖ «បញ្ហានេះគឺជាបញ្ហាដ៏លំបាកមួយនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ តើអ្នកនឹងសម្រេចចិត្តបែបណា? តើក្រុមហ៊ុនទាំងនោះនឹងហ៊ានផ្ដល់ប្រាក់ឈ្នួលដល់កម្មករច្រើនជាងនេះទេ? តើអ្នកដែលទិញផលិតផលពីក្រុមហ៊ុនទាំងនោះនឹងហ៊ានចំណាយបន្ថែមទេ?»។
«អ្នកដែលរកបានចំណូលទាបចំនួន ៤០ ភាគរយ ដែលហៅថា B40»
លោក Christopher Choong Weng Wai អនុប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ Khazanah នៅប្រទេសម៉ាឡេស៊ី បញ្ជាក់ថា បន្ទាត់ភាពក្រីក្រគឺចាំបាច់ត្រូវដំឡើង ប្រសិនបើរដ្ឋាភិបាលចង់ប្រើប្រាស់វាដើម្បីផ្ដល់ជំនួយផ្នែកសង្គមឲ្យមានប្រសិទ្ធភាពជាងមុន។
ដោយសារតែអត្រាភាពក្រីក្រផ្លូវការរបស់ប្រទេសម៉ាឡេស៊ីមានកម្រិតទាបខ្លាំង រដ្ឋាភិបាលបានបង្វែរកិច្ចប្រឹងប្រែងផ្នែកជំនួយសង្គមរបស់ខ្លួនលើពលរដ្ឋចំនួន ៤០ ភាគរយ ដែលជាអ្នករកបានចំណូលទាប ដែលគេហៅថា B40។ អ្នករកបានចំណូលទាបទាំងនេះភាគច្រើន ជាផ្លូវការគឺមិនមែនជាជនក្រីក្រនោះទេ។
លោក Christopher Choong Weng Wai បាននិយាយថា៖ «បញ្ហាគឺថា ការផ្គត់ផ្គង់ថវិកាជាប្រាក់ឧបត្ថម្ភ និងជាប្រាក់ជំនួយសង្គមសម្រាប់ពលរដ្ឋក្នុងក្រុម B40 នេះ មិនបានដំឡើងតាមស្ថានការណ៍ជាក់ស្ដែងនោះទេ។ វាមិនមែនជាការផ្ដល់ឲ្យមានកម្រិតនោះទេ ប៉ុន្តែជាការពង្រីកការផ្ដល់ប្រាក់ឧបត្ថម្ភ និងជំនួយសង្គមទាំងនេះទៅកាន់ក្រុមគោលដៅដែលមានទំហំធំជាងនេះ។ ដូច្នេះ យើងឃើញថា ទំហំនៃការផ្តល់ឲ្យមានភាពល្អប្រសើរជាងមុន ប៉ុន្តែជម្រៅនៃការផ្ដល់ឲ្យនោះបានថយចុះទៅវិញ»។
នៅក្នុងរបាយការណ៍របស់លោក លោក Alston បានលើកឧទាហរណ៍ពីការផ្ទេរជាប្រាក់ដល់ពលរដ្ឋក្នុងក្រុម B40 នេះ។ លោកបាននិយាយថា ដោយសារតែការផ្ទេរប្រាក់នោះមានទៅដល់មនុស្សជាច្រើន «ប្រាក់ដែលផ្ដល់ឲ្យនោះគឺក្នុងកម្រិតតិចតួចបំផុត ដែលមិនអាចជួយអ្វីបានច្រើននោះទេ»។
របាយការណ៍មួយរបស់អង្គការ UNICEF នៅម៉ាឡេស៊ីដែលរៀបចំឡើងសម្រាប់លោក Alston កាលពីខែមិថុនា ក៏បានរកឃើញផងដែរថា ប្រព័ន្ធពន្ធដារ និងរបបសន្តិសុខសង្គម «ជាក់ស្ដែង មិនបានផ្ដល់ការចែកចាយស្មើភាពគ្នា និងមិនបានជួយកាត់បន្ថយភាពក្រីក្រនោះទេ»។
សំណួរគឺថាតើអត្រាភាពក្រីក្រពិតប្រាកដនៅម៉ាឡេស៊ីមានប៉ុន្មាន។
អ្នកស្រី Lee អ្នកស្រី Tan និងលោក Choong Weng Wai មានភាពប្រយ័ត្នប្រយែងនៅក្នុងការផ្ដល់ជាគំនិត ប្រសិនបើគ្មានទិន្នន័យ និងការស្រាវជ្រាវបន្ថែម។
ការសិក្សានាពេលថ្មីៗនេះរបស់លោក Martin Ravallion ដែលជាសេដ្ឋវិទូ និងជាអតីតប្រធាននាយកដ្ឋានស្រាវជ្រាវនៃធនាគារពិភពលោក បានរកឃើញថា នៅពេលដែលប្រៀបធៀបជាមួយនឹងប្រទេសដទៃទៀតដែលមានប្រាក់ចំណូលជាមធ្យមស្រដៀងនឹងប្រទេសម៉ាឡេស៊ី នោះមានប្រជាពលរដ្ឋប្រហែល ២០ ភាគរយ ឬ ៦ លាន ៤ សែននាក់ ដែលគួរតែត្រូវបានចាត់ទុកថាជាជនក្រីក្រ។
ការស្រាវជ្រាវរបស់ក្រុមហ៊ុន Khazanah បានរកឃើញថា ប្រសិនបើកំណត់បន្ទាត់ភាពក្រីក្រនៅត្រឹមកម្រិត ៦០ ភាគរយនៃប្រាក់ចំណូលមធ្យមរបស់ប្រទេសម៉ាឡេស៊ី នោះនឹងធ្វើឲ្យពលរដ្ឋម៉ាឡេស៊ីចំនួន ២២,២ ភាគរយស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រនេះ។
នៅពេលសុំសេចក្ដីអធិប្បាយពាក់ព័ន្ធនឹងការរិះគន់គ្រប់ទិសទីលើបន្ទាត់ភាពក្រីក្រនេះ ក្រសួងសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីស្នើឲ្យ VOA យោងទៅលើសេចក្ដីប្រកាសដែលខ្លួនបានចេញផ្សាយនៅក្នុងការឆ្លើយតបទៅនឹងការលើកឡើង និងរបាយការណ៍របស់លោក Alston។
នៅក្នុងសេចក្ដីប្រកាសនោះ ក្រសួងសេដ្ឋកិច្ចនេះប្រកាន់ជំហរតាមតួលេខរបស់ខ្លួន។ ក្រសួងនេះ បញ្ជាក់ថា តួលេខនោះបានមកដោយការប្រើប្រាស់នូវបទដ្ឋានដែលទទួលស្គាល់ដោយអន្តរជាតិ និងបានហៅការចោទប្រកាន់របស់លោក Alston ពីការបន្លំតួលេខភាពក្រីក្រនេះថា «ជាអ្វីដែលមិនអាចទទួលបានជាដាច់ខាត និងខ្វះការទទួលខុសត្រូវ»។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងនេះបានបន្ថែមថា ខ្លួនកំពុងតែពិនិត្យឡើងវិញអំពីវិធីដែលខ្លួនកំណត់អំពីបន្ទាត់ភាពក្រីក្រ ដើម្បីឲ្យស្របតាមការកើនឡើងនូវការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយខ្លួនក៏នឹងពិចារណាផងដែរលើកត្តាដទៃទៀតក្រៅពីប្រាក់ចំណូល៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា